អានតួអត្ថបទ
ឥណ្ឌូណេស៊ី-ជនភៀសខ្លួន-រ៉ូហ៊ីងយ៉ា

ឥណ្ឌូណេស៊ី​ព្រម​ទទួល​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​​ក្រោយ​ផ្ទុះ​ការ​តវ៉ា​ខ្លាំង

ប្រទេស​ឥណ្ឌូណេស៊ី​បាន​ប្រកាស​នៅថ្ងៃពុធ​ ទី២៩​ ធ្នូ​ថា​នឹង​អនុញ្ញាត​ឲ្យ​ទូក​ដឹក​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ជាង​១០០​នាក់​ចូល​ចត​លើ​ដី​ច្រាំង​របស់​ខ្លួន​។ សេចក្តី​ប្រកាស​នេះ​ធ្លាក់​មក​បន្ទាប់​ពី​មាន​ការ​តវ៉ា​ជាច្រើន​ពី​ប្រជាជន​ក្នុង​ស្រុក​និង​ពីសហគមន៍​អន្តរជាតិ​ ចំពោះ​ផែនការ​របស់​អាជ្ញាធរ​ឥណ្ឌូណេស៊ី​ ដែល​ជំរុញ​ឲ្យ​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ធ្វើ​ដំណើរ​តាម​ទូក​ទៅ​កាន់​ដែន​ទឹក​ម៉ាឡេស៊ី​វិញ​។

ក្រោយផ្ទុះការតវ៉ាខ្លាំង នៅថ្ងៃពុធ ទី២៩ ធ្នូ ឆ្នាំ២០២១ ឥណ្ឌូណេស៊ី ប្រកាសព្រមទទួលទូករបស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាវិញ។
ក្រោយផ្ទុះការតវ៉ាខ្លាំង នៅថ្ងៃពុធ ទី២៩ ធ្នូ ឆ្នាំ២០២១ ឥណ្ឌូណេស៊ី ប្រកាសព្រមទទួលទូករបស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាវិញ។ STR AFP
ផ្សាយពាណិជ្ជកម្ម

ក្រោយ​ជួប​ប្រជុំ​គ្នា​ពេញ​មួយ​ថ្ងៃពុធ​ម្សិលមិញ​ ​មន្ត្រីឥណ្ឌូណេស៊ី​នៅ​ក្រុង​ឆ្នេរ​ប៊ីរឿន​ (Bireun) ​នៃ​ខេត្ត​​អាឆេ​បាន​សម្រេច​ផ្លាស់ប្តូរ​ចិត្ត​បែរ​មក​អនុញ្ញាត​ឲ្យ​ទូក​ដឹក​​ជនភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ចូល​ចត​ច្រាំង​ក្រោម​ហេតុផល​មនុស្សធម៌​។

លោក អាម៉េដ​ វីចាយ៉ា​ (Armed Wijaya) ប្រធាន​ក្រុម​ការងារជាតិ​ឥណ្ឌូណេស៊ី​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​និយាយថា​ការសម្រេចថ្មីនេះធ្វើឡើង​បន្ទាប់ពី​បាន​ពិចារណា​ពី​ស្ថានភាព​ដែល​ត្រូវ​ការ​ជំនួយ​សង្គ្រោះ​បន្ទាន់​របស់​ជនភៀសខ្លួន​នៅលើទូក​ឈើនោះ​។

ទូក​ជនជាតិ​រ៉ូហ៊ីងយ៉ា​ ឥឡូវនេះ​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​ជា​ ៨០គីឡូម៉ែត្រ​ពីក្រុង​ប៊ីរឿន​ហើយ​នឹង​ត្រូវ​សង្គ្រោះ​ឲ្យ​ឡើង​លើ​ច្រាំង​។ បើ​តាម​មន្ត្រី​ឥណ្ឌូណេស៊ី​ដដែល​ ដោយសារ​ពេលនេះ​ស្ថិតក្នុង​កាលៈ​ទេសៈ​កូវីដ​ ជនភៀសខ្លួនទាំងអស់​នឹង​ទទួល​ការ​ពិនិត្យសុខភាព​ហើយ​ក្រុមការងារ​ឥណ្ឌូណេស៊ី​នឹងធ្វើការសម្របសម្រួលជាមួយ​ភាគីពាក់ព័ន្ធ​ដើម្បី​ផ្តល់​ទីជម្រក​ និង​ជំនួយផ្គត់ផ្គង់​សម្រាប់​ពួកគេ​។

គួរបញ្ជាក់ថា​ អាជ្ញាធរ​ឥណ្ឌូណេស៊ី​បាន​ប្រទះឃើញ​ទូកឈើ​ដឹក​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ដំបូង​កាលពី​ដើម​សប្តាហ៍នេះ​។ ក្រោយ​មាន​បញ្ហាម៉ាស៊ីន​ ទូក​ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា​បាន​ជាប់​គាំង​នៅចម្ងាយ​ប្រមាណ​ ១២៩គីឡូម៉ែតពី​ឆ្នេរ​សមុទ្រ​ឥណ្ឌូណេស៊ី​។

កាលពីថ្ងៃអង្គារ​ អាជ្ញាធរឥណ្ឌូណេស៊ីមិន​អនុញ្ញាត​ឲ្យ​ទូក​របស់​ជនភៀស​ចូលចត​នោះទេ ហើយ​ក្រោយ​ពី​បាន​ផ្តល់​ជំនួយ​ផ្គត់ផ្គង់​ សម្លៀក​បំពាក់​ ប្រេងឥន្ធនៈ​ និងក្រោយបាន​ជួយ​ជួស​ជុល​​ទូក​ដែល​ខូច​រួច​មក ឥណ្ឌូណេស៊ី​បាន​ព្យាយាម​ជំរុញ​ក្រុម​ជនភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ឲ្យធ្វើ​ដំណើរ​ចូល​ទៅ​ដែន​ទឹក​ប្រទេស​ជិតខាង​ម៉ាឡេស៊ី​វិញ​។

យ៉ាងណាក៏ដោយក្រោយ​មាន​ការ​តវ៉ា​ផ្ទុះឡើង​ទាំងពី​ប្រជាជនក្នុង​ស្រុក​និងពី​សហគមន៍​អន្តរជាតិ​ផងនោះ​ រដ្ឋអំណាច​ឥណ្ឌូណេស៊ី​ក៏សម្រេច​ព្រមទទួលយក​ជនភៀសខ្ឡួន​រ៉ូហ៊ីយ៉ាង​​សរុប​ប្រមាណ ១២០នាក់ដែល​ភាគច្រើន​ជាស្ត្រីនិងកុមារ​។ ប្រជាជនខេត្តអាឆេម្នាក់​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP​ ថា​ប្រជាជន​ខេត្តអាឆេ​នេះ​ធ្លាប់ឆ្លងកាត់បទពិសោធន៍​ដូចគ្នានឹង​ជនជាតិ​រ៉ូហ៊ីងយ៉ាដែរ។ ក្នុង​ពេល​ស្រុកទេស​មាន​ជម្លោះ​ ពួកគេ​បាន​ប្រថុយ​ប្រថាន​​ជីវិត​រត់​ភៀសខ្លួន​​ឆ្លង​កាត់​សមុទ្រ​ដ៏ធំល្វឹងល្វើយ​ ហើយត្រូវ​បានជួយ​ដោយមនុស្ស​មកពី​ប្រទេសផ្សេងៗ​ដូចជា​ម៉ាឡេស៊ី​ និងអូស្ត្រាលី​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ