អានតួអត្ថបទ
អាហ្វហ្កានីស្ថាន-ប៉ាគីស្ថាន

អាហ្វហ្កានីស្ថាន​ទាមទារ​ប៉ាគីស្ថាន​ឲ្យ​ចូលរួម​ឲ្យ​សកម្ម​ដើម្បី​បំបែក​ក្រុម​តាលីបង់

លោក​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន ​អាហ្សរ៉ាហ្វ ហ្គានី​ ទើប​បាន​ផ្ញើរ​លិខិត​មួយ ​ទៅ​កាន់​ថ្នាក់​ដឹកនាំ​សំខាន់ៗ​របស់​ ប៉ាគីស្ថាន​ ដើម្បី​ជំរុញ​ឲ្យ​ប្រទេស​នេះ ​ផ្តល់​នូវ​ការ​តាំង​ចិត្ត​ជាក់​លាក់ ​ក្នុង​ការ​បង្រ្កាប​ក្រុម​ឧទ្ទាម​អ៊ីស្លាម​ជ្រុល​និយម​តាលីបង់​ ដែល​បាន​បង្ក​ភេរវកម្ម ​យ៉ាង​ញឹកញាប់ ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន។ កន្លងមក ​អាហ្វហ្កានីស្ថាន ​តែងតែ​បាន​ចោទ​ប្រកាន់​ប៉ាគីស្ថាន​​ថា​បាន​បង្ក​ភាព​ងាយ​ស្រួល ​និង​ផ្តល់​ជំរក​ ដល់​ក្រុម​តាលីបង់ ​នៅ​តាម​បណ្តោយ​ព្រំដែន។

នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន​ Nawaz Sharif (ខាងឆ្វេង)​ ពេល​ជួប​ជាមួយលោកប្រធានាធិបតីអាហ្វហ្គានីស្ថាន​​ Ashraf Ghani (ខាងស្តាំ)​ នៅ​ថ្ងៃ ១២ ឧសភា ២០១៥
នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន​ Nawaz Sharif (ខាងឆ្វេង)​ ពេល​ជួប​ជាមួយលោកប្រធានាធិបតីអាហ្វហ្គានីស្ថាន​​ Ashraf Ghani (ខាងស្តាំ)​ នៅ​ថ្ងៃ ១២ ឧសភា ២០១៥ REUTERS/Omar Sobhani
ផ្សាយពាណិជ្ជកម្ម

ទំនាក់ទំនង​រវាង​ អហ្វហ្កានីស្ថាន​ និង​ប៉ាគីស្ថាន ​មិន​ដែល​បាន​ជួប​ភាព​ល្អ​ប្រសើរ​ទេ ​ដោយ​សារ​តែ​បណ្តោយ​ព្រំដែន​ដ៏វែង​អន្លាយ ​ហើយ​ដែល​ជា​កន្លែង​សំងំ​លាក់​ខ្លួន​ របស់​ពួក​ឧទ្ទាម​តាលីបង់។ ជាង​មួយ​ខែ​មក​ហើយ ​ដែល​ក្រុម​តាលីបង់ ​បាន​បង្កើន​​ការ​វាយ​លុក ​ធ្វើ​ភេរវកម្ម​ជា​បន្តបន្ទាប់​ នៅ​តាម​ខេត្ត​នានា ​និង​នៅ​ក្នុង​ទីក្រុង ​កាប៊ុល​ រដ្ឋធានី​ប្រទេស​អហ្វហ្កានីស្ថាន។ អហ្វហ្កានីស្ថាន ​ដែល​ខិតខំ​ប្រយុទ្ធ​បោស​សម្អាត​ក្រុម​តាលីបង់​នេះ ​ហាក់​កំពុង​តែ​អស់​សង្ឃឹម​ ដោយសារ​តែ​ប៉ាគីស្ថាន ​ជា​ប្រទេស​ក្បែរ​ខាង ​គ្មាន​ចេតនា​គាំទ្រ​សន្តិភាព​ ហើយ​បាន​ចិញ្ចឹម​ក្រុម​តាលីបង់​ ក្នុង​ទឹកដី​របស់​ខ្លួន។

នៅ​ថ្ងៃ​អាទិត្យ​ ទី ៣១ ឧសភា​​ លោក​ប្រធានាធិបតី​អហ្វហ្កានីស្ថាន ​អាហ្សរ៉ាហ្វ ហ្គានី បាន​ធ្វើ​លិខិត​មួយ ​ផ្ញើរ​ទៅ​កាន់​ថា្នក់​ដឹកនាំ​ប៉ាគីស្ថាន​​ ទាំង​យោធា ​ទាំង​ស៊ីវីល ​ដើម្បី​ធ្វើ​ការ​ស្នើរ​សុំ​​ឲ្យ​​ប៉ាគីស្ថាន​ ចូលរួម​ឲ្យ​បាន​សកម្ម​ និង​ម៉ត់ចត់ ​ក្នុង​ការ​បោស​សម្អាត​ ក្រុម​ឧទ្ទាម​តាលីបង់។ ក្នុង​លិខិត​មាន​សរសេរ​ថា ​សុំឲ្យ​ប៉ាគីស្ថាន​ចាត់​វិធានការ​ ដើម្បី​បំបែក​សំបុក​ក្រុម​តាលីបង់​ ដែល​​ទៅ​​សំងំ​​រស់នៅ យ៉ាង​បើក​ចំហរ​ នៅ​តាម​រូង​ភ្នំ  ​និង​ភូមិ​ដាច់​ស្រយ៉ាល​ តាម​បណ្តោយ​ព្រំដែន​ ក្នុង​ទឹកដី​ប៉ាគីស្ថាន។ ដូចគ្នា​ដែរ ​ក្នុង​លិខិត​មាន​សរសេរ​ស្នើសុំ​ឲ្យ​ប៉ាគីស្ថាន ចាប់​មេក្រុម​តាលីបង់ ដែល​សំងំ​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ ដាក់ក្នុង​​កន្លែង​ឃុំឃាំង ​ដែល​មាន​សុវត្ថិភាព​ ដើម្បី​កុំឲ្យ​ពួក​នេះ​ ចេញ​មក​ធ្វើ​សកម្មភាព​បាន។
 

តំបន់​​នៅតាមបណ្តោយ​ព្រំដែន​​ក្នុងដី​ប៉ាគីស្ថាន​ដែលជា​សំបុក​របស់​ក្រុមតាលីបង់
តំបន់​​នៅតាមបណ្តោយ​ព្រំដែន​​ក្នុងដី​ប៉ាគីស្ថាន​ដែលជា​សំបុក​របស់​ក្រុមតាលីបង់

គួរ​បញ្ជាក់​ផងដែរ​ថា ​ថ្មីៗ​នេះ​ លោក​ប្រធានាធិបតី ​អហ្វហ្កានីស្ថាន ​អាហ្សរ៉ាហ្វ ហ្គានី ​ត្រូវ​បាន​មតិ​សាធារណៈ​រិៈគន់​ជាច្រើន ​ដោយសារ​តែ​លោក​បាន​ចុះ​ហត្ថលេខា​ ​លើ​ការ​ផ្លាស់ប្តូរ​ព័ត៌មាន​គ្នា ​រវាង​ក្រុម​ស៊ើបការ​សម្ងាត់​ប៉ាគីស្ថាន​ និង​អហ្វហ្កានីស្ថាន។ ការ​ធ្វើ​បែប​នេះ ត្រូវ​បាន​គេ​រិះគន់​ថា ​វា​ជា​ការ​ចាញ់ប្រៀប​ប៉ាគីស្ថាន​ ទាំង​ស្រុង។

យ៉ាងណា​ក៏​ដោយ ​តាម​រយៈ​លិខិត​ដែល​ទើបតែ​ផ្ញើរ​ទៅ​កាន់​ថា្នក់​ដឹកនាំ​ប៉ាគីស្ថាន​ នា​ពេល​នេះ ​លោក ប្រធានាធិបតី​អហ្វហ្កានីស្ថាន ​អាហ្សរ៉ាហ្វ ហ្គានី ​បាន​បង្ហាញ​ឲ្យគេ​ឃើញ ​ពី​គោល​ជំហរ​ម៉ឺងម៉ាត់​របស់​លោក ​ចំពោះ​ប៉ាគីស្ថាន​ ថា​ត្រូវតែ​គោរព​ពាក្យ​សម្តី​របស់​ខ្លួន ​ដែល​ថា​ ចង់​ឃើញ​អាហ្វហ្កានីស្ថាន ​ជា​សះស្បើយ​ពី​ជំងឺ​តាលីបង់។ មួយ​វិញ​ទៀត ​លិខិត​នេះ ​ប្រៀប​បី​ដូច​ជា​ការ​បរិហារកេរ្តិ៍​របស់​ប៉ាគីស្ថាន​ផង​ដែរ ​ដែល​មិន​គោរព​កាតព្វកិច្ច​របស់​ខ្លួន ​ក្នុង​ការ​នាំ​ក្រុម​តាលីបង់ ​មក​ចូល​តុចរចា ​ដើម្បី​កសាង​សន្តិភាព​ពេញលេញ​ នៅ​អហ្វហ្កានីស្ថាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ