អានតួអត្ថបទ
ចិន-អាមេរិក-កីឡា-សិទ្ធិមនុស្ស

ចិន​បរិហារ​អាមេរិក ដែល​ធ្វើ​ពហិការ​កីឡា​អូឡាំពិក​រដូវរងារ នៅ​ក្រុង​ប៉េកាំង

កាលពីថ្ងៃចន្ទ ទី​៦ធ្នូ សេតវិមាន​អាមេរិក បានប្រកាសថា គឺនឹងមិន​បញ្ជូន​មន្ត្រីទូត តំណាងរដ្ឋាភិបាល​អាមេរិក ឲ្យទៅចូលរួមជាផ្លូវការ នៅក្នុងការប្រកួត​កីឡាអូឡាំពិករដូវរងា នៅទីក្រុងប៉េកាំង នាខែកុម្ភៈខាងមុខនេះទេ។ ការសម្រេច​នេះ គឺដោយឈរលើមូលហេតុ នៃការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ធ្វើឡើងដោយ​រដ្ឋាភិបាល​កុម្មុយនីស្តចិន ទៅលើប្រជាជនអ៊ុយហ្គួរ នៅខេត្តស៊ីនជាំង។ ចិនបានឆ្លើយតបមកវិញ ដោយ​​បរិហារថា អាមេរិក​កំពុងតែ​បំពាន​​លក្ខណៈអព្យាក្រិត្យ នៃ​វិស័យ​កីឡាហើយ​។

បុគ្គលិកម្នាក់​ កំពុងបិទស្លាកសញ្ញា កីឡាអូឡាំពិករដូវរងារទីក្រុងប៉េកាំង ២០២២។ ប៉េកាំង ថ្ងៃទី ១៧ កញ្ញា ២០២១
បុគ្គលិកម្នាក់​ កំពុងបិទស្លាកសញ្ញា កីឡាអូឡាំពិករដូវរងារទីក្រុងប៉េកាំង ២០២២។ ប៉េកាំង ថ្ងៃទី ១៧ កញ្ញា ២០២១ AP - Mark Schiefelbein
ផ្សាយពាណិជ្ជកម្ម

ថ្លែងទៅកាន់អ្នកកាសែត លោក Ned Price អ្នកនាំពាក្យ​សេតវិមានអាមេរិក បានបញ្ជាក់ថា នៅក្នុង​ឱកាស ការប្រកួតកីឡាអូឡាំពិក​រដូវរវាង​ នៅក្រុង​ប៉េកាំង សហរដ្ឋអាមេរិក នឹងបញ្ជូនតែកីឡាករទៅចូលរួម​ប្រកួតតែប៉ុណ្ណោះ។ ចំណែក គណៈប្រតិភូអង្គទូត តំណាងរដ្ឋាភិបាល​ នឹងមិនទៅចូលរួមទេ។ ដោយឡែក ក្រុមកីឡាករអាមេរិកទាំង​អស់​ នឹងត្រូវអមដំណើរទៅ ដោយ​មន្ត្រីជំនាញរបស់រដ្ឋាភិបាល តែ​គឺ​ដើម្បីធានារៀបចំដំណើរការប្រព្រិត្តិឲ្យ​បានល្អ នៃការចូលរួម​ប្រកួតតែប៉ុណ្ណោះ។

លោកស្រី Jen Psaki អ្នកនាំពាក្យ​ម្នាក់ទៀត នៃសតវិមានអាមេរិក បាន​ពន្យល់ថា បើសហរដ្ឋអាមេរិកបញ្ជូន​តំណាងអង្គទូត និងរដ្ឋាភិបាលទៅចូលរួមជាផ្លូវការក្នុងកម្មវិធីនេះ វាហាក់ដូចជា សហរដ្ឋអាមេរិក មិន​ខ្វាយខ្វល់ ឬបិទភ្នែកធ្វើ​មិនឃើញ នូវ​អំពើរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ ដែលចិនបានធ្វើទៅលើ​ប្រជាជន​អ៊ុយហ្គួរ នៅខេត្តស៊ីនជាំង។

ក្រោយការប្រកាសធ្វើពហិការ ពីសំណាក់រដ្ឋាភិបាលអាមេរិកនេះ វិមាន​អេលីហ្សេបារាំង បានបញ្ជាក់ឲ្យដឹង នៅព្រឹកថ្ងៃអង្គារទី​៧ធ្នូថា គេកំពុងតែ​ពិចារណាលើរឿងនេះ ដោយ​ត្រូវស្វែងរកគោលជំហររួមមួយ ក្នុងក្របខណ្ឌសហភាពអឺរ៉ុបតែម្តង។ តំណាងរដ្ឋាភិបាលបារាំង អះអាងថា រឿងរំលោភសិទ្ធិមនុស្សនៅចិន គឺជាបញ្ហាដែល​បារាំង តាមដានយកចិត្តទុកដាក់បំផុត។

ដោយឡែក រដ្ឋាភិបាល​ណូវែលហ្សេឡង់ បានប្រកាសថា គេក៏នឹងមិន​បញ្ជូន មន្ត្រីទូតតំណាងរដ្ឋាភិបាលផ្លូវការ ទៅចូលរួមនៅក្នុងឱកាសការ​ប្រកួតកីឡាអូឡាំពិក នៅក្រុងប៉េកាំងដែរ។ លោក Grant Robertson ឧបនាយករដ្ឋមន្ត្រីណូវែលហ្សេឡង់ បាន​បញ្ជាក់ថា ការសម្រេចនេះ គឺមិនមានអ្វីពាក់ព័ន្ធនឹង​សហរដ្ឋអាមេរិកទេ។ ណូវែលហ្សេឡង់ បានសម្រេចចិត្ត និង​បានជូនដំណឹងទៅភាគីចិន តាំងតែពីខែ​តុលាម្លេះ ដោយយោងលើហេតុផលជំងឺឆ្លងកូវីដ១៩។

បន្ទាប់ពីដឹងការប្រកាសធ្វើពហិការ ពីសំណាក់​សហរដ្ឋអាមេរិក លោក Zhao Lijian អ្នកនាំពាក្យ​ក្រសួងការ​បរទេសចិន បាន​បរិហារថា សហរដ្ឋកំពុងតែបំពាន​លើគោលការណ៍ អព្យាក្រិត្យភាព​ នៃវិស័យកីឡាហើយ។ វិស័យ​កីឡា គឺត្រូវនៅដាច់ដោយ​ឡែកពីបញ្ហានយោបាយ​។ អ្នកនាំពាក្យចិនរូបនេះ បាន​បន្ថែមថា ចេតនារបស់អាមេរិក ដែលមករំខានដំណើរការល្អនៃកីឡាអូឡាំពិករដូវរងារ​នៅ​ក្រុងប៉េកាំង គឺដោយ​ឈរលើអំណះអំណាងភូតកុហក និង​ការ​វិនិច្ឆ័យ​បែបមនោគមវិជ្ជា ដោយ​​គ្មាន​ភស្តុតាង។

ដោយឡែក គណកម្មាធិការអូឡាំពិកអន្តរជាតិ បាន​បញ្ជាក់​ប្រាប់អ្នកកាសែតថា គេគោរព និងគាំទ្រ​ចំពោះ​ការសម្រេចចិត្ត ដែលមានលក្ខណៈនយោបាយ របស់រដ្ឋាភិបាលអាមេរិក។ អ្វីដែលសំខាន់ គឺការសម្រេចចិត្តនេះ វាមិនបានប៉ះពាល់ ទៅដល់ការបញ្ជូនកីឡាករ ឲ្យទៅចូលរួមប្រកួតនោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ