អានតួអត្ថបទ
ឥណ្ឌូណេស៊ី

ឥណ្ឌូណេស៊ី​ស្រង់ជនភៀសខ្លួន​បាន​ជិត​៥០០​នាក់

ជន​ភៀសខ្លួន​រត់​តាម​ទូក​ប្រមាណ​ជិត​៥០០​នាក់ មក​ពី​ភូមា និង​បង់ក្លាដែស បាន​ធ្វើ​ដំណើរ​មក​ដល់​ដែន​សមុទ្ទ​ឥណ្ឌូណេស៊ី និង​ត្រូវ​បាន​អាជ្ញាធរ​សង្គ្រោះ​ទាន់​ពេល​វេលា។ នេះ​បើ​តាម​ការប្រកាស​របស់អ្នក​ទទួល​ខុស​ត្រូវឥណ្ឌូណេស៊ី ដែល​បាន​ទទួល​ដំណឹង​ពី​ក្រុម​អ្នក​នេសាទ ពេល​ឃើញមាន​ទូក​អណ្តែត​ឃ្លេងឃ្លោង​កណ្តាល​សមុទ្ទ។

ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា នៅ​ក្នុង​មណ្ឌល​ឃុំឃាំង
ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា នៅ​ក្នុង​មណ្ឌល​ឃុំឃាំង © Reuters
ផ្សាយពាណិជ្ជកម្ម

ខ្លះ​ជា​ជនជាតិ​រ៉ូហ៊ីងយ៉ា ខ្លះ​ជា​ជនជាតិ​បង់ក្លាដែស ប៉ុន្តែ​សម្រាប់​ឥណ្ឌូណេស៊ី គឺ​ឈ្មោះ​តែ​មួយ​ដូច​គ្នា។ មាន​ប្រុស មាន​ស្រី​និង​ក្មេងៗ ក្រុម​ជន​ភៀស​ខ្លួន​តាម​ទូក​ទាំង​អស់​នេះ ត្រូវ​បាន​អាជ្ញាធរ​ឥណ្ឌូណេស៊ី បញ្ជូន​ទៅ​កាន់​មណ្ឌល​ឃុំឃាំង​ របស់​ខេត្ត​អាឆេ ដើម្បី​ឱ្យ​ប៉ូលិស និង​ភ្នាក់ងារ​អន្តោប្រវេសន៍​ សិក្សា​សំណុំ​ឯកសារ​ និង​មូលហេតុ​នៃ​ការ​រត់ភៀស​ខ្លួន។ ក្នុង​ចំណោម​នោះ​មាន​ស្ត្រី​៨៣​នាក់​និង​កុមារ ៤១​នាក់ ដែល​ភាគ​ច្រើន​ មាន​សុខភាព​មិន​ល្អ ត្រូវ​ការ​ជា​ចាំបាច់​ការ​ព្យាបាល។

 

ទូក​ដឹកជន​ភៀសខ្លួនមួយ​ក្រុម​​នេះ មាន​ទិស​ដៅ​នាំ​ទៅ​កាន់​​ម៉ាឡេស៊ី។ ប៉ុន្តែ​នៅ​ពេល​​ឃើញ​​ឆ្នេរ​លឹមៗ​ មេខ្យល់​គិត​ស្មាន​ថា​បាន​ដល់​ទីកំណត់​ហើយ ​ទើបបញ្ជា​ឱ្យ​ជន​ភៀស​ខ្លួន​ ហែល​ទឹក​ទៅ​រក​ឆ្នេរ ខ្លះ​ក៏​ធ្វើ​តាម​ តែ​តាមការពិត​គឺ​ជា​ឆ្នេរ​ឥណ្ឌូណេស៊ី​សោះ។ នេះ​​បើ​តាមការ​រៀប​រាប់​របស់​​ក្រុម​អ្នក​សង្គ្រោះ និង​ជន​ភៀស​ខ្លួន​ម្នាក់ ដែល​ចេះ​ភាសា​ម៉ាឡេស៊ី។

ក្នុង​មួយ​ឆ្នាំៗ មាន​ជនភៀសខ្លួន​ជា​ច្រើន​ពាន់​នាក់​ នាំ​គ្នា​សាក​ល្បង​រត់​​​ភៀស​ខ្លួន​ចេញ​ពី​តំបន់​ព្រំដែន​ភូមា និង​បង់ក្លាដែស ដើម្បី​គេច​ពីភាព​ក្រីក្រ និង​ការ​គាប​សង្កត់​ ចំពោះករណី​ជនជាតិ​រ៉ូហ៊ីងយ៉ាង​នៅ​ភូមា។ ជា​ទូទៅ​ ពួក​ឈ្មួញ​តែង​នាំ​ឆ្លង​កាត់​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ មុន​នឹង​ទៅ​ដល់​ម៉ាឡេស៊ី ឬ​ឥណ្ឌូណេស៊ី។ របាយការណ៍​របស់​ឧត្តម​ស្នងការ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​នៅ​ក្រុង​បាងកក បាន​​បង្ហាញ​ថា មាន​ជនជាតិ​រ៉ូហ៊ីងយ៉ា និង​បង់ក្លាដែស ​ប្រមាណ​២៥០០០​នាក់ តាម​រយៈ​មេខ្យល់​ បាន​សម្រេច​ចិត្ត​ធ្វើ​ដំណើរ​ផ្សង​ព្រេង​តាម​សមុទ្ទ​ នៅ​រវាង​ពី​ខែ​មករា ដល់​ខែ​មីនា ឆ្នាំ​២០១៥​នេះ ពោល​គឺ​កើន​ឡើង​ស្ទើរ​ទ្វេ​មួយ​ជា​ពីរ។

ការ​ជួយ​សង្គ្រោះ​ជនភៀស​ខ្លួន​តាម​ទូក ធ្លាក់​មក​ជួន​ចំពេល​ដែល​អាជ្ញាធរសឹក​​ក្រុង​បាង​កក ទើប​តែ​ស្នើ​សុំ​រៀប​ចំ​កិច្ច​ប្រជុំ​ត្រីភាគី​ថៃ​ម៉ាឡេស៊ី​និង​ភូមា ដើម្បី​ទប់​ស្កាត់​ការ​ជួញ​ដូរ​មនុស្ស​ក្នុង​តំបន់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ