អានតួអត្ថបទ
កូវីដអូមីក្រុង

កូវីដ​អូមីក្រុង ចាប់​ផ្តើម​ឆ្លង​រាលដាល​នៅ​បារាំង អាមេរិក​ និង​អូស្ត្រាលី

មេរោគកូវីដបំប្លែងខ្លួនអូមីក្រុង បានចាប់ផ្តើមឆ្លងរាលដាល កាន់តែច្រើនហើយ ដោយ​គិតមកទល់ពេលនេះ មាន​ប្រទេសជាង​៣០ប្រទេសហើយ ដែលកូវីដអូមីក្រុងបានទៅដល់។ នៅបារាំង អាជ្ញាធរសុខាភិបាល បានប្រកាសថាគេបានរកឃើញចំនួន​ ៩ករណី ចំណែកនៅសហរដ្ឋអាមេរិកវិញ មាន១០ករណី រីឯអូស្ត្រាលីមាន​៩ករណី។ ជាងនេះទៀត នៅអូស្ត្រាលី និងសហរដ្ឋអាមេរិក អាជ្ញាធរបាន​អះអាងថា គឺមាន​ករណីឆ្លងក្នុងសហគមន៍ ពោលគឺមិនមែនមនុស្សដែលធ្វើដំណើរមកពីបរទេសនោះទេ។

ទីតាំងធ្វើតេស្តរហ័ស នៅផ្លូវលេខ ៤២ ក្នុងក្រុងញូយ៉ក។ ថ្ងៃទី ២ធ្នូ ២០២១
ទីតាំងធ្វើតេស្តរហ័ស នៅផ្លូវលេខ ៤២ ក្នុងក្រុងញូយ៉ក។ ថ្ងៃទី ២ធ្នូ ២០២១ AP - John Minchillo
ផ្សាយពាណិជ្ជកម្ម

តួលេខចុងក្រោយរបស់អាជ្ញាធរសុខាភិបាល​បារាំង គិតត្រឹមព្រឹកថ្ងៃសុក្រទី​៣ធ្នូ គឺមាន​អ្នក​វិជ្ជមាន​​កូវីដ​អូមីក្រុង សរុបចំនួន៩ករណី។ ប្រភពដដែលអះអាងថា ករណីនៅបារាំងទាំងអស់ គឺសុទ្ធតែជាអ្នកដែលបានធ្វើដំណើរមកពីទ្វីបអាហ្វ្រិក។ អាជ្ញាធរបារាំង បាន​រិតបន្តឹង ការដាក់ឲ្យ​ធ្វើចត្តាឡីស័ក អ្នកវិជ្ជមានទាំងនោះ យ៉ាងតឹងតែងបំផុត និង​តាមដានរកករណីប៉ះពាល់ ដោយផ្ទាល់ផ្សេងទៀត។

ចំណែកនៅសហរដ្ឋអាមេរិកវិញ គិតមកត្រឹមពេលនេះ មាន១០ករណីវិជ្ជមានកូវីដអូមីក្រុង ក្នុងនោះមាន១ករណី នៅរដ្ឋមីណេសូតា ដែលជាមនុស្សមិនបានចេញទៅក្រៅសហរដ្ឋអាមេរិកទេ តែបានធ្វើដំណើរទៅទីក្រុងញូយ៉ក។ ហើយករណីមួយទៀត នៅកោះហាវ៉ៃ ក៏ដូចគ្នាដែរ​ គឺមិនមែនជាអ្នកដំណើរមកពីបរទេសទេ​ តែជាអ្នកដែលមិនបានចាក់វ៉ាក់សាំង។ ចំណែកនៅអូស្ត្រាលី ក្នុង​ចំណោម​៩ករណី​កូវីដអូមីក្រុង ដែលគេបានរកឃើញ គឺមាន១ករណីដែរ ដែលជាសិស្សសាលានៅក្រុងស៊ីដនី ហើយមិនបានធ្វើដំណើរចេញក្រៅអូស្ត្រាលីទេ។ ករណីទាំងនេះ បានបង្ហាញថា កូវីដ​អូមីក្រុង បាន​និងកំពុងតែឆ្លង ក្នុងចំណោមសហគម ក្នុងស្រុករួចទៅហើយ។

គួរបញ្ជាក់ថា កូវីដបំប្លែងខ្លួនអូមីក្រុង កំពុងធ្វើឲ្យពិភពលោក ភ័យជ្រួលច្របល់ជាខ្លាំង។ ប្រទេស អាហ្វ្រិកខាងត្បូង បានប្រកាសពីការប្រទះវត្តមានមេរោគនេះ នៅក្នុងប្រទេសខ្លួន​កាលពីថ្ងៃទី​២៥វិច្ឆិកា។ ប្រទេសនានា បាននាំគ្នាបិទព្រំដែន ដាក់វិធានការរារាំងការធ្វើដំណើរជាបន្តបន្ទាប់ ជាមួយអាហ្វ្រិកខាងត្បូង និង​ប្រទេសជាប់ក្បែរខាងប្រមាណ​១០​ប្រទេសទៀត។

បើទោះបីជាមកទល់ពេលនេះ គេមិនទាន់អាចដឹងបានថា កូវីដអូមីក្រុង អាចមានគ្រោះថ្នាក់បង្កបញ្ហាសុខភាពខ្លាំងកម្រិតណា តែមានការព្រួយបារម្ភកាន់តែខ្លាំងឡើង ពីកម្លាំង​ឆ្លងរាលដាលរបស់វា។ យោងតាមការ​ស្រាវជ្រាវមួយ របស់អាហ្វ្រិកខាងត្បូង បានបង្ហាញថា ជាមួយនឹងកូវីដ​អូមីក្រុង អ្នកដែលធ្លាប់ឆ្លងកូវីដរួចហើយ គឺអាចធ្លាក់ខ្លួនឆ្លងម្តងទៀត ក្នុងកម្រិតលើស​ដល់ទៅ៣ដង បើប្រៀបធៀបទៅកូវីដបេតា និងដែលតា។ នៅអាហ្វ្រិកខាងត្បូង គេបានសង្កេតឃើញថា ក្នុងរវាងពីថ្ងៃទី​១ ដល់ថ្ងៃទី​២៧​វិច្ឆិកា ក្នុងចំណោម​អ្នកដែលធ្លាប់ឆ្លងកូវីដរួចហើយចំនួន ២.៨លាននាក់ គឺមាន ប្រមាណ​ ៣៥៦៧០នាក់ បានធ្លាក់ខ្លួនឆ្លងកូវីដម្តងទៀត។

អ្នកជំនាញ​អាហ្វ្រិកខាងត្បូងសន្និដ្ឋានថា លទ្ធភាពធំដែលអាចឆ្លងកូវីដម្តងទៀត ទៅលើអ្នកដែលធ្លាប់ឆ្លងហើយនេះ គឺវាហាក់មានន័យថា កូវីដ​អូមីក្រុង​ មានកម្លាំងអាចគេចផុត​ពី​ប្រព័ន្ធអង់ទីក័ររបស់​មនុស្ស។ តែយ៉ាងណា លោកស្រី Juliet Pulliam អ្នកជំនាញ​នៅសកលវិទ្យាល័យ​Stellenbosch ដែល​បានធ្វើរបាយការណ៍នេះ បាន​លើកឡើងថា ក្នុងការស្រាវជ្រាវនេះ គេមិនបាន​​ពិនិត្យ​​ថាអ្នក​ឆ្លង​នីមួយៗ​ បានចាក់វ៉ាក់សាំងឬអត់នោះទេ។ ដូច្នេះ គ្មានការសន្និដ្ឋានណាមួយ ទាក់ទិននឹងប្រសិទ្ធភាពរបស់វ៉ាក់សាំង ប្រឈមជាមួយ​ថាកូវីដអូមីក្រុងឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ