អានតួអត្ថបទ
តៃវ៉ាន់-ចិន-សហរដ្ឋ​អាមេរិក

អតីតប្រមុខ​ការទូត​​អាមេរិក ថា​​អាមេរិក​​គួរ​ទទួលស្គាល់​តៃវ៉ាន់​ជា​រដ្ឋឯករាជ្យពេញលេញ

ក្នុង​ខណៈ​ដែល​ពិភពលោកកំពុង​ខ្វល់​ខ្វាយ​​នឹង​សង្គ្រាម​នៅ​អ៊ុយក្រែន​ បង្ក​ឡើង​ដោយ​ការ​ឈ្លានពាន​របស់​រុស្ស៊ី អតីត​រដ្ឋមន្រ្តី​ការបរទេសអាមេរិក លោក​ប៉ុមពេអូ (Mike Pompeo) បាន​អះអាង​ថា សហរដ្ឋ​អាមេរិក គួរ​តែ​ប្រកាស​ទទួលស្គាល់​តៃវ៉ាន់ជា “រដ្ឋឯករាជ្យ​ មានសេរីភាពនិង​អធិបតេយ្យភាព” ពេញលេញ។

លោក ប៉ុមពេអូ អតីត​រដ្ឋមន្ត្រីការបរទេស​អាមេរិក និង​លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់ សៃ អ៊ីនវេន ថ្ងៃទី ៣ មីនា ២០២២
លោក ប៉ុមពេអូ អតីត​រដ្ឋមន្ត្រីការបរទេស​អាមេរិក និង​លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់ សៃ អ៊ីនវេន ថ្ងៃទី ៣ មីនា ២០២២ © 中央社记者郑杰文摄
ផ្សាយពាណិជ្ជកម្ម

ក្នុង​ខណៈ​ដែល​សហរដ្ឋ​អាមេរិក​និង​ចិន​កំពុង​បន្ត​តានតឹងនឹង​គ្នា​ខ្លាំង​ជុំ​វិញ​​បញ្ហា​តៃវ៉ាន់ ​ទីប្រឹក្សា​ដ៏​ជំនិត​ម្នាក់​របស់​អតីត​ប្រធានាធិបតី​អាមេរិក​ ដូណាល់ គឺ​លោក​ ប៉ុមពេអូ ​បាន​អញ្ជើញទៅ​​បំពេញ​ទស្សនកិច្ច​​នៅ​​​​កោះ​តៃវ៉ាន់។ អតីត​រដ្ឋមន្ត្រីការបរទេសអាមេរិក បាន​អះអាង​នៅ​ចំពោះ​មុខ​ក្រុម​អ្នក​វិភាគ​តៃវ៉ាន់​ថា “បើ​វ៉ាស៊ីនតោនត្រូវ​បន្ត​ចរចា​ជាមួយ​ប៉េកាំង ក្នុង​នាម​ជា​រដ្ឋាភិបាល​ឯករាជ្យ​មួយ អាមេរិកក៏​ត្រូវ​ទទួលស្គាល់​តាមផ្លូវ​ទូតតៃប៉ិដូចគ្នា។ អាមេរិកមិនអាច​ធ្វើ​មិនដឹង​មិន​ឮ ហើយ​​ចៀស​ ឬ​ចាត់​ទុក​តៃវ៉ាន់​ជារដ្ឋបន្ទាប់​បន្សំ​ទេ”។ រដ្ឋបាល​អាមេរិក​គួរ​​តែរួសរាន់​ចាត់​វិធានការ​ចាំបាច់ និងដែល​គួរ​ធ្វើ​​តាំងពី​យូរ​មក​ហើយ​ ព្រោះ​ជាទង្វើ​​ត្រឹមត្រូវនិង​ជា​ប្រត្យក្សភាព ពោលគឺគួរ​ប្រកាសទទួលស្គាល់ តាមផ្លូវ​ការ​ទូត សាធារណរដ្ឋ​ចិន (ឈ្មោះ​ផ្លូវការ​របស់តៃវ៉ាន់​) ជា​រដ្ឋ​ឯករាជ្យ​ពេញ​លេញ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​ប៉ុមពេអូ​ដដែល។

​ ​នេះ មិនមែនជាជំរុញ​ឱ្យ​​តៃវ៉ាន់ទាមទារ​ឯករាជ្យ​ ​នាពេល​អនាគត​ទេ តែ​ជាការទទួល​ការពិត ដែល​មិន​អាច​ប្រកែកបាន និង​ដែល​កើត​មានរួច​​ទៅ​ហើយ។ សម្រាប់​លោកប៉ុមពេអូ តៃវ៉ាន់​ជាជាតិ​មួយ​មាន​​ឯករាជ្យស្រាប់ ! ប្រជាពលរដ្ឋ​អាមេរិក​និង​រដ្ឋាភិបាលអាមេរិក គួរ​តែ​ព្រមទទួលនូវ​អ្វី​ដែល​ជាការពិត និង​ត្រឹមត្រូវ​​តាមផ្លូវ​សីលធម៌។ ពលរដ្ឋ​តៃវ៉ាន់​គួរ​តែ​ទទួល​បាន​នូវ​ការ​គោរព​ពីពិភពលោក​ ចំពោះភាព​ស្វិតស្វាញ​ដើម្បីសេរីភាព ប្រជាធិបតេយ្យ​និង​អធិបតេយ្យភាព។

ជា​ការ​អបអរ លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់ សៃ អ៊ីនវេន ដែ​លបាន​ប្រកាស​ថា​មិន​ចាំបាច់​ប្រកាសឯករាជ្យ​ ព្រោះ​តៃវ៉ាន់​ជា​រដ្ឋមានអធិបតេយ្យភាព​រួច​ទៅហើយ​ បាន​បំពាក់​មេដាយ​កិត្តិយស​ជូនលោក​ប៉ុមពេអូ និង​លើក​សរសើរ​លោក​អតីត​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ ដែល​បាន​សម្រួល​ឱ្យ​ទំនាក់​ទំនង​អាមេរិក-តៃវ៉ាន់​បាន​កាន់​តែ​ប្រសើរ​ឡើង​ច្រើន។

ប៉ុន្តែ​សម្រាប់​ប៉េកាំង តៃវ៉ាន់​ជាដែន​ដី​មួយ​ចំណែក​​​របស់​ចិន ដែល​អាជ្ញាធរ​អាច​នឹង​ប្រើ​កម្លាំង​យក​មកវិញ​ប្រសិន​បើ​ចាំបាច់។ ចិន​ធ្លាប់​បានព្រមាន​ដោយ​ចំៗ​ថាសង្គ្រាមនឹង​ផ្ទុះ​ឡើង​ បើ​​តៃវ៉ាន់ហ៊ាន​​ទាមទារ​ឯករាជ្យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ