អានតួអត្ថបទ
ហ្វីលីពីន-គ្រោះធម្មជាតិ

ហ្វីលីពីន៖ខ្យល់ព្យុះទីហ្វុងបានបង្ខំប្រជាជនជាច្រើនពាន់នាក់ឲ្យរត់ចោលផ្ទះសម្បែង

នៅ​ក្នុង​ប្រទេស​ហ្វីលីពីន ខ្យល់ព្យុះ​ទីហ្វុង​ឈ្មោះ​វ៉ុងហ្វុង​បាន​ជំរុញ​ប្រជាជន​ជា​ច្រើន​ពាន់នាក់​ឲ្យ​រត់​ចោល​ផ្ទះ​សម្បែង​ទៅ​កាន់​ទីជម្រក​បន្ទាន់​រៀប​ចំ​ដោយ​រដ្ឋអំណាច។ កោះ​សាម៉ារ​ស្ថិត​ប៉ែកកណ្តាល​ប្រទេស​ជា​អ្នក​ដែល​បាន​ទទួល​ឥទ្ធិពល​វ៉ុងហ្វុង​មុន​គេ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី១៤ ឧសភា​ដោយ​បាន​បំផ្លាញ​ផ្ទះប្រជាជន សាលារៀន ​កន្លែង​សម្រាប់​ដាក់​អ្នក​ជំងឺ​កូវីដ-១៩ និង​កន្លែង​សម្រាប់​ក្រុង​មនុស្ស​ដើម្បី​តាម​ដាន​រោគសញ្ញា​ជំងឺ​កូវីដ-១៩។ បន្ទាប់​មក​ក្នុង​ថ្ងៃ​សុក្រ ទី១៥ ឧសភា ខ្យល់ព្យុះ​ទីហ្វុង​ដដែល​នេះ​បាន​ប្រែ​ខ្លួន​ជា​ខ្យល់ព្យុះសង្ឃរា​ដោយ​បន្ត​ដំណើរ​ទៅ​កាន់​ទីក្រុង​ម៉ានីល​ប៉ែក​ខាងជើង។ គ្រោះថ្នាក់ធម្មជាតិ​មួយ​នេះ​បាន​បង្ក​ការ​លំបាក​ដល់​រដ្ឋាភិបាល​នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​នឹង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ-១៩។

នៅហ្វីលីពីន ខ្យល់ព្យុះទីហ្វុងបានបង្ខំប្រជាជនជាច្រើនពាន់នាក់ឲ្យរត់ចោលផ្ទះសម្បែង
នៅហ្វីលីពីន ខ្យល់ព្យុះទីហ្វុងបានបង្ខំប្រជាជនជាច្រើនពាន់នាក់ឲ្យរត់ចោលផ្ទះសម្បែង AFP
ផ្សាយពាណិជ្ជកម្ម

វត្តមាន​ខ្យល់ព្យុះ​វ៉ុងហ្វុង​ដែល​មាន​ល្បឿន​ដល់​ទៅ ១៩០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ជាមួយ​ភ្លៀង​ធ្លាក់​យ៉ាង​ច្រើន​បាន​កើត​មាន​ឡើង ខណៈ​ដែល​មាន​ពលរដ្ឋ​ហ្វីលីពីន​ជា​ច្រើន​លាននាក់​ត្រូវ​ស្ថិត​ក្នុង​ផ្ទះ​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ-១៩។ តែ​ឥទ្ធិពល​វ៉ុងហ្វុង​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី១៤ ឧសភា​បាន​បង្ខំ​ឲ្យ​ប្រជាជន​ជាង ១៤០ ០០០នាក់​រស់ក្នុង​តំបន់​ប៊ីកុល​រត់​ចេញ​ពី​ផ្ទះ​ទៅ​ជ្រកកោន​កន្លែង​ផ្សេង។ តែ​រដ្ឋអំណាច​ផ្នែក​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​ប្រកាស​ថា ប្រជាជន​រស់ក្នុង​តំបន់​ប៊ីកុល​បាន​វិល​ទៅ​ផ្ទះសម្បែង​របស់​ពួក​គេ​វិញ​នៅ​ថ្ងៃ​សុក្រ ទី១៥ ឧសភា​ដោយសារ​តែ​ពួក​គេ​បាន​រង​ផល​ប៉ះពាល់​តិច​ជាង​ប្រជាជន​រស់​នៅ​កោះ​សាម៉ារ។

 

ប៉ូលិស​ហ្វីលីពីន​បាន​ប្រាប់ AFP ពី​ការ​លំបាក​ក្នុង​ការ​គ្រប់គ្រង​ស្ថានការណ៍ ពិសេស​ត្រូវ​ប្រាប់​ប្រជាជន​ឲ្យ​ពាក់ម៉ាស និង​ឲ្យ​គោរព​គម្លាត​សុវត្ថិ​ដើម្បី​ការពារ​ការ​ឆ្លង​ជំងឺ​កូវីដ-១៩។ រដ្ឋអំណាច​បាន​ចែក​ម៉ាស​ឲ្យ​អ្នក​ដែល​គ្មាន​ម៉ាស និង​ចៀសវាង​មិន​បំបែក​សមាជិក​ក្នុង​គ្រួសារ​តែ​មួយ​ឲ្យ​នៅ​ដាច់​ពី​គ្នា។ ការ​លំបាក​មួយ​ទៀត គឺ​កង្វះ​ជម្រក​សម្រាប់​ដាក់​អ្នក​រងគ្រោះ​ដោយ​ខ្យល់ព្យុះ ព្រោះ​ជម្រក​ដែល​គ្រោង​ពី​មុន​ត្រូវ​បាន​រដ្ឋអំណាច​ប្រែ​ក្លាយ​ជា​កន្លែង​សម្រាប់​ព្យាបាល​អ្នក​ជំងឺ​កូវីដ-១៩ ឬ​សម្រាប់​ក្រុង​មនុស្ស​ដើម្បី​តាម​ដាន​រោគសញ្ញា​កូវីដ-១៩។ តើ​នឹង​ត្រូវ​ធ្វើ​ដូច​ម្តេច តើ​គេ​ត្រូវ​ប្តូរ​ពី​កន្លែង​សម្រាប់​ព្យាបាល​អ្នក​ជំងឺ​កូវីដ-១៩ ទៅ​ជា​ជម្រក​សម្រាប់​អ្នក​រងគ្រោះ​ដោយ​ខ្យល់ព្យុះ​វិញ ឬ ? នេះ​ជា​ការ​ចោទ​សួរ​របស់​ចៅហ្វាយ​ខេត្ត​សាម៉ារខាងកើត។

 

គួរ​បញ្ជាក់​ថា ប៉ែកកណ្តាល​ប្រទេស​ដែល​កំពុង​រងគ្រោះ​ដោយ​ខ្យល់ព្យុះ​វ៉ុងហ្វុង​ពេល​នេះ​មិន​សូវ​រងផល​ប៉ះពាល់​ខ្លាំង​ដោយ​ជំងឺ​កូវីដ-១៩ ទេ។ គិត​ត្រឹម​ថ្ងៃ​សុក្រ ទី១៥ ឧសភា ហ្វីលីពីន​មាន​អ្នក​ឈឺ​ជាង ១២ ០៩១នាក់ និង​ស្លាប់ ៨០៦នាក់។ ជំងឺ​ផ្លូវដង្ហើម​មួយ​នេះ​កំពុង​ប្រមូលផ្តុំ​ខ្លាំង​នៅ​ក្នុង​ទីក្រុង​ម៉ានីល​ដែល​មាន​មនុស្ស​រស់នៅ​ច្រើន និង​បាន​រង​ឥទ្ធិពល​ខ្យល់ព្យុះ​វ៉ុងហ្វុង​ក្នុង​ថ្ងៃ​សុក្រ ទី១៥ ឧសភា។ រដ្ឋអំណាច​បាន​ព្រមាន​ប្រាប់​អ្នក​ក្រុង​ម៉ានីល​ពី​ការ​ទៅ​ដល់​របស់​វ៉ុងហ្វុង តែ​មិន​បាន​បញ្ជា​ឲ្យ​ចាក​ចេញ​ពី​ផ្ទះសម្បែង​ឡើយ។ នៅ​មិន​ទាន់​មាន​ព័ត៌មាន​ស្តីពី​អ្នក​ស្លាប់​ទេ។ គួរ​រម្លឹក​ថា​ជា​មធ្យម​ក្នុង​១ឆ្នាំៗ ហ្វីលីពីន​បាន​រង​ការ​វាយប្រហារ​ដោយ​ខ្យល់ព្យុះ​ទីហ្វុង​ប្រមាណ​ជា ២០ដង ដោយ​បាន​សម្លាប់​មនុស្ស និង​បំផ្លាញ​ទ្រព្យសម្បត្តិ​យ៉ាង​ច្រើន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ