អានតួអត្ថបទ
ចិន-អូឡាំពិក

ចិន​​បង្កើន​ការ​ឃ្លាំមើល​បណ្តាញសង្គម​ និង​សកម្មជន​សិទ្ធមនុស្ស ពេល​កីឡាអូឡាំពិក

នៅ​ថ្ងៃសុក្រ ទី ៤ កុម្ភៈ ស្អែក ជា​ថ្ងៃបើក​កីឡាអូឡាំពិក​ប៉េកាំង​ជា​ផ្លូវការ។ ជា​ម្ចាស់​កម្មវិធី ចិន​បាន​រឹត​បន្តឹង​​សុវត្ថិភាព​សុខាភិបាល​ប្រឆាំង​នឹង​ជំងឺរាត​ត្បាត​កូវីដ​១៩ផង និង​​សុវត្ថិភាព​សន្តិសុខ​សាធារណៈយ៉ាង​ខ្លាំង​បំផុតផង។ ​អាជ្ញាធរបានបង្កើន​ការ​ឃ្លាំ​មើល​ បណ្តាញ​សង្គម និងបង្កើន​ការ​បង្ឃាំងសកម្មជន​គាំទ្រ​សេរីភាព ​​ក្នុង​គេ​ហដ្ឋាន​។

មុន​បើក​កីឡាអូពិក ចិន​​បង្កើន​ការ​ឃ្លាំមើល​បណ្តាញសង្គម​ និង​សកម្មជន​សិទ្ធមនុស្ស​
មុន​បើក​កីឡាអូពិក ចិន​​បង្កើន​ការ​ឃ្លាំមើល​បណ្តាញសង្គម​ និង​សកម្មជន​សិទ្ធមនុស្ស​ © afp.com/Noel Celis
ផ្សាយពាណិជ្ជកម្ម

អ្នកបំរើការក្នុង​កីឡាអូឡាំពិកប៉េកាំង​២០២២​គ្រប់​រូបតាំងពី​ចុង​ភៅ​ដល់​ភ្នាក់ងារ​​សន្តិសុខ ​ត្រូវ​ឆ្លង​កាត់​ការ​ធ្វើ​តេស្ត​​កូវីដ១៩ យ៉ាង​ទៀត​ទាត់​ ពេញមួយ​អំឡុង​ពេល​ប្រកួត​កីឡា។

​សុវត្ថិភាព​កូវីដ​១៩ ជាពិសេស​សន្តិសុខ​សាធារណៈ ត្រូវ​បាន​រឹត​បន្តឹង​យ៉ាង​ខ្លាំង។ នៅលើ​ដង​រុក្ខវិថីនាំ​​ទៅ​មណ្ឌល​អ្នក​សារព័ត៌មាន​ ចិន​បាន​ដាក់​បញ្ឈរ​កាមេរ៉ា តាម​បង្គោល​ភ្លើង​ផង កាមេរ៉ា​ចល័ត​ផង ព្រមទាំង​កង​ស្ម័គ្រ​ចិត្ត​ក្នុង​ឯកសណ្ឋាន​អាវ​រងារ​ក្រហម ពាក់​ម៉ាស់ “ជយោចិន”ផង ចាំ​ឃ្លាំ​មើលរហូត ដើម្បី​រក្សាសុវត្ថិភាព​ព្រឹត្តិការណ៍​កីឡា។ ​

គ្រប់​អាកប្បកិរិយា និង​សំដី​ ដែល​ផ្ទុយ​នឹង​ស្មារតី​កីឡា ឬ​ផ្ទុយ​នឹង​ច្បាប់ ផ្ទុយ​នឹងវិធាន​ជាតិ​ នឹង​ត្រូវ​ទទួល​ទណ្ឌកម្មទាំងអស់ ! នេះ​បើ​តាមការ​ព្រមាន​របស់​លោក​នាយករង​គណៈកម្មការអូឡាំពិកប៉េកាំង។ អាជ្ញាធរ​ថែម​ទាំង​តាមដាន​និង​ឃ្លាំ​មើល​ មិន​ដាច់​ពី​ភ្នែក​ទេ នូវ​រាល់​ពាក្យ​ស្លោក​ សរសេរ​នៅ​លើ​អាវ​អត្តពលិក​ទាំងអស់ ក្រែងមាន​ន័យ​សម្តែង​សាមគ្គីភាព​គាំទ្រ​កីឡាការិនី ផីង ស្ហយ ដែលបាន​បាត់​ខ្លួន​ដោយ​ចម្លែក​ក្រោយ​ពី​បាន​ចោទ​អ្នកទទួល​ខុស​ត្រូវ​ចិន​ម្នាក់​ពី​បទ​បំពារ​បំពាន​ផ្លូវភេទ ឬមាន​លក្ខណៈ​​គាំទ្រ​ដល់​ជនជាតិ​ភាគតិច​អ៊ុយហ្គួរ ប្រជាធិបតេយ្យ​​នៅហុងកុង ឬ​បញ្ហា​សិទ្ធិមនុស្ស​ជាទូទៅ​នៅ​ចិន។

ក្នុង​ខណៈ​ដែល​គ្រប់​ចក្ខុ​កំពុង​ផ្តោច​តម្រង់​ទៅ​ចិន អាជ្ញាធរ​ចិន​បាន​ចាត់​និង​ដំឡើង​វិធានការ​បិទ​ខ្ទប់​រាល់​គ្រប់​សំឡេង​ប្រឆាំង​ នៅ​គ្រប់​ទិសទី​ទាំង​អស់។ សកម្មជន​សិទ្ធិមនុស្ស​ម្នាក់​បាន​រៀប​រាប់​ថា ប៉ូលិស​បាន​មក​ឃ្លាំមើល​ ​មិន​ឱ្យ​ចេញ​ពីផ្ទះ​តាំង​ពី​ជា​ច្រើន​សប្តាហ៍​មកហើយ។ គណនីបណ្តាញ​សង្គម​​របស់​អតីត​អ្នកកាសែត​ម្នាក់​ត្រូវ​បាន​ព្យួរ។ មេធាវី ក៏​រង​ការ​ព្រមាន​មិន​ឱ្យ​ចេញ​ស្តី​​​​ក្នុង​អំឡុង​​កីឡាអូឡាំពិក​នេះ​ដែរ។

នេះ​ជា​វិធានការតែមួយ​​ដែល​ចិន​ធ្លាប់​ប្រើ​ក្នុង​សម័យ​ប្រកួត​កីឡាអូឡាំពិក​រដូវ​ក្តៅ​ឆ្នាំ​២០០៨ និង​រាល់​ពេលមានព្រឹត្តិការណ៍​សំខាន់ៗផ្សេង។ ស្ថានភាព​សិទ្ធិមនុស្ស​នៅចិន​ពេលនេះ​អាក្រក់​ជាង​កាលពី​ឆ្នាំ​២០០៨​ទៅ​ទៀត ព្រោះ​បើ​តាម​មេធាវី​ចិន​ម្នាក់ដែលនិរទេស​ទៅ​សហរដ្ឋ​អាមេរិក ពេល​នេះ ​​ចិន​មាន​អំណាច​ខ្លាំង រហូត​លែង​ខ្លាច​សម្ពាធ​អន្តរជាតិ។

ក្រុម​​ប្រតិភូ​កីឡា​អូឡាំពិក​តែអាច​មាន​ប្រព័ន្ធWIFIប្រើប្រាស់​ ក្នុង​ភូមិ​អូឡាំពិក និង​ ​បណ្តាញ​អ៊ីនធ័រនែត ប្រព័ន្ធ​សង្គម​ ហ្វេសប៊ុក ទ្វីតទ័រ​ ... បានភ្ជាប់​ទាល់​តែ​មាន​ ​VPNចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ