អានតួអត្ថបទ
ជប៉ុន-ចិន-កីឡាអូឡាំពិក

ជប៉ុន​សម្រេច​មិន​បញ្ជូន​តំណាង​រដ្ឋាភិបាល​ទៅ​ចូល​រួម​កីឡា​អូឡាំពិក​រដូវ​រងារ​នៅ​ចិន

ដើម្បី​ឆ្លើយតប​នឹង​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​របស់​ចិន ​ប្រទេស​ជប៉ុន​បាន​សម្រេច​ថា​នឹង​មិន​បញ្ជូន​គណៈប្រតិភូតំណាង​រដ្ឋាភិបាល​របស់ខ្លួន​ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​រងារ​ឆ្នាំ២០២២ ​នៅទីក្រុង​ប៉េកាំង​ក្នុង​ខែកុម្ភៈ​ខាងមុខ​នោះទេ​។ វិធានការ​នេះ​ទំនង​ជានឹង​ធ្វើ​ឲ្យ​ទំនាក់​ទំនង​រវាង​ជប៉ុន​ជាមួយចិន​កាន់តែ​តានតឹង​ថែម​មួយ​កម្រិតទៀត​។

ជប៉ុននឹងមិនបញ្ជូនតំណាងរដ្ឋាភិបាលទៅចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារនៅក្រុងប៉េកាំងនាខែកម្ភៈ ឆ្នាំ២០២២។
ជប៉ុននឹងមិនបញ្ជូនតំណាងរដ្ឋាភិបាលទៅចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារនៅក្រុងប៉េកាំងនាខែកម្ភៈ ឆ្នាំ២០២២។ AP - Mark Schiefelbein
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​ជប៉ុន​មិន​បាន​បកស្រាយប្រាប់​នោះទេ​ថាតើ​ការសម្រេចចិត្ត​ថ្មីនេះ​គឺជា​ការធ្វើ​ពហិការ​ការទូត​ឬក៏អត់​។ ប៉ុន្តែ​ការ​សម្រេចចិត្ត​របស់ទីក្រុង​តូក្យូធ្វើឡើង​បន្ទាប់ពី​ការ​ធ្វើពហិការ​ការទូត​មួយ​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​ក្នុងកម្មវិធី​កីឡា​អូឡាំពិក​រដូវរងារ​ ដោយហេតុតែ​ព្រួយបារម្ភ​អំពី​បញ្ហា​សិទ្ធិមនុស្ស​នៅក្នុងប្រទេស​ចិន​។

អ្នកនាំ​ពាក្យរដ្ឋាភិបាល​ជប៉ុន​ លោក Hirokazu Matsuno និយាយថា​ជប៉ុន​គ្មាន​ផែនការ​បញ្ជូន​មន្ត្រី​របស់​ខ្លួន​ឲ្យ​ទៅ​ចូលរួម​ក្នុងព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា​នៅទីក្រុងប៉េកាំង​ នាខែកុម្ភៈខាងមុខនេះទេ​។ ហើយ​ក៏ដូច​សហគមន៍អន្តរជាតិដែរ​ជប៉ុនជឿថា​វាជា​រឿងមាន​សារៈសំខាន់​ដែល​ចិន​ត្រូវ​គោរព​សិទ្ធិមនុស្ស​។

បើតាម​អ្នកនាំពាក្យ​រដ្ឋាភិបាល​ជប៉ុន​ដដែលនេះ​ ការ​សម្រេច​ចិត្ត​មិនបញ្ជូន​តំណាង​ឲ្យទៅ​ចូលរួម​ក្នុងកម្មវិធីកីឡាអូឡាំពិក​រដូវរងារ​ត្រូវ​បាន​ធ្វើ​ឡើងក្រោម​ការ​ពិចារណាច្បាស់​លាស់គ្រប់​ជ្រុងជ្រោយ និងក្រោយជប៉ុន​បាន​ពិភាក្សា​គ្នាផងដែរ​ជាមួយ​ភាគី​ចិនលើ​បញ្ហា​សិទ្ធិ​មនុស្ស​។

យ៉ាងណាក៏ដោយ​ក្នុងស្មារតីកីឡានិងដើម្បីជាការគោរពដល់អត្តពលិក ប្រធាន​រៀបចំ​កីឡា​អូឡាំពិកតូក្យូ​ឆ្នាំ​ ២០២០​ អ្នកស្រី​សៃកូ​ ហាស្ហីម៉ូតុ​ (Seiko Hashimoto) និង​ប្រធាន​គណៈកម្មាធិការ​អូឡាំពិកជប៉ុន​លោក Yasuhiro Yamashita នឹងអញ្ជើញទៅ​ចូលរួម​ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា​នៅក្នុងរដ្ឋធានីរបស់​ប្រទេសចិន​។

គួររំឭកថា​នាពេលថ្មីៗនេះ សហរដ្ឋអាមេរិក អង់គ្លេស អូស្ត្រាលី និងកាណាដាបាន​ប្រកាស​ធ្វើពហិការពោះ​កីឡា​អូឡាំពិក​រដូវរងារនៅ​ក្រុង​ប៉េកាំងដើម្បីជាការ​ឆ្លើយតបនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរធ្វើឡើងដោយ​រដ្ឋាភិបាល​កុម្មុយនីស្តចិនទៅលើ​​ជនជាតិអ៊ុយហ្គួរនៅតំបន់ស៊ីនជាំង។ ការប្រកាសរបស់អាមេរិកនិងសម្ព័នមិត្ត​កាលណោះ បានបញ្ឆេះកំហឹងចិនជាខ្លាំង។

ស្រដៀងគ្នានេះដែរ គេជឿថា​ចិននឹងខឹងក្តៅស្លឹកត្រចៀកជាថ្មីចំពោះការ​សម្រេច​របស់​ជប៉ុន​មិនបញ្ជូនតំណាងរដ្ឋាភិបាលទៅចូលរួមកីឡាអូឡាំពិករដូវរងារ​ ហើយ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរដែលតានតឹងនឹងគ្នាស្រាប់នឹងកាន់តែតានតឹងឡើងទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ