អានតួអត្ថបទ
តៃវ៉ាន់-ចិន-សហរដ្ឋ​អាមេរិក

ចិន-តៃវ៉ាន់ ៖ នាវា​ចម្បាំង​អាមេរិកចូល​​​ល្បាត​ក្នុង​​ច្រក​សមុទ្ទ​តៃវ៉ាន់

នៅ​ថ្ងៃសៅរ៍ទី ២៦​កុម្ភៈនេះ នាវា​ចម្បាំងអាមេរិក​បាន​បើកល្បាត​​ចូលក្នុង​ច្រកសមុទ្ទ​តៃវ៉ាន់​ ដែល​ខណ្ឌចែក​កោះតៃវ៉ាន់​ពី​ដែនដី​ចិន​លើក​ទ្វីប។ គិត​ចាប់តាំង​ពី​ឆ្នាំ​២០២២មក នេះ​ជា​លើក​ទីពីរ​ហើយ​ដែល​កងម៉ារីន​អាមេរិក​បើក​ចូលក្នុងដៃសមុទ្ទ​ដែ​លចិន​ចាត់​ទុក​ជា​ដែន​អធិបតេយ្យ​របស់​ខ្លួន។

កងនាវា​អាមេរិកUSS John Finn (DDG 113) ចូលចតនៅ​តៃវ៉ាន់ ថ្ងៃទី​ ១០មីនា ២០២១
កងនាវា​អាមេរិកUSS John Finn (DDG 113) ចូលចតនៅ​តៃវ៉ាន់ ថ្ងៃទី​ ១០មីនា ២០២១ VIA REUTERS - US NAVY
ផ្សាយពាណិជ្ជកម្ម

“នាវា​ចម្បាំង​USS Ralph Johnson បាន​ធ្វើ​ល្បាត​ជា​ធម្មតា​ក្នុង​ដៃសមុទ្ទ​ដែល​​ជា​ដែន​ទឹកអន្តរជាតិ និង​ស្រប​តាម​ច្បាប់​អន្តរជាតិ” នេះ​ជា​សេចក្តី​ថ្លែងការណ៍​របស់​កងនាវា​ជើង​ទឹក​អាមេរិក​។ ជាមួយ​នឹង​ការ​បញ្ជាក់​ព័ត៌មាន​​ថា នាវា​អាមេរិក ពិត​ជា​បាន​ធ្វើ​ចរាចរណ៍​​ក្នុង​តំបន់​ច្រកសមុទ្ទ​ ក្រសួងការពារ​ជាតិ​តៃវ៉ាន់លម្អិត​​បន្ថែម​ថា​យោធា​តៃវ៉ាន់​បាន​តាមដាន​និង​ត្រួត​ពិនិត្យ​រាល់​គ្រប់​សកម្មភាព​ ក្នុងផ្ទៃទឹក  លើ​ផ្ទៃអាកាសតៃវ៉ាន់ ហើយ​អ្វីៗ​មាន​ស្ថានភាព​ធម្មតា​ទាំងអស់។

នាវាយោធា​អាមេរិក​មានទម្លាប់​បើក​ល្បាត​ក្នុង​ច្រក​សមុទ្ទ​តៃវ៉ាន់។ ហើយ​វត្តមាន​របស់​នាវា ជា​សារ​បញ្ជាក់អំពី​ការ​​គិត​គូរ​ការពារ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក ឱ្យ​នៅ​តែ​ជា​តំបន់​មាន​សេរីភាពនិង​បើក​ទូលាយ។ ប៉ុន្តែ​សម្រាប់​ចិន ចិន​​ក្តៅ​ក្រហាយ​ខ្លាំងណាស់​ ព្រោះ​ ​ប៉េកាំង តែង​​ចាត់​ទុក​តំបន់ច្រក​សមុទ្ទ​តៃវ៉ាន់ ឬអ័រមូស ​នេះ​ជា​ផ្នែកមួយ​នៃ​ដែន​ដី​របស់​ចិន។ រាល់​គ្រប់​​នាវាបរទេសដែលធ្វើ​ចរាចរណ៍​ឆ្លង​កាត់​ច្រក​នេះ ​ត្រូវ​បាន​របប​​សាធារណរដ្ឋប្រជាមានិត​ចិន ចាត់​ទុកជាការរំលោភ​អធិបតេយ្យភាព​ចិន។

ហេតុដូច្នេះ​ហើយ​បាន​ជា​ដោយ​គ្មាន​បង្អង់ យោធាចិនបានចេញ​ថ្លែងការណ៍​ ចោទ​វត្តមាន​នាវា​អាមេរិក​ក្នុង​ដៃសមុទ្ទ​តៃវ៉ាន់ ថា​ជា​ទង្វើ​​​បង្ក​ហេតុ ដែល​ធ្វើ​ឡើង​ដើម្បី​គាំទ្រ​កងកម្លាំងឯករាជ្យ​និយម​តៃវ៉ាន់។ “កង​កម្លាំងយោធា​ចិន ស្ថិត​ក្នុង​ស្ថានភាពត្រៀម​ប្រយុទ្ធ​ខ្ពស់​ណាស់ ដើម្បី​ការពារ​អធិបតេយ្យភាព​ និង​សន្តិសុខជាតិ​”។ នេះ​ជាសេចក្តី​ថ្លែងការណ៍​ព្រមាន​របស់​កង​នាវា​យោធា​ជើង​ទឹក​ចិន​ប្រចាំតំបន់​ប្រតិបត្តិការ​ខាងកើត។

តាំងពី ​២០១៦ ​​ឆ្នាំដែល​គណបក្ស​ប្រឆាំង​ចិន​ប៉េកាំង​​ខ្លាំង​របស់​លោកស្រីសៃអ៊ីងវេន​ ឡើង​កាន់​អំណាច​នៅ​តៃវ៉ាន់មក ចិន​បាន​បង្កើនសម្ពាធ​​សេដ្ឋកិច្ច យោធា​និង​ការទូត​ លើ​កោះ​តៃវ៉ាន់​យ៉ាងខ្លាំង។ ប៉េកាំង​បាន​ថែម​ទាំងគំរាម​ជា​ញឹកញយ​ថា​នឹង​ប្រើកម្លាំងយោធា​ក្រសោប​យក​តៃវ៉ាន់​មកវិញ ​ប្រសិន​បើ​កោះ​ហ៊ាន​ប្រកាស​ទាមទារ​ឯករាជ្យ​ជា​ផ្លូវ​ការ ឬមានអន្តរាគមន៍​មក​ពីក្រៅប្រទេស។ ហើយការ​វាយ​យក​តៃវ៉ាន់​មិនអាចប្រៀប​ប្រដូច​ ​​ទៅ​នឹង​ការ​ឈ្លានពានរបស់​រុស្ស៊ី​លើ​អ៊ុយក្រែនទេ។ នេះ​បើ​តាម​សំដីរបស់​រដ្ឋាភិបាល​ចិន​​ កាលពី​ពី​រ​-បី​ថ្ងៃ​មុន​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ