អានតួអត្ថបទ
អូស្ត្រាលី-កូវីដ១៩

ពីរ​ឆ្នាំ​ក្រោយ​កូវីដ១៩ អូស្ត្រាលីចាប់​បើក​ព្រំដែន​ទទួល​ទេសចរ​វ៉ាក់សាំង

បន្ទាប់​ពី​បិទខ្ទប់​ប្រទេស​ យ៉ា​ង​ជិត​ឈឹង និងចាត់​វិធានការ​ទប់​ស្កាត់​ការរាតត្បាត​កូវីដ​ដ៏​តឹងតែងជាង​គេ​​បំផុតនៅលើ​ពិភពលោក ​អស់​រយៈ​ពេលជិត​ពេញ​ពីរ​ឆ្នាំមក អូស្ត្រាលី​បាន​​បើក​ព្រំដែន​ទទួលស្វាគមន៍​ទេសចរ​បរទេស​​ឡើង​វិញ ចាប់​ពី​ថ្ងៃ​ចន្ទទី ២១​កុម្ភៈ​នេះ​តទៅ។ ជើង​ហោះហើរ​អន្តរជាតិ ​អ្នក​ដំណើរ​មក​ពីអាមេរិក ជប៉ុន សិង្ហបុរី កាណាដា បាន​មក​ចុះ​ថត​លើ​អាកាសយានដ្ឋានអូស្ត្រាលី ជា​បណ្តើរៗ តាំង​ពី​ព្រលឹម​អុល។

អូស្ត្រាលីចាប់​បើក​ព្រំដែន​ទទួល​ទេសចរ​វ៉ាក់សាំង
អូស្ត្រាលីចាប់​បើក​ព្រំដែន​ទទួល​ទេសចរ​វ៉ាក់សាំង AP - Rick Rycroft
ផ្សាយពាណិជ្ជកម្ម

គ្មានអ្វីត្រូវ​រង់​ចាំ​ទៀត​ទេ ! សូម​អញ្ជើញ​រៀប​វ៉ាលី​មក​លេង​អូស្ត្រាលី​ចុះ! នេះ​ជា​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​ Scott Morrison ក្នុង​សន្និសីទ​កាសែត​។

ក្នុងរយៈ​ពេល​២៤ម៉ោង​នៃ​​ថ្ងៃ​បើក​ព្រំដែន​ដំបូង​ឡើង​វិញ​នេះ អូស្ត្រាលី​ ទទួល​​យន្តហោះអន្តរជាតិ​​តែ​៥៦​ជើង​ប៉ុណ្ណោះ​ ពោលគឺទាប​ជាង​សម័យ​មុន​កូវីដ​ឆ្ងាយណាស់ ប៉ុន្តែ​លោក​នាយករដ្ឋមន្ត្រី​មាន​ជំនឿ​ជាក់​ថា ការ​ហោះហើរ​អន្តរជាតិ​នឹង​កើន​ឡើង​ជាលំដាប់​នា​ថ្ងៃ​ខាងមុខ។ ចំណែក​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ លោកDan Tehan ដែល​មាន​ពាក់​អាវ​យឺត សរសេរពាក្យ​ “សូមស្វាគមន៍” ក៏​មាន​សុទិដ្ឋនិយមដូច​គ្នា​ថា​វិស័យ​ទេសចរណ៍អូស្រ្តាលី​នឹង​សន្ទុះ​​ឡើង​វិញ និង​ជា​សន្ទុះ​ដ៏​​ខ្លាំងក្លា។

រដ្ឋាភិបាល​អូស្ត្រាលី​បាន​ចំណាយ​ថវិកា​៤០លាន​ដុល្លារ​អូស្ត្រាលី​ដើម្បី​ផ្សាយ​​ពាណិជ្ជកម្ម​ ទាក់ទាញទេសចរ។ តែ​បើ​តាម​ក្រុមប្រឹក្សា​អូស្ត្រាលី​ទទួល​បន្ទុក​ទេសចរណ៍​អន្តរជាតិ ដោយ​ហេតុ​តែ​​វិធានការ​ទប់​ស្កាត់តឹង​តែង​ខ្លាំងពេក ភ្ញៀវ​បរទេស​ទំនង​រអារខ្លាំង ​មិន​ងាយ​ចង់​ធ្វើ​ដំណើរ​មកលេង​អូស្ត្រាលីភ្លាម​ទេ។

សូម​រំលឹក​​ថា តាំងពី​ខែមីនា​២០២០​មក​ អូស្ត្រាលី​បាន​បិទ​ព្រំដែន​ជិត​ឈឹង ដើម្បី​ការពារ​ខ្លួន​ពី​​​កូវីដ១៩។ អាជ្ញាធរ​​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ខ្លះ​អាច​ចាក​ចេញ​ពី​ប្រទេសបាន តែ​​ទទួល​ឱ្យ​អ្នក​ដំណើរ​ចូលប្រទេស​​តែ​ក្នុង​ករណី​ពិសេសប៉ុណ្ណោះ។ វិធានការ​ដ៏​តឹង​រឹង រហូត​ជាប់​ឈ្មោះ​ជា​ប្រទេសដាំ​បន្ទាយ ​បាន​ជួយ​អូស្ត្រាលី​មិន​ឱ្យ​រង​ការ​រាតត្បាត​ ក្នុង​រយៈ​ពេល​ដំបូង​ ប៉ុន្តែ​ក្រោយមក ជាមួយអូមីក្រុង អូស្ត្រាលី​បាន​ធ្លាក់​ក្នុង​ភាព​យ៉ាប់យឺន​ខ្លាំង​ ដោយ​មាន​អ្នក​ស្លាប់​រាប់​សិប​នាក់ និង​អ្នក​ឆ្លងរាប់ម៉ឺន​នាក់​​ក្នុងមួយ​ថ្ងៃ​ៗ។

ជា​សរុប​ក្នុង​រយៈពេល​ជិត​ពីរ​ឆ្នាំ​កន្លងមក​នេះ កូវីដ​បាន​ផ្តាច់​ជីវិត​ជន​អូស្ត្រាលី​អស់​​៤៩១៣​នាក់​។ វិជ្ជមាន​១៥២៩៨នាក់់​ក្នុង​ថ្ងៃ​អាទិត្យ​ម្សិលមិញ តែខ្លាំង​បំផុត​គឺ​នៅ​ថ្ងៃទី ៣០មករា​២០២២ ដោយ​មាន​ករណី​វិជ្ជមាន​ដល់​ទៅ​ ២៧៧៦១៩នាក់​ក្នុង​រយៈ​ពេល​តែ​២៤ម៉ោង។

ជា​ផ្លូវការ​​អូស្ត្រាលី​ចាប់​​បើក​ព្រំដែន​​នៅ​ថ្ងៃ​ចន្ទ​ទី ២១​កុម្ភៈ​នេះ​មែន ប៉ុន្តែ​​ទេសចរបរទេសត្រូវ​រង់​ចាំ​រហូតដល់​ថ្ងៃទី ៣ មីនា ទើប​អាច​ធ្វើ​ដំណើរ​ទៅកាន់​រដ្ឋ​ភាគ​ខាង​ត្បូង​នៃ​កោះ​ទ្វីប​អូស្ត្រាលីបាន​ ព្រោះ​តំបន់​នេះ​ស្ថិត​ក្រោម​វិធានការ​កូវីដ​យ៉ាង​តឹង​​តែង​បំផុត ឬហៅ​ថា​វិធាន​ហ្សេរ៉ូកូវីដ។

ការ​បិទ​ព្រំដែន​​ បានធ្វើ​ឱ្យ​អូស្ត្រាលី​ខាតបង់​ ក្នុង​មួយ​ខែៗ​អស់ប្រមាណ​២២៧០​លាន​អឺរ៉ូ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ