អានតួអត្ថបទ
ជប៉ុន-អាស៊ីអាគ្នេយ៍

ជប៉ុន​ស្វែងរកការ​គាំទ្រ​របស់​អាស៊ីអាគ្នេយ៍​ប្រឈម​នឹង​ចិននិង​រុស្ស៊ី

នា​ឱកាស Golden week ​​ដែល​ជា​វេលាបុណ្យ​ឈប់សម្រាក​មួយ​សប្តាហ៍នៅ​ជប៉ុន  លោកនាយករដ្ឋមន្ត្រី ហ្វូមីអូ គីស្ហ៊ីដា បាន​ឆ្លៀត​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​មួយ​ជុំ​នៅ​អាស៊ីអាគ្នេយ៍។ កម្មវត្ថុ​នៃទស្សនកិច្ច​គឺ ជប៉ុន​ចង់​បញ្ចុះ​បញ្ចូល​បណ្តាប្រទេស​ក្នុង​តំបន់​នេះ ឱ្យ​ប្រកាន់​ជំហរ​រួម​ ប្រឆាំង​នឹងប្រតិបត្តិការ​​រុស្ស៊ី ដែល​បាន​ចូល​ឈ្លានពានអ៊ុយក្រែនផង និង​ដើម្បី​ទប់ទល់​ឥទ្ធិពល​របស់​ចិន​ដែល​កំពុង​រីកដុះ​ដាល​ខ្លាំង​ក្នុង​តំបន់​ផង។

នាយករដ្ឋមន្ត្រី​ជប៉ុន Fumio Kishida និង​លោកប្រធានាធិបតី​ឥណ្ធូណេស៊ី Joko Widodo ថ្ងៃទៅ ២៩​មេសា២០២២
នាយករដ្ឋមន្ត្រី​ជប៉ុន Fumio Kishida និង​លោកប្រធានាធិបតី​ឥណ្ធូណេស៊ី Joko Widodo ថ្ងៃទៅ ២៩​មេសា២០២២ © Laily Rachev, Indonesian President Palace via AP
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​ឥណ្ឌូណេស៊ី នៅថ្ងៃ​សុក្រ និង​វៀតណាម នៅ​ថ្ងៃសៅរ៍​ លោក ហ្វូមីអូ គីស្ហីដា បាន​អញ្ជើញ​ទៅ​ដល់​ប្រទេស​ថៃ នៅ​ថ្ងៃ​ទី ១​ឧសភា​នេះ ក្នុង​ក្តីសង្ឃឹម​តែ​មួយ គឺ ជំរុញ​ឱ្យ​មេដឹកនាំ​ប្រទេសក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ ដក​ខ្លួន​ចេញ​ពី​គោលការណ៍ “អព្យាក្រិត្យភាព”​មិន​ចូល​បក្ស​សម្ព័ន្ធ។ ប៉ុន្តែ​លោក​នាយករដ្ឋមន្ត្រី​ជប៉ុន​គ្មាន​ចេតនា​ស្វែង​រក​ការ​បង្កើត​សមរភូមិ​រួម នៅ​អាស៊ីអាគ្នេយ៍​ប្រឆាំង​នឹង​រុស្ស៊ី​និង​ចិន​ទេ។ ជប៉ុន​ប្រាថ្នា​ចង់​បាន​ត្រឹមឱ្យ​ប្រទេស​ទាំងអស់​នេះ មានទស្សនវិស័យ​​ ព្រមគាំទ្រ​​ជំហរ​នយោបាយ​​សន្តិសុខ​រួម ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក បើក​ចំហ មាន​សេរីភាព​និង​អាច​ទៅ​ចេញ​ចូល​ទៅមក​បាន​ដោយ​សេរី។

ក្នុង​ន័យ​នេះ ពេលបំពេញទស្សនកិច្ច​ លោក​នាយករដ្ឋមន្ត្រី​ បាន​រំលឹក​ប្រាប់គ្រប់​​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ ដែល​លោក​បាន​ទៅ​ដល់ ម្តង​ម្នាក់ៗនិង​ដដែល​ៗថា ការ​ឈ្លានពាន​អ៊ុយក្រែន​ពី​សំណាក់​រុស្ស៊ី ជាការ​​រំលោភ​ច្បាប់​អន្តរជាតិ​ដែលតែង​​ការពារ​អធិបតេយ្យភាព​របស់ប្រទេស​​នីមួយៗ។ សម្រាប់​លោក​នាយករដ្ឋមន្ត្រី សង្គ្រាម​រុស្ស៊ី​នៅ​អ៊ុយក្រែន បាន​ធ្វើ​ឱ្យ​ខូច​សណ្តាប់ធ្នាប់​អន្តរជាតិ​ និង​មិនអាច​ទទួល​យក​បាន​ឡើយ។ ​ចំណែក​ចិន​វិញ ក៏​បាន​ប្រព្រឹត្តរួច​ហើយ​នូវ​សកម្មភាព​បែប​ដាក់​សម្ពាធ ដោយបាន​​អះអាង​ថា ​​ច្រក​តៃវ៉ាន់​ ជាដែន​អធិបតេយ្យ​​របស់​ខ្លួន ហើយ​តំបន់​ដែន​សមុទ្ទ​ខ្លះទៀត ក៏​ជា​របស់​ខ្លួន​ដែរ បើ​ទោះ​បី​ប្រទេស​ជិត​ខាងមិន​ព្រមយ៉ាង​ណា​ក៏​ដោយ។

ហេតុ​ដូច្នេះហើយ​បាន​ជា​ជប៉ុន​ ចង់​កំណត់​យុទ្ធសាស្ត្រ​រួម​ជាមួយ​ក្រុមប្រទេសនៅ​អាស៊ីអាគ្នេយ៍​នេះ ដោយ​មិន​មើល​រំលង​ការ​ពិត​ជាក់ស្តែងឡើយ។ ការ​ពិត​ ដែល​​ថា​អាស៊ីអាគ្នេយ៍​រស់​​រំពឹង​យ៉ាង​ខ្លាំង​លើ​ចិន​ដើម្បី​ភាព​ចម្រើនលូត​លាស់​ផ្នែក​សេដ្ឋកិច្ច និង​ដែល​មិន​ចាត់​ទុក​រុស្ស៊ី ជា​តំណាង​នៃ​ការ​គំរាមកំហែង​យោធា​ដោយ​ផ្ទាល់​មក​លើ​តំបន់​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ