អានតួអត្ថបទ
ជប៉ុន-នុយក្លេអ៊ែរ

ពលរដ្ឋជប៉ុន ​ប្តឹង​តុលាការឱ្យ​ទទួល​ស្គាល់​ថាធាតុ​វិទ្យុសកម្ម​ហ្វូគូស្ហ៊ីម៉ានាំ​ឱ្យ​មាន​​ជំងឺមហារីក

ពលរដ្ឋ​ជប៉ុន​ ចំនួន​៦នាក់ អាយុ​ពី ១៧ ទៅ២៧ឆ្នាំ បាន​ដាក់ពាក្យ​បណ្តឹងជា​សមូហភាព ទៅ​តុលាការ ឱ្យ​ទទួល​ស្គាល់​ថា​ការធ្លាយ​សារធាតុ​វិទ្យុសកម្ម​ ពេល​មានគ្រោះថ្នាក់​នុយក្លេអ៊ែរនៅ​ហ្វូគូស្ហ៊ីម៉ា កាលពី​​២០១១ អាច​បង្ក​ឱ្យ​មាន​ជំងឺមហារីក។ បើ​តាម​ដើម​បណ្តឹង ពួក​គេ​មាន​​ជំងឺមហារីក​ក្រពេញ​ Thyroïde ដោយ​ហេតុ​តែ​បាន​ប្រឈម​នឹង​សារធាតុ​វិទ្យុ​សកម្មធ្លាយ​ចេញ​ពី​ហ្វូគូស្ហ៊ីម៉ានោះ​ឯង។

បាតុកម្ម​នៅមុខ​តុលាការក្រុង​តូក្យូ ដើម្បី​គាំទ្រ​អ្នក​ជំងឺមហារីក​ដែល​ទំនង​បណ្តាលមកពី​ការ​ធ្លាយ​វិទ្យុសកម្មនុយក្លេអ៊ែរ
បាតុកម្ម​នៅមុខ​តុលាការក្រុង​តូក្យូ ដើម្បី​គាំទ្រ​អ្នក​ជំងឺមហារីក​ដែល​ទំនង​បណ្តាលមកពី​ការ​ធ្លាយ​វិទ្យុសកម្មនុយក្លេអ៊ែរ AP - Mari Yamaguchi)
ផ្សាយពាណិជ្ជកម្ម

ដើម​បណ្តឹង​ទាំង​៦​រូប ដែល​​ក្នុង​ពេល​មាន​គ្រោះ​ថ្នាក់​នុយក្លេអ៊ែរ ​នៅ​ជា​កុមារ និងជា​ក្មេង​ជំទង់​ ​​រស់​នៅ​ក្នុងតំបន់​ហ្វូគូស្ហ៊ីម៉ា​ បាន​ធ្លាក់​ខ្លួន​ឈឺ​មាន​ជំងឺមហារីក​ក្រពេញTyroïde  នៅ​ចន្លោះ​ពី​ឆ្នាំ ២០១២-២០១៨។ អ្នកជំងឺមហារីក​បួន​នាក់​​បាន​ទទួល​ការព្យាបាល​ដោយ​​វះកាត់​​យក​ក្រពេញThyroïde​ចេញ​ទាំង​ស្រុង ដែល​តម្រូវ​ឱ្យ​ពួក​គេ​លេប​ថ្នាំ​អ័រមូន​អស់​មួយ​ជីវិត។ ពី​រ​នាក់​ទៀត រង​ការ​វះ​កាត់​ក្រពេញចេញ​​មួយ​ផ្នែក។ ដោយ​សារ​អាការៈជំងឺ​នេះ ពួកគេ​មិន​អាច​មាន​ជីវិត​ធម្មតា​ដូច​ក្មេង​ដទៃ ​មិន​អាច​រៀន​សូត្រនិង​រក​ការងារធ្វើ​បាន​តាមក្តី​ស្រមៃទេ។

ហេតុ​ដូច្នេះ​ហើយ​បានជា​ពួក​គេ​ដាក់បណ្តឹង​ទៅ​តុលាការ​ឱ្យ​ទទួល​ស្គាល់​ថា​ជំងឺមហារីក​នេះ​កើត​ឡើង​ដោយ​សារធាតុ​វិទ្យុសកម្ម និង​ទារ​​​សំណង​ជំងឺចិត្ត​ ចំនួន​៤,៨លាន​អឺរ៉ូ ពី​ក្រុមហ៊ុន Tepco ​តិបកូ ដែល​ម្ចាស់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ Fukushima Daiichi ​​។

​អាជ្ញាធរជប៉ុន​ មិន​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ថា​ការ​ប្រឈម​នឹង​ធាតុ​វិទ្យុសកម្មធ្លាយ​ចេញពី​រោងចក្រ​នុយក្លេអ៊ែរ​ហ្វូគូស្ហ៊ីម៉ា នឹងបង្កឱ្យ​មានជំងឺមហារីក​Thyroide​ទេ។ របាយការណ៍អង្គការ​សហប្រជាជាតិ​ចេញផ្សាយ​កាលពី​ឆ្នាំទៅ ក៏​បាន​បញ្ជាក់​ដូច​គ្នា​ថា គ្មាន​រក​ឃើញ​​ឥទ្ធិពល​អាក្រក់​ប៉ះពាល់​ដល់​សុខភាព​ពី​ការធ្លាយ​សារធាតុ​វិទ្យុសកម្មហ្វូគូស្ហ៊ីម៉ាទេ។ ប៉ុន្តែបើ​តាម​មេធាវីរបស់​ដើម​បណ្តឹង​ទាំង​៦រូប ជំងឺមហារីក​​របស់​កូន​ក្តី មិនមែន​ជា​ជំងឺត​ពូជ​ទេ គឺ​ទំនង​ខ្លាំង​ជា​បណ្តាលមក​ពីការ​ប្រឈម​នឹង​ជាតិ​វិទ្យុ​សកម្ម​នេះ​ម្តង។

នៅ​ថ្ងៃព្រហស្បតិ៍​ទី ២៧​មករានេះ មេធាវី​បាននាំ​បណ្តឹង​​ទៅ​តុលាការ​ក្រុង​តូក្យូ។ ទី​ដែល​សកម្មជន​ ​រាប់​សិប​នាក់​ បាន​មក​ប្រមូល​ផ្តុំ​គ្នា​  ដើម្បី​បញ្ចេញ​សកម្មភាព​រួម គាំទ្រនិង​​ការពារ​អ្នក​ជំងឺមហារីក​ទៀរ៉ូអ៊ីត​បង្ក​ឡើង​ដោយ​វិទ្យុ​សកម្ម។ នេះ​ជា​លើក​ទី​មួយ​ហើយ​ប្រជាពលរដ្ឋ​​ជប៉ុន​ប្រមូល​​ផ្តុំគ្នា​ធ្វើ​បាតុកម្ម​បែបនេះ។ ក្រុមហ៊ុន​តិប​កូ​បាន​សន្យា​ផ្តល់​ចម្លើយ​ដ៏​ស្មោះស​បំផុត​នៅ​ចំពោះមុខ​តុលាការ និង​បានសុំ​ទោស​ប្រជាពលរដ្ឋ​ដែល​រស់​រង​ផលវិបាក​​ពីគ្រោះ​​ហ្វូគូស្ហ៊ីម៉ា​ទាំង​អស់​។

សូម​បញ្ជាក់​ថា ​គ្រោះ​មហន្តរាយ​ រញ្ជួយ​ដី​ ​​រលក​យក្សស៊ូណាមី និង​គ្រោះ​ថា្នក់​នុយក្លេអ៊ែរ នៅ​ថ្ងៃទី ១១​មីនា​២០១១ ​បាន​សម្លាប់​ជីវិត​មនុស្ស​អស់​យ៉ាង​ហោច​១៩០០០​នាក់​ និង ​១០ម៉ឺននាក់​ បានបង្ខំ​ចិត្តចាក​ចោល​លំនៅដ្ឋាន។ ក្រោយមក ផលវិបាក​នៃ​​គ្រោះមហន្តរាយ បាន​ធ្វើ​ឱ្យ​មនុស្ស​ជាង​២៣០០នាក់ ​ស្លាប់។ នេះ​​បើ​តាមការអង្កេត​ផ្លូវការ។​ រដ្ឋាភិបាលជប៉ុន​បាន​ទទួលស្គាល់ ជំងឺមហារីក​ជា​គ្រោះថ្នាក់​ក្នុង​ការងារ សម្រាប់​បុគ្គលិក​ក្រុមហ៊ុន​តិបកូ។

តាំង​ពី​គ្រោះ​មហន្តរាយនុយក្លេអ៊ែរនោះ​មក អាជ្ញាធរ​ខេត្ត​ហ្វូគូស្ហ៊ីម៉ា បាន​ធ្វើ​តេស្ត​លើ​ប្រជាពលរដ្ឋ​អាយុ​១៨​ឆ្នាំ និង​ក្រោម​១៨​ឆ្នាំ​ចំនួន ៣៨​ម៉ឺននាក់ ដោយ​រកឃើញ​​២៦៦នាក់ មាន​សង្ស័យ​កើត​ជំងឺមហារីក​ក្រពេញThyroïde គិត​ត្រឹម​ខែ​មិថុនា​ឆ្នាំ​២០២១។ នៅក្នុង​របាយការណ៍ចេញ​ផ្សាយ​កាលពី​ដើម​ឆ្នាំ​២០២១ ​គណៈកម្មការ​អង្គការ​សហប្រជាជាតិ​ខាង​សិក្សា​ឥទ្ធិពលវិទ្យុ​សកម្ម បាន​កត់​សម្គាល់​ឃើញ​មាន​កំណើន​ករណី​សង្ស័យ​ច្រើន​ខ្លាំង​នៅ​ហ្វូគូស្ហ៊ីម៉ាដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ