អានតួអត្ថបទ
ថៃ-ទេសចរណ៍-កូវីដ

ថៃ​ចាប់​បើក​ទ្វារ​ទទួល​ភ្ញៀវ​ទេសចរ​ ដោយ​គ្មាន​ការ​ដាក់​កំហិត​ឲ្យ​ធ្វើ​ចត្តាឡីស័ក

ថ្ងៃចន្ទ​ ទី១​ វិច្ឆិកា​គឺជា​ថ្ងៃ​ដែល​ប្រទេស​ថៃ​ចាប់​ផ្តើម​បើក​ទ្វារ​ទទួល​ទេសចរ​បរទេស​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​ដោយ​គ្មាន​ការ​ដាក់​កំហិត​ឲ្យ​ធ្វើ​ចត្តាឡីស័ក​ឡើយ​។ នៅ​ថ្ងៃ​ចន្ទ​នេះ​ដែរ​ គេ​ឃើញ​ភ្ញៀវ​ទេសចរ​បរទេស​ជាច្រើន​បាន​ចាប់​ផ្តើម​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​បាងកក​ និង​ភូកេត​ដែល​ជាកោះ​ទេសចរណ៍​ដ៏ល្បាញល្បីមួយ​របស់​ថៃ​។

 ថៃរំពឹងថាព្រលានយន្តហោះសុវណ្ណភូមិរបស់ខ្លួននឹងទទួលបានអ្នកដំណើរចំនួនប្រមាណ ៣ ម៉ឺននាក់នៅថ្ងៃចន្ទ ១ វិច្ឆកា ឆ្នាំ២០២១នេះ។
ថៃរំពឹងថាព្រលានយន្តហោះសុវណ្ណភូមិរបស់ខ្លួននឹងទទួលបានអ្នកដំណើរចំនួនប្រមាណ ៣ ម៉ឺននាក់នៅថ្ងៃចន្ទ ១ វិច្ឆកា ឆ្នាំ២០២១នេះ។ Jack TAYLOR AFP
ផ្សាយពាណិជ្ជកម្ម

ប្រទេសថៃ​បាន​ចាប់ផ្តើម​បើកដំណើរ​ការឧស្សាហកម្ម​ទេសចរណ៍​របស់​ខ្លួនឡើងវិញ​ បន្ទាប់ពី​ជាប់គាំង​ដោយសារ​តែ​វិធានការ​ទប់ស្កាត់​កូវីដ​រយៈពេលប្រមាណជា ១៨ ខែរួចមក​។ ជំងឺ​កូវីដ​១៩ បាន​បង្កជា​ផលប៉ះពាល់​យ៉ាងខ្លាំងដល់​វិស័យ​ទេសចរណ៍​ដែលជា​សង្ហើម​សេដ្ឋកិច្ច​របស់​ថៃ​។ កាល​ពី​ឆ្នាំ​មុន​ វិស័យទេសចរណ៍ថៃបាន​ធ្លាក់​ចុះខ្លាំង​មិនធ្លាប់មាន​រហូតដល់ជាង ៨០%​ ចាប់តាំងពី​វិបត្តិ​ហិរញ្ញវត្ថុ​អាស៊ី​ឆ្នាំ១៩៩៧​មក។

ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ច​ក៏ដូចជា​វិស័យ​ទេសចរណ៍​ អាជ្ងាធរ​ថៃ​បាន​ប្រកាស​ផ្តល់​ភ្លើង​ខៀវ​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ទេសចរ​ដែល​បាន​ចាក់វ៉ាក់សាំង​រួចមកពី​ប្រទេស​មាន​ហានិភ័យ​ទាប​ចំនួន​ជាង ៦០​ ឲ្យ​អាច​ចូល​ប្រទេសថៃបាន​ដោយមិនចាំបាច់​ត្រូវធ្វើ​ចត្តាឡីស័ក​ឬ​នៅ​ដាច់ដោយឡែកពីគេ​ក្នុងសណ្ឋាគារ​ទៀតឡើយ​។

អាកាសយានដ្ឋាន​សុវណ្ណភូមិ​របស់ទីក្រុងបាងកក​ និង​ច្រក​ព្រលាន​អន្តរជាតិ​នៃ​កោះភូកេត​គឺជា​កន្លែង​ដំបូងគេបង្អស់​ដែល​ទទួលភ្ញៀវទេសចរ​នៅព្រឹកថ្ងៃចន្ទនេះ​។ គេសង្កេតឃើញថាដែរថា​ភាគ​ច្រើន​នៃ​អ្នក​ទេសចរ​គឺជាភ្ញៀវ​ដែល​មក​ពី​អឺរ៉ុបនិង​ត្រូវ​បាន​ទទួល​ស្វាគមន៍​យ៉ាង​រាក់ទាក់​។

ទេសចរ​បរទេស​បាន​សម្តែង​នូវ​ក្តីរីករាយ​ជាខ្លាំង​ដែល​ពួក​គេអាចធ្វើ​ដំណើរ​ចូល​ប្រទេស​ថៃ​ ដោយមិនចាំបាច់ត្រូវ​ជាប់កាតព្វកិច្ច​ធ្វើចត្តាឡីស័ក​។ ជាក់ស្តែង​ ភ្ញៀវទេសចរមកពី​អាល្លឺម៉ង់​ម្នាក់វ័យ ៥៥​ឆ្នាំ ឈ្មោះ Andre Winkler បានប្រាប់​ទីភ្នាក់​ងារព័ត៌មាន​ AFP ថា​លោក​ពិតជា​សប្បាយ​ចិត្ត​មែនទែន ដែលលោក​និង​ភរិយាអាច​មក​លេង​នៅទី​ក្រុង​បាងកក​វិញទៀតបាន​។

អ្នក​ទេសចររូបនេះ​បានឲ្យដឹងដែរថា​មុនផ្ទុះ​ជំងឺកូវីដ​ ក្នុងពេល​រដូវរងារ​ លោក​និង​ភរិយាតែង​មក​ស្នាក់​នៅ​ប្រទេសថៃ​រយៈពេល ៦ ខែជារៀងរាល់ឆ្នាំ​ដោយ​ហេតុថា​នៅប្រទេស​អាល្លឺម៉ង់អាកាសធាតុរងារ​ខ្លាំង​។

គួរបញ្ជាក់ថា​ ថៃ​រំពឹង​ថា​ព្រលាន​យន្តហោះ​សុវណ្ណភូមិ​របស់ខ្លួន​នឹង​ទទួល​បាន​អ្នក​ដំណើរ​ចំនួនប្រមាណ ​៣ ម៉ឺននាក់​នៅ​ថ្ងៃ​ចន្ទនេះ​។ រាល់អ្នកដំណើរ​ត្រូវ​បាន​តម្រូវ​ឲ្យ​ធ្វើ​តេស្តរក​កូវីដ​នៅពេល​ចូលដល់​ក្នុងទឹកដី​ថៃ​ ហើយ​ពួកគេ​ត្រូវ​ចំណាយ​ពេល​មួយ​យប់​ស្នាក់នៅ ​សណ្ឋាគារ​ដែលរៀបចំ​ដោយ​រដ្ឋាភិបាលថៃ​ដើម្បី​រង់ចាំលទ្ធផល​ មុនពេល​ត្រូវបាន​អនុញ្ញាតឲ្យ​ធ្វើដំណើរ​ដោយ​សេរី​នៅទូទាំង​ប្រទេស​អាស៊ីមួយនេះ​។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ