អានតួអត្ថបទ
ថៃ-សង្គមស៊ីវិល

ជំនួយការ​នាយក​រដ្ឋ​មន្ត្រី​ថៃ​ស្វះ​ស្វែង​បណ្តេញ​អង្គការ​Amnesty International​ចេញ​ពី​ប្រទេស

ជំនួយ​ការ​ម្នាក់​របស់​នាយករដ្ឋមន្រ្ដី​ថៃ បាន​និយាយ​កាល​ពី​ថ្ងៃ​សុក​ ទី១១ កុម្ភៈម្សិលមិញថា​ លោក​កំពុង​ស្វះ​ស្វែង​បណ្តេញ​អង្គការ​ Amnesty International​ ចេញ​ពី​ប្រទេស​។ ជា​ការ​គួរ​ឲ្យ​កត់​សម្គាល់​ ផែនការ​នេះបាន​កើត​ឡើងនៅ​ក្រោយ​ពេល​ដែល​ក្រុម​អ្នក​រាជា​និយម​ជ្រុល​ថៃ​ ចោទ​អង្គការ​Amnesty​ ​ថា​បាន​ធ្វើ​សកម្មភាព​ដែល​ប៉ះពាល់​ដល់​សន្តិសុខជាតិ​។

ចំណាត់ការថ្មីប្រឆាំងនឹងអង្គការ Amnesty International បានធ្លាក់មកស្របពេលដែលរដ្ឋាភិបាលថៃកំពុងខ្នះខ្នែងអនុម័តច្បាប់គ្រប់គ្រងអង្គការ (មិនស្វែងរកប្រាក់ចំណេញ)។
ចំណាត់ការថ្មីប្រឆាំងនឹងអង្គការ Amnesty International បានធ្លាក់មកស្របពេលដែលរដ្ឋាភិបាលថៃកំពុងខ្នះខ្នែងអនុម័តច្បាប់គ្រប់គ្រងអង្គការ (មិនស្វែងរកប្រាក់ចំណេញ)។ REUTERS - JORGE SILVA
ផ្សាយពាណិជ្ជកម្ម

លោក សេកសាកុល អាតថាវ៉ុង (Seksakol Atthawong) ដែល​មាន​តួនាទី​ជា​អនុរដ្ឋមន្ត្រីនៅ​ការិយាល័យ​របស់លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ឲ្យដឹងថា​ញត្តិ​ប្រឆាំង​នឹង​វត្តមាន​របស់​អង្គការ Amnesty នៅក្នុងប្រទេសថៃទទួលបានហត្ថលេខាគាំទ្រចំនួន​ ១,២​លានហត្ថលេខា ហើយនឹង​ត្រូវ​ដាក់​ជូន​ក្រុមប្រឹក្សាសន្តិសុខជាតិនិង​ក្រសួងមហាផ្ទៃ​នាសប្តាហ៍ក្រោយ​។

ក្រុម​អ្នក​រាជា​និយមជ្រុល​ថៃ​បានចោទប្រកាន់អង្គការ​ Amnesty ដែល​មាន​មូលដ្ឋាន​នៅទីក្រុង​ឡុងដ៍​ប្រទេស​អង់គ្លេសថាបាន​បញ្ឆេះបង្កចលាចល ដោយ​អំពាវនាវ​ឲ្យបញ្ឈប់នូវការប្តឹងបទឧក្រិដ្ឋ​ ប្រឆាំងទៅនឹងបុគ្គលដែលជំរុញឲ្យមានការ​ធ្វើកំណែទម្រង់​របបរាជានិយមដែលជា​ស្ថាបន័គោរពដោយប្រជាជនថៃ​ជាច្រើន។​ ប្រជាជនថៃជាច្រើនដែល​ជា​អ្នក​រាជានិយម បានចាត់ទុករបបនេះជារបបដ៏ពិសិដ្ឋ ហើយចាត់ទុកការ​ប្រឈម​ណាមួយ​ចំពោះ​រាជាធិបតេយ្យជាការគំរាមកំហែងដល់សង្គម​។

គួររំឭកជូនថា ការប្រឆាំងតវ៉ាដ៏ធំដែល​ដឹកនាំដោយយុវជនថៃប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោកប្រាយុទ្ធបានកើតឡើងកាលពីចុងឆ្នាំ ២០២០។ កាលណោះ ក្រុមបាតុករគាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ ក៏បានធ្វើការអំពាវនាវដែល​មិនធ្លាប់មានពីមុនមក​ ឲ្យធ្វើ​កំណែទម្រង់របប​រាជាធិបតេយ្យរហូតបង្កឲ្យមានការបង្ក្រាបដោយអាជ្ញាធរ។​​ តុលាការថៃ ​ក្រោយមកបាន​សម្រេចថាការ​ទាមទារ​ឲ្យ​ធ្វើ​កំណែ​ទម្រង់​របប​រាជានិយម គឺ​ខុស​ច្បាប់។

មានសកម្មជនប្រជាធិបតេយ្យជាង ១ ៧០០នាក់ប្រឈមនឹងការចោទប្រកាន់ទាក់ទិន​នឹង​រឿងសន្តិសុខ ក្នុងនោះមានមនុស្សយ៉ាងតិច ១៦៩ នាក់រងការចោទប្រកាន់ក្រោមច្បាប់​ស្តីពីការជេរប្រមាថព្រះមហាក្សត្រយ៉ាងតឹងរ៉ឺងដែលអាច​មានទោសជាប់​ពន្ធនាគារ​រហូតដល់ ១៥ ឆ្នាំ។

ចំណែកចំណាត់ការថ្មី​ប្រឆាំង​នឹង​អង្គការ Amnesty International បាន​ធ្លាក់មក​ស្របពេល​ដែលរដ្ឋាភិបាលថៃកំពុងតែងខ្នះខ្នែងអនុម័តច្បាប់គ្រប់គ្រងអង្គការ​ ​(មិនស្វែងរកប្រាក់ចំណេញ) ផងដែរ។ ក្រុមអង្គការក្នុងស្រុកនិងអន្តរជាតិជាង ១ ០០០ បានប្រឆាំងជំទាស់ទៅ​នឹងច្បាប់នេះ​ ដោយលើកឡើងថាវាគំរាមកំហែង​ដល់សង្គមស៊ីវិល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ