អានតួអត្ថបទ
អូឡាំពិក

លោក​ចូ បៃដិន ពិចារណា​ធ្វើពហិការ​ការទូត សម្រាប់​កីឡាអូឡាំពិក​រដូវត្រជាក់នៅប៉េកាំង

ប្រធានាធិបតីអាមេរិក លោក​ចូ បៃដិន បាននិយាយប្រាប់​អ្នកកាសែត នៅថ្ងៃ​ព្រហស្បតិ៍ទី ១៨ វិច្ឆិកា​ថា លោក​កំពុង​ពិចារណា​ធ្វើពហិការ​ការទូត សម្រាប់​ការប្រកួតកីឡាអូឡាំពិក​រដូវត្រជាក់ ដែលត្រូវ​ប្រព្រឹត្តទៅ នៅ​ឆ្នាំ ២០២២ នៅទីក្រុង​ប៉េកាំង។ នៅថ្ងៃ​សុក្រនេះ អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​ចិន បាន​ទាត់ចោល​ការគំរាមផ្នែកការទូត​របស់​ភាគីអាមេរិក ដោយ​ថា ការលាយឡំគ្នា​រវាង​កីឡា និង​រឿងនយោបាយ គឺ​ជាការផ្ទុយ នឹង​ស្មារតី​កីឡាអូឡាំពិក។

Sochi Olympics gold medalist in 1000m speed skating, Zhang Hong of China attends a media briefing on Beijing’s bid for the 2022 Winter Olympics Games with Chinese officials, at the Beijing Olympics Headquarters in Beijing, China Wednesday, July 30, 2014. The Kazakh city of Almaty, Beijing and Oslo made the list of finalists in the race for the 2022 Winter Olympics Games. (AP Photo/Andy Wong)
Sochi Olympics gold medalist in 1000m speed skating, Zhang Hong of China attends a media briefing on Beijing’s bid for the 2022 Winter Olympics Games with Chinese officials, at the Beijing Olympics Headquarters in Beijing, China Wednesday, July 30, 2014. The Kazakh city of Almaty, Beijing and Oslo made the list of finalists in the race for the 2022 Winter Olympics Games. (AP Photo/Andy Wong) © APAP Photo/Andy Wong)
ផ្សាយពាណិជ្ជកម្ម

រងការដាក់សម្ពាធ​ពីអ្នកនយោបាយ​ក្នុងស្រុក និងការសួរដេញដោល​របស់​អ្នកកាសែត ប្រធានាធិបតីអាមេរិក លោក​ចូ បៃដិន​បាន​និយាយ​កាលពីថ្ងៃព្រហស្បតិ៍ថា លោក​កំពុង​ពិចារណា ធ្វើពហិកា​រការទូត សម្រាប់​ការប្រកួតកីឡាអូឡាំពិក​រដូវត្រជាក់ នៅទីក្រុង​ប៉េកាំង។

ដោយចោទប្រកាន់រដ្ឋអំណាច​ប៉េកាំង​ថា បាន​រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ជាពិសេស​ធ្វើបាប គាបសង្កត់ ជនជាតិ​អ៊ុយហ្គួរ​នៅខេត្តស៊ីនជាំង អង្គការ​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ ជាច្រើន​បានអំពាវនាវ​ឲ្យគេ​ធ្វើ​ពហិការ មិនទៅចូលរួម​ក្នុងការប្រកួតកីឡាអូឡាំពិក រដូវត្រជាក់ ដែលត្រូវ​ប្រព្រឹត្ត​ទៅពីថ្ងៃទី ៤ ដល់ថ្ងៃទី​២០​កុម្ភៈ ឆ្នាំ​២០២២។

រហូតមក ប្រធានាធិបតី​អាមេរិក​នៅរារែក មិនទាន់​បញ្ជាក់ជំហរ​ណាមួយ ដោយ​អះអាងថា លោក​ចង់​ពិភាក្សា ជាមួយ​ប្រទេស​សម្ព័ន្ធមិត្ត ដើម្បី​ដាក់សម្ពាធរួមគ្នា​លើ​ទីក្រុង​ប៉េកាំង ដែល​ប្រទេស​លោក​ខាងលិច​ចោទប្រកាន់​រំលោភ​សិទ្ធិមនុស្ស​ និងសម្លាប់ប្រល័យពូជសាសន៍​លើជនជាតិ​អ៊ុយហ្គួរ នៅ​ខេត្ត​ស៊ីនជាំង។

ប៉ុន្តែ នៅពេល​ការប្រកួតកីឡាអូឡាំពិក​រដូវត្រជាក់ ដែល​ខិតចូល​មកដល់ គេ​រំពឹងថា លោក​ចូ បៃដិន នឹងសម្រេចចិត្ត ក្នុងពេល​ឆាប់ៗ​ខាងមុខ។ កាសែត​Washington Post បានចុះផ្សាយ​នៅថ្ងៃ​អង្គារ​កន្លងទៅថា លោក​ចូ បៃដិន  នឹងអាច​សម្រេចចិត្ត​ នៅ​ចុងខែ​វិច្ឆិកានេះថា តើ​ធ្វើ​ពហិការការទូត ទៅតាម​ការស្នើរបស់​ទីប្រឹក្សា​របស់​លោក​ដែរឬទេ។

ពហិកា​រការទូត​មានន័យថា អាមេរិក​នឹង​មិន​បញ្ជូន​មន្រ្តីរដ្ឋាភិបាល​ឲ្យទៅតំណាងអាមេរិក នៅក្នុងការប្រកួតកីឡាអូឡាំពិក ប៉ុន្តែ កីឡាករ​អាមេរិក​នៅតែ​អាច​ចូលរួមបានធម្មតា។

ពហិកា​រការទូតក្នុងការប្រកួតកីឡាអូឡាំពិកនៅទីក្រុង​ប៉េកាំង​ត្រូវ​បាន​ប្រធាន​សភាអ្នកតំណាងរាស្រ្ត​អាមេរិក លោកស្រី ណាន់ស៊ី ប៉េឡូស៊ី​ស្នើឡើង​តាំងពីខែឧសភាមកម្ល៉េះ។ សមាជិកព្រឹទ្ធសភា​មកពីគណបក្ស​សាធារណរដ្ឋវិញ បានទាមទារ​ឲ្យ​អាមេរិក​ដកខ្លួនទាំងស្រុង ពីការប្រកួតកីឡាអូឡាំពិករដូវត្រជាក់នៅទីក្រុង​ប៉េកាំង។ អ្នកតំណាងរាស្រ្ត​លោក​Mike Waltz នៅ​បាន​រិះគន់ គណៈកម្មការអូឡាំពិកអន្តរជាតិ ដែលស្ពឹកស្រពន់ គ្មានចាត់វិធានការអ្វី បន្ទាប់ពី​កីឡាការនី តេនីសចិន Peng Shuai បាន​បាត់ខ្លួន នៅក្រោយ ចេញមុខ​ចោទប្រកាន់​អតីត​ឧបនាយករដ្ឋមន្រ្តីចិន ពីបទរំលោភផ្លូវភេទ។

ពីទីក្រុង​ប៉េកាំង ក្រសួងការបរទេស​ចិន​បាន​ប្រតិកម្ម​ខ្លាំង​ទៅនឹង​ការគំរាមធ្វើ​ពហិការ​ការទូត របស់អាមេរិក។ សម្រាប់​អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​ចិន ការយករឿងនយោបាយ​មកលាយឡំជាមួយ​កីឡា គឺ​ខុសផ្ទុយ​នឹង​ស្មារតី កីឡាអូឡាំពិក។ មួយវិញទៀត ការចោទប្រកាន់​របស់អាមេរិក​ដែល​ថា ចិន​បានរំលោភសិទ្ធមនុស្ស គឺ​ធ្វើឡើង​ដោយ​គ្មាន​មូលដ្ឋាន អ្វីទាំងអស់។ ប៉េកាំង​បានអះអាងថា បានបង្កើត​មណ្ឌលសម្រាប់​បណ្តុះបណ្តាល​វិជ្ជាជីវៈដល់​ជនជាតិអ៊ុយហ្គួរ ប៉ុន្តែ មិនមែន​កន្លែងឃុំឃាំង​ធ្វើបាប គាបសង្កត់ជនជាតិ​អ៊ុយហ្គួរ ដូចការចោទប្រកាន់​របស់​ប្រទេស​លោកខាងលិចនោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ