អានតួអត្ថបទ

ប៉ាគីស្ថាន៖នាយករដ្ឋមន្រ្តីលោកអ៊ីមរ៉ាន់ ខាន់កំពុងប្រឈមនឹងញត្តិដកសេចក្តីទុកចិត្តពីសភា

នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន តុលាការ​កំពូល​បាន​លុបចោល​សេចក្តីសម្រេច​រំលាយសភា​របស់​ប្រធានាធិបតី និង​បញ្ជា​ឲ្យ​យក​ញត្តិ​ដក​សេចក្តីទុកចិត្ត​ពី​នាយករដ្ឋមន្រ្តី​លោក​អ៊ីមរ៉ាន់ ខាន់​ទៅ​ដាក់​ឲ្យ​សភា​បោះឆ្នោត។ ការ​សម្រេច​របស់​តុលាការកំពូល​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នា​ថ្ងៃ​ព្រហស្បតិ៍ ទី៧ មេសា​នេះ​កំពុង​ធ្វើ​ឲ្យ​លោក​អ៊ីមរ៉ាន់ ខាន់​ប្រឈម​នឹង​ការ​ធ្លាក់​ពី​អំណាច​ជាង​ពេល​ណាៗ​ទាំង​អស់។ មាន​អាយុ ៦៩ឆ្នាំ លោក​អ៊ីមរ៉ាន់ ខាន់​បាន​កាន់​តំណែង​នាយករដ្ឋមន្រ្តី​តាំង​ពី​ឆ្នាំ ២០១៨។

នៅប៉ាគីស្ថាន នាយករដ្ឋមន្រ្តីលោកអ៊ីមរ៉ាន់ ខាន់កំពុងប្រឈមនឹងញត្តិដកសេចក្តីទុកចិត្តពីសភា។
នៅប៉ាគីស្ថាន នាយករដ្ឋមន្រ្តីលោកអ៊ីមរ៉ាន់ ខាន់កំពុងប្រឈមនឹងញត្តិដកសេចក្តីទុកចិត្តពីសភា។ AP - Rahmat Gul
ផ្សាយពាណិជ្ជកម្ម

បន្ត​កាន់​តំណែង​រហូត​ដល់​ចប់​អាណត្តិ ឬ​ធ្លាក់​មុន​អាណត្តិ លោក​អ៊ីមរ៉ាន់ ខាន់​នឹង​ដឹង​នៅ​ថ្ងៃ​សៅរ៍ ទី៩ មេសា​ដែល​សភា​ត្រូវ​បោះឆ្នោត​ទទួល​យក ឬ​ច្រានចោល​ញត្តិ​ដក​សេចក្តី​ទុកចិត្ត​រៀបចំ​ឡើង​ដោយ​ក្រុម​គណបក្សប្រឆាំង។ តែ​មួយ​ថ្ងៃ​មុន​ការ​បោះឆ្នោត​នៅ​សភា លោក​អ៊ីមរ៉ាន់ ខាន់​ថ្លែង​ទៅ​កាន់​ប្រជាជាតិ​នា​យប់​ថ្ងៃ​សុក្រ ទី៨មេសា និង​កោះប្រជុំ​សមាជិក​ក្នុង​រដ្ឋាភិបាល​របស់​លោក រួម​ទាំង​ថ្នាក់​ដឹកនាំ​សំខាន់ៗ​របស់​គណបក្ស​លោក គឺ​ចលនា​ប៉ាគីស្ថាន​ដើម្បី​យុត្តិធម៌។ គួរ​រម្លឹក​ថា ញត្តិ​ដក​សេចក្តី​ទុកចិត្ត​ពី​លោក​អ៊ីមរ៉ាន់ ខាន់​ដែល​គ្រោង​ដាក់​ឲ្យ​សភា​បោះឆ្នោត​តាំង​ពី​សប្តាហ៍​មុន​ត្រូវ​បាន​អនុប្រធាន​រដ្ឋសភា​មិន​ដាក់​ឲ្យ​សភា​បោះឆ្នោត​ទេ។

ក្រោយ​ពី​ការ​សម្រេច​របស់​អនុប្រធាន​រដ្ឋសភា​ដែល​ជា​មនុស្សជំនិត​ម្នាក់​របស់​លោក​អ៊ីមរ៉ាន់ ខាន់ ប្រធានាធិបតី​ក៏​បាន​ប្រកាស​រំលាយ​សភា និង​កោះ​ឲ្យ​មាន​ការ​បោះឆ្នោត​មុន​អាណត្តិ​តាម​សំណើ​របស់​លោក​អ៊ីមរ៉ាន់ ខាន់។ តែ​ទីបំផុត​នា​ថ្ងៃ​ព្រហស្បតិ៍ ទី៧ មេសា តុលាការកំពូល​បាន​សម្រេច​លុបចោល​ការ​រំលាយសភា​របស់​ប្រធានាធិបតី និង​តម្រូវ​ឲ្យ​យក​ញត្តិ​ដក​សេចក្តីទុកចិត្ត​ពី​លោក​អ៊ីមរ៉ាន់ ខាន់​ទៅ​ដាក់​ឲ្យ​សភា​បោះឆ្នោត។ ដូច្នេះ​ចង់ ឬ​មិន​ចង់ សេចក្តីសម្រេច​របស់​តុលាការកំពូល​អាច​ជា​រឿង​ដែល​លោក​អ៊ីមរ៉ាន់ ខាន់​មិន​បាន​រង់ចាំ។ តែ​ក្រុម​គណបក្សប្រឆាំង​បាន​សាទរ​ចំពោះ​ការ​សម្រេច​របស់​តុលាការកំពូល​ពេល​នេះ។

« ការ​សម្រេច​នេះ​បាន​ស្រោចស្រង់​ប៉ាគីស្ថាន និង​រដ្ឋធម្មនុញ » នេះ​ជា​ប្រតិកម្ម​របស់​លោក​ស្ហេបា ស្ហារីហ្វ ប្រធាន​គណបក្ស​សម្ព័ន្ធ​អ៊ីស្លាម​ប៉ាគីស្ថាន​ដែល​បក្ស​ប្រឆាំង​នៅ​សភា។ លោក​ស្ហេបា ស្ហារីហ្វ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា អាច​ក្លាយ​ជា​នាយករដ្ឋមន្រ្តី បើ​ញត្តិ​ដក​សេចក្តី​ទុកចិត្ត​ពី​លោក​អ៊ីមរ៉ាន់ ខាន់​ត្រូវ​បាន​សភា​បោះឆ្នោត​គាំទ្រ។ គួរ​បញ្ជាក់​ថា​មាន​អាយុ ៦៩ឆ្នាំ លោក​អ៊ីមរ៉ាន់ ខាន់​ដែល​បាន​កាន់​តំណែង​តាំង​ពី​ឆ្នាំ ២០១៨ ត្រូវ​បាន​ក្រុម​គណបក្ស​ប្រឆាំង​ចោទ​ប្រកាន់​ពី​បទ​គ្រប់គ្រង​សេដ្ឋកិច្ច​មិន​បាន​ល្អ និង​មាន​ភាព​ឆ្គាំឆ្គង​នៅ​ក្នុង​នយោបាយ​ការបរទេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ