អានតួអត្ថបទ
ឥណ្ឌូណេស៊ី-វ៉ាក់សាំងកូវីដ១៩

កូវីដ​១៩ ៖ ឥណ្ឌូណេស៊ី ប្រកាស​ធ្វើការ​សាកល្បងថ្នាំបង្ការ « Made In Indonesia »

បន្ទាប់​​ពី​បាន​ទទួល​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​សុខាភិបាល​ជាតិ​ ឥណ្ឌូណេស៊ីបាន​ប្រកាសនៅ​ថ្ងៃពុធ​ទី ៩ កុម្ភៈ​២០២២​នេះ ​ចាប់​ផ្តើម​ធ្វើ​ការ​សាក​ល្បង​ថ្នាំ​បង្ការ​ប្រឆាំងកូវីដ១៩ លើ​មនុស្ស។ ​តាម​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ឥណ្ឌូណេស៊ី សង្ឃឹម​ថា​ថ្នាំ​បង្ការ​នឹង​​ធ្វើ​ចរាចរណ៍​ ជា​ទូទៅ​បាន​នៅ​ពាក់កណ្តាល​ឆ្នាំ​នេះ។

កូវីដ​១៩ ៖ ឥណ្ឌូណេស៊ី ប្រកាស​​សាកល្បងថ្នាំបង្ការ « Made In Indonesia »
កូវីដ​១៩ ៖ ឥណ្ឌូណេស៊ី ប្រកាស​​សាកល្បងថ្នាំបង្ការ « Made In Indonesia » Chaideer Mahyuddin AFP
ផ្សាយពាណិជ្ជកម្ម

"Merah Putih" ​ ​ថ្នាំ​ក្រហម​ស ជា​ឈ្មោះ​ថ្នាំបង្ការ​កូវីដ​តំណាង​ពណ៌ទង់​ជាតិ​ឥណ្ឌូណេស៊ី ចូល​ដល់​ដំណាក់កាល​សាកល្បង​លើ​មនុស្ស ចាប់​ពី​ថ្ងៃ​ពុធ​ទី ៩​កុម្ភៈ​ទៅ។ គឺ​សកលវិទ្យាល័យ Airlangga ​ និង​មន្ទីរ​ពិសោធន៍ជាតិ​ឥណ្ឌូណេស៊ី  Biotis Pharmaceuticals Indonesia ជា​អ្នក​ដឹកនាំ​ធ្វើ​តេស្ត​សាកល្បង​ថ្នាំ​បង្ការ​កូវីដ​។ ការ​សាកល្បង​លើ​មនុស្ស​ ប្រព្រឹត្ត​ទៅ​ជា​ពីរ​ដំណាក់​កាល ដោយ​មួយ​ដំណាក់​កាល​ៗ ឥណ្ឌូណេស៊ី​គ្រោង​នឹង​ចាក់​ថ្នាំ​លើ​មនុស្ស​ចំនួន ៩០​នាក់​ នៅ​ដំណាក់កាលទីមួយ និង​៤០៥​នាក់​នៅ​ដំណាក់កាលទីពីរ។

ប្រសិន​បើ​ការ​សាកល្បង​បានទទួល​លទ្ធផល​ដូច​ការ​រំពឹង​ទុក ថ្នាំបង្ការ​កូវីដ​របស់​ឥណ្ឌូណេស៊ី អាច​នឹង​ទទួល​បាន​ការ​អនុញ្ញាត​ឱ្យ​​ធ្វើ​ចរាចរណ៍​នៅ​ក្នុង​ស្រុក នៅ​ពាក់​កណ្តាល​ឆ្នាំនេះ​តែម្តង។ នេះ​បើ​តាម​ការ​គូសបញ្ជាក់​របស់​លោក​ Budi Gunadi Sadikin រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ ដោយ​ព្រលយ​ទៀត​ថា ឥណ្ឌូណេស៊ី​ក៏​មានគម្រោង​ចែកចាយថ្នាំ បង្ការ​ ទៅ​ឱ្យ​បណ្តាប្រទេស​ផ្សេង​ទៀត​ដែលត្រូវ​ការ​។ លោក​រដ្ឋមន្ត្រី​បាន​ពិភាក្សានិង​​បាន​ទទួល​ការ​ព្រមព្រៀង​ពី​​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​រួច​​ហើយដែរ។

ជាងនេះ​ទៅ​ទៀត Marah Putih ជា​ថ្នាំបង្ការ Halal ព្រោះ​មាន​ការ​​បញ្ជាក់​និង​​ការ​​ទទួល​ស្គាល់​ពី​ក្រុមប្រឹក្សា​ជាតិ​អ៊ូឡេម៉ា​ឥណ្ឌូណេស៊ី ដែល​ជា​ស្ថាប័នសាសនា​កំពូល​នៅ​ប្រទេសឥស្លាម​ដ៏​ធំជាងគេ​នៅ​លើ​ពិភពលោក។ នេះបើ​តាម​សាកលវិទ្យាធិការនៃ សាកលវិទ្យាល័យ​ AirlanggaលោកMohammad Nasih។

សូម​បញ្ជាក់​ថា​ កាលពី​ខែកក្កដា​កន្លង​ទៅ ​​រលក​ចម្លង​​រាត​ត្បាត​កូវីដ​យ៉ាង​ខ្លាំង​ក្លា បាន​ធ្វើ​ឱ្យ​ប្រព័ន្ធ​សុខាភិបាល​ឥណ្ឌូណេស៊ីរង​សម្ពាធ​យ៉ាង​ខ្លាំង មន្ទីរ​ពេទ្យ​ចាល់​ណែន ​ខ្វះសព្វ​ខ្វះ​គ្រប់ ជា​ពិសេស​គឺខ្វះ​ខ្យល់​អុកស៊ីហ្សែន​តែម្តង ដែល​អ្នក​ជំងឺ​ខ្លះ​ត្រូវ​បង្ខំ​ចិត្ត​ស្វែង​រក​បំពង់​អុកស៊ីហ្សែននិង​ព្យាបាល​ដោយ​ខ្លួន​ឯង​នៅ​តាម​ផ្ទះ​។

ជា​សរុប​ឥណ្ឌូណេស៊ី​រាប់​ឃើញ​មានអ្នក​ស្លាប់​ដោយ​កូវីដ​១៩​សរុប​ចំនួន ជាង​១៤៥០០០នាក់ ហើយ​មេរោគកូវីដ​​បំប្លែង​ខ្លួន​ថ្មី​ អូមីក្រុង​កំពុង​បន្ត​ចម្លង​​ក្នុងស្រុក ដោយ​​មានអ្នក​ឆ្លង​ថ្មី​ ​​ប្រមាណ៣ម៉ឺន​នាក់ ក្នុង​មួយ​ថ្ងៃ​ៗ។

មាន​ប្រជាជន​ច្រើន​ជាងគេ​លំដាប់​ទី​៤​ពិភពលោក ឥណ្ឌូណេស៊ីមិន​អាចទទួល​បាន​​ថ្នាំវ៉ាក់សាំង​គ្រប់​គ្រាន់​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​ជាង​២៧០​លាននាក់​ទេ។ រហូតមកទល់​ពេល​នេះ មាន​ពលរដ្ឋ​ឥណ្ឌូណេស៊ីតែ​៤៨%ប៉ុណ្ណោះបាន​ទទួលវ៉ាក់សាំង​ បាន​២ដូស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ