អានតួអត្ថបទ
ប៉ាគីស្ថាន-អាហ្វហ្កានីស្ថាន

ប៉ាគីស្ថាន និងអាហ្វហ្កានីស្ថានដំឡើងសំឡេងដាក់គ្នា ក្រោយផ្ទុះភាពតានតឹងនៅតាមព្រំដែន

នៅ​ថ្ងៃ​អាទិត្យ ទី១៧ មេសា ប្រទេស​ប៉ាគីស្ថាន​បាន​អំពាវនាវ​ឲ្យ​ប្រទេស​អាហ្វហ្កានីស្ថាន​ចាត់​វិធានការ​ចាស់ដៃ​ប្រឆាំង​នឹង​ក្រុម​សកម្មជន​ដែល​បាន​ប្រើ​ទឹកដី​អាហ្វហ្កានីស្ថាន​ដើម្បី​វាយប្រហារ​ប៉ាគីស្ថាន។ ការ​អំពាវនាវ​នេះ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​អាហ្វហ្កានីស្ថាន​ចោទ​ប៉ាគីស្ថាន​ពី​បទ​វាយប្រហារ​ដោយ​ទម្លាក់​គ្រាប់បែក​នៅ​ប៉ែកខាងកើត​អាហ្វហ្កានីស្ថាន​ក្នុង​ថ្ងៃ​សៅរ៍ ទី១៦ មេសា។ ការ​វាយប្រហារ​នេះ​បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន ៤៧នាក់ ក្នុង​នោះ​មាន​កូនក្មេង និង​ស្រី្ត។ តែ​កងទ័ព​ប៉ាគីស្ថាន​មិន​បាន​បញ្ជាក់​លើ​ការ​វាយប្រហារ​នេះ​ទេ។

លោកហ្សាប៊ីហ៊ូឡា មូយ៉ាហ៊ីដ អ្នកនាំពាក្យរដ្ឋាភិបាលអាហ្វហ្កានីស្ថាន។
លោកហ្សាប៊ីហ៊ូឡា មូយ៉ាហ៊ីដ អ្នកនាំពាក្យរដ្ឋាភិបាលអាហ្វហ្កានីស្ថាន។ REUTERS - STRINGER
ផ្សាយពាណិជ្ជកម្ម

ការ​អំពាវនាវ​របស់​ប៉ាគីស្ថាន​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រសួង​ការបរទេស​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ដែល​មាន​ខ្លឹមសារ​ជា​អាទិ៍​ថា « ប៉ាគីស្ថាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​ធានា​សន្តិសុខ​នៅ​តំបន់​ព្រំដែន​ប៉ាគីស្ថាន-អាហ្វហ្កានីស្ថាន និង​ចាត់​វិធានការ​តឹងរ៉ឹង​ប្រឆាំង​នឹង​ក្រុម​មនុស្ស​ដែល​ពាក់ព័ន្ធ​នៅ​ក្នុង​សកម្មភាព​ភេរវកម្ម​នៅ​ប៉ាគីស្ថាន។ ជា​ថ្មី​ម្តង​ទៀត ប៉ាគីស្ថាន​ថ្កោលទោស​ចាស់ដៃ​លើ​ក្រុម​ភេរវជន​ដែល​បាន​ប្រើ​ទឹកដី​អាហ្វហ្កានីស្ថាន​ដើម្បី​បង្ក​សកម្មភាព​នៅ​ក្នុង​ទឹកដី​ប៉ាគីស្ថាន »។

សូម​បញ្ជាក់​ថា អ្វីៗ​បាន​ចាប់​ផ្តើម​ដំបូង​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី១៤ មេសា​ដោយ​មាន​ទាហាន​ប៉ាគីស្ថាន​ចំនួន ៧នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​តំបន់​ខាងជើង​វ៉ាហ្ស៊ីរីស្ថាន​ដោយ​ក្រុម​ភេរវជន​មក​ពី​ប្រទេស​អាហ្វហ្កានីស្ថាន។ បន្ទាប់​មក​ក្នុង​ថ្ងៃ​សៅរ៍ ទី១៦ មេសា និង​បើ​តាម​រដ្ឋអំណាច​អាហ្វហ្កានីស្ថាន កងទ័ព​ប៉ាគីស្ថាន​បាន​វាយប្រហារ​ដោយ​ទម្លាក់​គ្រាប់បែក​នៅ​ប៉ែក​ខាងកើត​អាហ្វហ្កានីស្ថាន​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ៤៧នាក់ ក្នុង​នោះ​មាន​ស្រ្តី និង​កូនក្មេង រួម​ទាំង​អ្នក​របួស​ចំនួន ២២នាក់។ តែ​កងទ័ព​ប៉ាគីស្ថាន​មិន​បាន​បញ្ជាក់​លើ​ការ​វាយប្រហារ​នេះ​ទេ។

ទោះ​ជា​យ៉ាង​នេះ​ក្តី រដ្ឋាភិបាល​ក្រុង​កាប៊ូល​មិន​ញញើត​ព្រមាន​រដ្ឋាភិបាល​ក្រុង​អ៊ីស្លាម៉ាបាត​ត្រង់​ទេ។ « ជា​ទង្វើ​ឃោរឃៅ និង​ជា​ការ​បើក​ផ្លូវ​ឆ្ពោះ​ទៅ​រក​ភាព​សត្រូវ​រវាង​អាហ្វហ្កានីស្ថាន និង​ប៉ាគីស្ថាន » នេះ​ជា​ការ​ថ្លែង​របស់​លោក​ហ្សាប៊ីហ៊ូឡា មូយ៉ាហ៊ីដ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន។ លោក​ហ្សាប៊ីហ៊ូឡា មូយ៉ាហ៊ីដ​បាន​បន្ថែម​ដោយ​ព្រមាន​ប៉ាគីស្ថាន​ថា បើ​សង្រ្គាម​មួយ​ចាប់​ផ្តើម សង្រ្គាម​នោះ​នឹង​មិន​ផ្តល់​ប្រយោជន៍​ឲ្យ​ភាគី​ណា​មួយ​ទេ។

មែនទែន​ទៅ ភាព​តានតឹង​នៅ​តាម​ព្រំដែន​រវាង​ប៉ាគីស្ថាន និង​អាហ្វហ្កានីស្ថាន​ហាក់​បាន​ឡើង​កាន់​តែ​ខ្លាំង​តាំង​ពី​ពួក​តាលីបង់​​ឡើង​កាន់​អំណាច​នៅ​អាហ្វហ្កានីស្ថាន។ គួរ​រម្លឹក​ថា នៅ​ប៉ាគីស្ថាន​ក៏​មាន​ពួក​តាលីបង់​ដែរ តែ​ជា​ក្រុម​មួយ​ដាច់​ដោយ​ឡែក​ពី​តាលីបង់​អាហ្វហ្កានីស្ថាន។ តាលីបង់​ប៉ាគីស្ថាន​បាន​ជ្រកកោណ​នៅ​តាម​បណ្តោយ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ និង​កំពុង​តស៊ូប្រឆាំង​នឹង​រដ្ឋាភិបាល​ប៉ាគីស្ថាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ