អានតួអត្ថបទ

ពលរដ្ឋតៃវ៉ាន់ច្រាលចោលសំណើទាំង ៤ ដែលស្នើនៅក្នុងការបោះឆ្នោតប្រជាមតិ

នៅ​ថ្ងៃ​សៅរ៍ ទី១៨ ធ្នូ រដ្ឋាភិបាល​តៃវ៉ាន់​បាន​ដាក់​សំណើ​ចំនួន ៤ ឲ្យ​ពលរដ្ឋ​បោះឆ្នោត​នៅ​ក្នុង​ការ​​បោះឆ្នោត​ប្រជាមតិ។ តែ​ទីបំផុត ពលរដ្ឋ​តៃវ៉ាន់​បាន​បោះឆ្នោត​មិន​ទទួល​យក​សំណើ​ទាំង ៤ របស់​រដ្ឋាភិបាល។ ការ​បោះឆ្នោត​ឆ្លើយ « ទេ » របស់​ពលរដ្ឋ​ពេល​នេះ​ជា​ជោគជ័យ​របស់​រដ្ឋាភិបាល និង​ជា​បរាជ័យ​របស់​គណបក្ស​ប្រឆាំង​ដែល​ចង់​ប្រើ​យន្តការ​បោះឆ្នោត​ប្រជាមតិ​ពេល​នេះ​ជា​ភស្តុតាង​នៃ​ការ​មិន​ទុក​ចិត្ត​របស់​ពលរដ្ឋ​ចំពោះ​រដ្ឋាភិបាល​សព្វថ្ងៃ​ដែល​មាន​និន្នាការ​ប្រឆាំង​ចិនដីគោក៕

ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី Tsai Ing-wen
ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី Tsai Ing-wen AP
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ការ​បោះឆ្នោត​ប្រជាមតិ​លើក​នេះ មាន​សំណើ​ចំនួន ៤ ដែល​រដ្ឋាភិបាល​ក្រុង​តៃប៉ិក​ចង់​បាន​ចម្លើយ​ពី​ពលរដ្ឋ ក្នុង​នោះ​មាន ៣សំខាន់។ សំណើ​ទី១ គឺ​ទាក់ទង​នឹង​ការ​ហាម​ការ​នាំ​ចូល​សាច់ជ្រូក​ដែល​មាន​ផ្ទុក​សារធាតុ​រ៉ាក់តូប៉ាមីន (ractopamine)។ សារធាតុ​មួយ​នេះ​ត្រូវ​បាន​ប្រើ​ច្រើន​នៅ​សហរដ្ឋអាមេរិក​ក្នុង​ការ​លាយ​ជាមួយ​ចំណី​សត្វ​ដើម្បី​ជួយ​ពន្លឿន​ការ​រីក​ធំធាត់​របស់​សត្វ។ ក្នុង​ឆ្នាំ ២០២០ រដ្ឋអំណាច​តៃវ៉ាន់​បាន​អនុញ្ញាត​ឲ្យ​នាំ​ចូល​សាច់ជ្រូក​ប្រភេទ​នេះ​ក្នុង​គោលដៅ​ជំរុញ​ឲ្យ​មាន​កិច្ចព្រមព្រៀង​ដោះដូរ​សេរី​ជាមួយ​សហរដ្ឋអាមេរិក។ តែ​គណបក្សប្រឆាំង​ចង់​ឲ្យ​មាន​ការ​ហាម​ឃាត់​ការ​នាំ​ចូល​សាច់ជ្រូក​ប្រភេទ​នេះ។ ទីបំផុត ពលរដ្ឋ​បាន​បោះឆ្នោត​គាំទ្រ​រដ្ឋាភិបាល។

សំណើ​ទី២ គឺ​ទាក់ទង​នឹង​ការ​ប្តូរ​ទីតាំង​សាងសង់​មជ្ឈមណ្ឌល​ឧស្ម័នហ្គាស​ដែល​ជា​ការ​ចង់​បាន​របស់​រដ្ឋាភិបាល​ដើម្បី​ប្រយោជន៍​បរិស្ថាន និង​ដែល​គណបក្សប្រឆាំង​មិន​ចង់​ឲ្យ​មាន​ការ​ប្តូរ​ទីតាំង​នោះ​ទេ។ ទីបំផុត ពលរដ្ឋ​តៃវ៉ាន់​បាន​បោះឆ្នោត​គាំទ្រ​ឲ្យ​មាន​ការ​ប្តូរ​តាម​ការ​ចង់​បាន​របស់​រដ្ឋាភិបាល។ សំណើ​ទី៣ ដែល​ជា​សំណើ​សំខាន​ចុង​ក្រោយ​ទាក់ទង​នឹង​ការ​ដាក់​ឲ្យ​ដំណើរ​ការ​ឡើង​វិញ​នូវ​មជ្ឈមណ្ឌល​នុយក្លែអ៊ែរ​មួយ ខណៈ​ដែល​រដ្ឋាភិបាល​បាន​សន្យា​បញ្ឈប់​ការ​ប្រើ​ភ្លើង​អគ្គិសនី​បាន​ពី​នុយក្លេអ៊ែរ។ សំណើ​នេះ​ក៏​ត្រូវ​បាន​ពលរដ្ឋ​បោះឆ្នោត​គាំទ្រ​រដ្ឋាភិបាល​ដោយ​មិន​យល់​ព្រម​ដាក់​ឲ្យ​ដំណើរការ​ឡើង​វិញ​នូវ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ។

សរុប​មក ពលរដ្ឋ​បាន​បោះឆ្នោត​ច្រានចោល​សំណើ​ទាំង ៤ ដូច​ដែល​រដ្ឋាភិបាល​ចង់​បាន។ តែ​គេ​បាន​សង្កេត​ឃើញ​ពី​អត្រា​អ្នក​ចូលរួម​បោះឆ្នោត​តិចតួច ព្រោះ​ដើម្បី​ឲ្យ​សេចក្តីសម្រេច​មួយ​អាច​ទទួល​យក​បាន​ពី​ការ​បោះឆ្នោត​ប្រជាមតិ គឺ​ត្រូវ​បាន​សំឡេង​ចូល​រួម​យ៉ាង​តិច ២៥% ពោល​ស្មើ​នឹង​ការ​ចូលរួម​របស់​អ្នក​បោះឆ្នោត​ប្រមាណ​ជា ៥លាននាក់។ តែ​ទីបំផុត ចំនួន​អ្នក​បោះឆ្នោត​ប្រឆាំង​មាន​ប្រមាណ​ជា ៤លាននាក់ ពោល​ច្រើន​ជាង​ឆ្ងាយ​អ្នក​បោះឆ្នោត​គាំទ្រ។ នេះ​ជា​បរាជ័យ​របស់​គណបក្ស​ប្រឆាំង​កូមីនតង់​ដែល​ចង់​ប្រើ​យន្តការ​បោះឆ្នោត​ប្រជាមតិ​ពេល​នេះ​ជា​ភស្តុតាង​នៃ​ការ​មិន​ទុក​ចិត្ត​របស់​ពលរដ្ឋ​ចំពោះ​រដ្ឋាភិបាល​សព្វថ្ងៃ​ដែល​មាន​និន្នាការ​ប្រឆាំង​នឹង​ចិនដីគោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ