អានតួអត្ថបទ
ថៃ-ទេសចរណ៍-កូវីដ

កូវីដ១៩ ៖ ថៃ​គ្រោង​យកពន្ធ​ ​ពី​ទេសចរ​បរទេស ចាប់​ពី​ខែ​មេសា​ទៅ

៣០០​បាត (៩ដុល្លារ) នេះ​ជា​តម្លៃពន្ធ​ ដែល​រដ្ឋាភិបាល​ថៃ​គ្រោង​នឹង​តម្រូវ​ឱ្យ​ទេសចរ​បរទេស​បង់​ បន្ថែម​នៅ​ពេលទិញ​​សំបុត្រយន្តហោះ​​ចូល​មក​លេង​ថៃ។ បើ​តាម​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល ថៃ​ចាប់​យក​ពន្ធថ្មី​នេះ ចាប់​ពី​ខែ​មេសា​២០២២​តទៅ និង​ដោយ​មាន​កម្មវត្ថុ​ចម្បងពីរ គឺ ​ទុក​សម្រាប់​ចំណាយ​លើការអភិវឌ្ឍ​មណ្ឌល​ទេសចរណ៍​តាម​មូលដ្ឋាន និង​ទុក​សម្រាប់​ជួយ​ចេញ​ថ្លៃ​ព្យាបាល​ជំងឺ​ទេសចរ​បរទេស​ដែល​គ្មាន​បណ្ណ​ធានារ៉ាប់រង។

អាកាសយានដ្ឋាន​ក្រុង​បាងកក ថ្ងៃទី ១​ វិច្ឆិកា ២០២១
អាកាសយានដ្ឋាន​ក្រុង​បាងកក ថ្ងៃទី ១​ វិច្ឆិកា ២០២១ AP - Sakchai Lalit
ផ្សាយពាណិជ្ជកម្ម

​ប្រាក់​ពន្ធ​ប្រមូល​បាន​ពី​ទេសចរ​​នឹងក្លាយ​ទៅ​ជា​មូលនិធិ សម្រាប់​ជួយ​ព្យាបាល​ទេសចរ និង​សម្រាប់​យក​ទៅ​ចំណាយ​ក្នុង​ការ​អភិវឌ្ឍ​​ហេដ្ឋារចនា​សម្ព័ន្ធ​ទេស​ចរណ៍​ក្នុង​ស្រុក។ មាន​ករណី​ទេសចរបរទេស​ច្រើន ធ្លាក់​ខ្លួន​ឈឺ តែ​គ្មាន​បណ្ណ​ធានា​រ៉ាប់​រង និង​ក្លាយ​ជា​បន្ទុក​ដ៏​ធ្ងន់​ សម្រាប់​រដ្ឋាភិបាល​ក្នុង​ការ​ព្យាបាល​សង្គ្រោះ​ពួកគេ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​រដ្ឋាភិបាល សម្រេច យក​​ពន្ធ​ថ្មី មួយ​បន្ថែម​ទៀតពី​អ្នក​ទេសចរ នេះ​ឡើង។ នេះ​បើ​តាម​ការ​រៀប​រាប់​របស់​មន្ត្រី​ជាន់​ខ្ពស់​​នៃអាជ្ញាធរ​ទេសចរណ៍​ថៃ ដោយ​ពន្យល់​លម្អិត​ថា ការ​យកត​ពន្ធ​ ជា​​ផ្នែក​មួយ​នៃ​ផែនការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​យូរអង្វែង។

ចាប់​ពី​ខែ​មេសា​ទៅ ពន្ធ​ថ្មី​ ដែល​មាន​តម្លៃ​៣០០​បាត ឬ​ត្រូវ​ជា​ប្រមាណ​ ៩​ដុល្លារ​សហរដ្ឋ​អាមេរិក  នឹង​ក្លាយ​ជា​កាតព្វកិច្ច​ថ្មី បន្ថែម​ពី​លើ​វិធានការ​មួយ​ជម្លៀស​ធំ​ដែល​រដ្ឋាភិបាល​ដាក់​តម្រូវ​​លើ​អ្នក​ទេសចរបរទេស។ តាំង​ពី​ផ្ទុះ​កូវីដ​១៩មក ថៃ​តម្រូវ​ឱ្យ​ទេសចរ​បរទេស​ទាំង​អស់ ដែល​ចង់​មក​ទស្សនា​ប្រទេស​ថៃ បង់​ប្រាក់ជាមុន សម្រាប់​​ថ្លៃ​​ធ្វើ​តេស្ត​រកកូវីដ ថ្លៃ​ស្នាក់នៅក្នុង​សណ្ឋាគារ ឬ​ថ្លៃ កន្លែង​ជាប់​ចត្តាឡីស័ក និង​ត្រូវ​មាន​បណ្ណ​​ធានារ៉ាប់រង​ ដែល​អាច​សង​ថ្លៃព្យាបាល​ជំងឺ​​យ៉ាង​ហោច​ត្រឹម​​៥ម៉ឺន​ដុល្លារ។

ទេសចរ​បរទេស​ត្រូវ​បង់​ពន្ធ​ថ្មី នៅ​ពេល​ទិញ​សំបុត្រ​យន្តហោះ​។ ជាមួយ​នឹង​វិធានការ​ថ្មី តម្រូវ​ឱ្យ​បង់​ពន្ធថ្មីបន្ថែម​មួយ​ទៀតនេះ រដ្ឋាភិបាល​ថៃនឹង​​ប្រមូល​បាន​ប្រាក់​ចូល​ហិប​មូលនិធិ​ចំនួន ៨០០​ពាន់​លាន​បាត​ (២៤ពាន់​លាន​ដុល្លារ) ព្រោះ​រដ្ឋាភិបាលសង្ឃឹម​ថា​នឹង​មាន​ទេសចរ​បរទេស​ពី​៥ទៅ​១៥​លាន​នាក់​ មក​លេង​ថៃ​នៅ​ឆ្នាំ​២០២២។

ថៃ​ជា​ទិសដៅ​ទេសចរណ៍​ដ៏​ចំបង​ជាង​គេ​​នៅ​អាស៊ី និង​ធ្លាប់​ទទួល​ភ្ញៀវ​ទេសចរ​បរទេស​ដល់​ទៅ ៤០​លាន​នាក់​ ក្នុង​មួយ​ឆ្នាំ កាលពី​ឆ្នាំ​២០១៩។ ប៉ុន្តែ​ជំងឺ​រាតត្បាត​កូវីដ​១៩ បាន​វាយប្រហារ​វិស័យ​ទេសចរណ៍ ដែល​ជា​សរសរទ្រូង​សេដ្ឋកិច្ច​ជាតិ​ដ៏​សំខាន់ ​យ៉ាង​ដំណំ។ ចំនួន​អ្នក​មក​ទស្សនា​ប្រទេស​ថៃ​បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​តែ​ប្រមាណ​២​សែន​នាក់​ប៉ុណ្ណោះ កាលពី​ឆ្នាំ​២០២១។ មេរោគ​កូវីដ​បំប្លែង​ខ្លួន​ថ្មី អូមីក្រុង ដ៏​មហាឆ្លង និង​ឆ្លង​មហាលឿន​នៅលើពិភពលោក បាន​មក​បង្អាក់​កិច្ចខិត​ខំ​ប្រឹង​ប្រែង​ចុងក្រោយ​របស់​រដ្ឋាភិបាល​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ