អានតួអត្ថបទ
អាហ្វហ្កានីស្ថាន-ប៉ាគីស្ថាន

អាហ្វហ្កានីស្ថាន និង​ប៉ាគីស្ថាន​ប្តេជ្ញា​កៀកស្មា​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមភេរវនិយម

ប្រធានាធិបតី អាហ្វហ្កានីស្ថាន និង​នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន កាលពីថ្ងៃ​អង្គារ​ទី ១២​ឧសភា​បាន​បង្ហាញ​ជំហរ​រួមគ្នា​ជាធ្លុង​មួយ ដើម្បី ប្រយុទ្ធប្រឆាំង​នឹង​ក្រុមភេរវនិយម។ ដំណើរ​ទស្សនកិច្ច កាលពី​ថ្ងៃ​អង្គារ របស់​នាយក​រដ្ឋមន្រ្តី​ប៉ាគីស្ថាន លោក​ណាវ៉ា ស្ហារីហ្វ ទៅ​ប្រទេស​អាហ្វហ្កានីស្ថាន​បញ្ជាក់​ឲ្យ​ឃើញ​កាន់តែច្បាស់​ពី​ការខិតចូល​ជិតគ្នា រវាង​ប្រទេស​ជិត​ខាង​ទាំងពីរ។ 

នាយករដ្ឋមន្រ្តី​​ប៉ាគីស្ថាន​(ឆ្វេង) ចាប់ដៃ​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន ក្នុង​ដំណើរ​ទស្សនកិច្ច​ក្នុង​ក្រុង​កាប៊ូល ថ្ងៃទី ១២​ឧសភា
នាយករដ្ឋមន្រ្តី​​ប៉ាគីស្ថាន​(ឆ្វេង) ចាប់ដៃ​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន ក្នុង​ដំណើរ​ទស្សនកិច្ច​ក្នុង​ក្រុង​កាប៊ូល ថ្ងៃទី ១២​ឧសភា ©REUTERS/Omar Sobhani
ផ្សាយពាណិជ្ជកម្ម

 

ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន​ទៅ​ទីក្រុង​កាប៊ូល​បាន​ជួយ​កាត់បន្ថយ​ច្រើន ភាពមិនចុះ​សម្រុង​រវាង​ប៉ាគីស្ថាន និង​អាហ្វហ្កានីស្ថាន។ នៅក្នុង​សន្និសីទ​កាសែត​រួមគ្នា កាលពីថ្ងៃ​អង្គារ ទាំង​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន និង​នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន​បាន​បញ្ជាក់​ឆន្ទៈ​ចង់​ប្រយុទ្ធ​រួមគ្នា ប្រឆាំងនឹង​ក្រុម​បង្ក​អំពើ​ភេរវកម្ម។ សត្រូវ​របស់​អាហ្វាហ្កានីស្ថាន មិនអាច​ជា​មិត្ត​របស់​ប៉ាគីស្ថាន។ នេះ​ជា​ការនិយាយ​ធានា​របស់​នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន​ទៅកាន់​លោក​អាស្រាហ្វ ហ្កានី ប្រធានាធិបតី​អាហ្វហ្កានីស្ថាន។ តាម​លោក​នាយករដ្ឋមន្រ្តី​ណាវ៉ា ស្ហារីហ្វ ប្រទេស​ទាំងពីរ​នឹង​ទាក់ទង​ធ្វើការ​ជាមួយគ្នា ដើម្បី​បំផ្លាញ​សំបុក​ក្រុមភេរវនិយម ដែល​ស្ថិតនៅ​តាម​បណ្តោយ​ព្រំដែន​ប្រទេស​ទាំងពីរ។

ប៉ាគីស្ថាន និង​អាហ្វហ្កានីស្ថាន​បច្ចុប្បន្ន កំពុង​រងគ្រោះ​ដូចគ្នា ដោយ​អំពើ​ភេរវកម្ម​បំផ្ទុះ​គ្រាប់បែក​របស់​ពួក​តាលីបង់។ អាហ្វហ្កានីស្ថាន​កំពុង​រង​ការវាយប្រហារ របស់​ពួក​តាលីបង់ ដែលចាប់​ធ្វើ​ភេរវកម្ម ប្រឆាំង​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន តាំងពី​រដូវផ្ការីក។ ចំណែក​ប៉ាគីស្ថាន​ក៏កំពុង​ប្រឈម​នឹង​ពួក​ឧទ្ទាម​តាលីបង់​ប៉ាគីស្ថាន ដែល​លាក់ខ្លួន នៅក្នុង​ជួរភ្នំ ក្បែរ​ព្រំដែន​អាហ្វហ្កានីស្ថាន។

 
ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន ធ្វើ​ឡើង​ជាលើកទីមួយ តាំងពី​លោក​អាស្រាហ្វ ហ្កានី ចូល​កាន់តំណែង​ជា​ប្រធានាធិបតី​ថ្មី​របស់​អាហ្វហ្កានីស្ថាន។ លោក​អាស្រាហ្វ ហ្កានី​ធ្លាប់​ធ្វើដំណើរ​ទស្សនកិច្ច ទៅ​អ៊ីស្លាម៉ាបាត ម្តង កាលពី​ខែ​វិច្ឆិកា​កន្លងទៅ នៅក្រោយ​លោក​ជាប់ឆ្នោត​ជា​ប្រធានាធិបតី។

ទំនាក់ទំនង​ប៉ាគីស្ថាន និង​អាហ្វហ្កានីស្ថាន​បាន​ល្អ​ប្រសើរ​មួយ​កម្រិត ចាប់តាំង​ពី​អាហ្វហ្កានីស្ថាន​មាន​ប្រធានាធិបតី​ថ្មី។ ខុស​ពី ប្រធានាធិបតី​មុន គឺ​លោក​អាមីដ កាហ្សៃ លោក​អាស្រាហ្វ ហ្កានី​បាន​ប្រកាស​ជ្រើសរើស​ផ្លូវ​សន្តិភាព​ជាមួយ ប៉ាគីស្ថាន។ អាហ្វហ្កានីស្ថាន និង​ប៉ាគីស្ថាន គឺ​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក។ ប៉ុន្តែ ប្រទេស​ទាំងពីរ​តែងតែ​ចោទ​គ្នា​ទៅវិញ ទៅមក ថាជាអ្នក​គាំទ្រ​ក្រុមអ៊ីស្លាម​ជ្រុលនិយម ដើម្បី​បង្ក​អំពើភេរវកម្ម។ អតីត​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន​ធ្លាប់​ចោទប្រកាន់​ទីក្រុង​អ៊ីស្លាម៉ាបាត​ថា បាន​ឧបត្ថម្ភ​គាំទ្រ​ក្រុមតាលីបង់ ដើម្បី​បង្ក​ភេរវកម្ម​ក្នុង​ទឹកដី​អាហ្វហ្កានីស្ថាន។ ប៉ុន្តែ ប្រធានាធិបតី​ថ្មី​របស់​អាហ្វហ្កានីស្ថាន លោក​ហ្កានី វិញ​ចង់​ឆ្លៀត​យក​ទំនាក់ទំនង​ល្អ​ប្រសើរ​ឡើងវិញ ជាមួយ​រដ្ឋាភិបាល​ប៉ាគីស្ថាន ដើម្បី​ទៅ​ចរចា​សន្តិភាព​ជាមួយ​ក្រុម​តាលីបង់ អាហ្វហ្កានីស្ថាន។ កាប៊ូល​ជឿថា កងទ័ព​ប៉ាគីស្ថាន​ដែល​ស្និទ្ធ​នឹង​ក្រុមតាលីបង់​អាច​បញ្ចុះបញ្ចូល​ក្រុមនេះ​ឲ្យ​ចូល​ចរចា បញ្ចប់​ការវាយប្រហារ​ហិង្សា សម្លាប់​មនុស្ស​តទៅ​ទៀត នៅ​អាហ្វហ្កានីស្ថាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ