អានតួអត្ថបទ

កូរ៉េខាងត្បូង និងអាមេរិកចង់ពង្រឹងកិច្ចសហប្រតិបត្តិការយោធា ខណៈកូរ៉េខាងជើងត្រៀមសាកល្បងនុយក្លេអ៊ែរ

ថ្ងៃ​សៅរ៍ ទី២១ ឧសភា​ជា​ថ្ងៃ​ទី២ នៃ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន​នៅ​កូរ៉េខាងត្បូង។ ទំនាក់ទំនង​ទ្វេភាគី និង​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ជា​ប្រធានរឿង​សំខាន់​នៃ​ជំនួប​រយៈពេល​យ៉ាង​យូរ​រវាង​លោក​បៃដិន និង​សមភាគី​កូរ៉េខាងត្បូង​លោកយូន ស៊ុកយោល។ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម​នៅ​ក្រោយ​ជំនួប លោក​បៃដិន និង​លោក​យូន​​បាន​បញ្ជាក់​ជា​ថ្មី​ពី​ឆន្ទៈ​ចង់​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​យោធា និង​សេដ្ឋកិច្ច។ តែ​ទន្ទឹម​គ្នា​នេះ លោក​បៃដិន និង​លោក​យូន​មិន​ភ្លេច​កាយវិការ​អាណិតអាសូរ​កូរ៉េខាងជើង​ដែល​កំពុង​ស្គាល់​កំណើន​ករណី​ឆ្លង​កូវីដ១៩។

​ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន (រូបឆ្វេង) និង​សមភាគី​កូរ៉េខាងត្បូង​លោក​យូន ស៊ុកយោល ក្នុង​ទីក្រុង​សេអ៊ូល​ថ្ងៃទី២១ ឧសភា ២០២២។
​ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន (រូបឆ្វេង) និង​សមភាគី​កូរ៉េខាងត្បូង​លោក​យូន ស៊ុកយោល ក្នុង​ទីក្រុង​សេអ៊ូល​ថ្ងៃទី២១ ឧសភា ២០២២។ AP - Evan Vucci
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​កិច្ចសហប្រតិបត្តិការ​យោធា​ទ្វេភាគី លោក​បៃដិន និង​លោកយូន​ចង់​ពង្រីក​បន្ថែម​ឲ្យ​កាន់​តែ​ធំ​លើ​ការ​ធ្វើ​សមយុទ្ធ និង​ការ​ហ្វឹកហ្វឺន​យោធា​នៅ​ក្នុង និង​នៅ​ជុំវិញ​ឧបទ្វីប​កូរ៉េ។ ជំហរ និង​ឆន្ទៈ​របៀប​នេះ​បាន​កើត​មាន​ឡើង ខណៈ​ដែល​ក្រសួងស៊ើបការណ៍សម្ងាត់​កូរ៉េខាងត្បូង​បាន​ព្រមាន​ថា កូរ៉េខាងជើង​បាន​រៀបចំ​ជើងព្រួល​រួចរាល់​ដើម្បី​ធ្វើ​ការ​សាកល្បង​នុយក្លេអ៊ែរ​ជា​ថ្មី​ដែល​ជា​លើកទី៧ និង​ជា​លើកទី១ គិត​តាំង​ពី ៥ឆ្នាំ​កន្លង​ទៅ។ ចំណែក​នៅ​អាមេរិក ក្រុង​វ៉ាស៊ីនតោន​បាន​អះអាង​ពី​ការ​បង្ក​រឿង​របស់​កូរ៉េខាងជើង​ក្នុង​រយៈពេល ឬ​មួយ​ក៏​ក្រោយ​បន្តិច​នៃ​ទស្សនកិច្ច​របស់​លោក​បៃដិន​នៅ​កូរ៉េខាងត្បូង។

ក្រៅ​ពី​ការ​ត្រៀម​សាកល្បង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង កំណត់សម្គាល់​មួយ​ទៀត​នៃ​ទស្សនកិច្ច​លើកទី១ របស់​លោក​បៃដិន​នៅ​អាស៊ី និយាយ​ជា​រួម និង​នៅ​កូរ៉េខាងត្បូង និយាយ​ដោយឡែក​ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​កូរ៉េខាងជើង​កំពុង​ស្គាល់​សន្ទុះ​រលក​ឆ្លង​កូវីដ១៩។ តាម​តួលេខ​ផ្លូវការ​ក្នុង​ថ្ងៃ​សៅរ៍ ទី២១ ឧសភា មាន​ករណី​ឆ្លង​ជិត ២លាន ៥សែន​ករណី និង​មាន​អ្នក​ស្លាប់​ចំនួន ៦៦នាក់។ ព្រឹត្តិការណ៍​មួយ​នេះ​មិន​បាន​ធ្វើ​ឲ្យ​លោក​បៃដិន និង​លោក​យូន​ឈរ​ឱបដៃ​នៅ​ស្ងៀម​ទេ។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម លោក​បៃដិន និង​លោក​យូន​បាន​សម្តែង​ក្តី​បារម្ភ និង​បញ្ជាក់​ពី​ការ​ត្រៀមខ្លួន​ធ្វើ​ការ​ជា​មួយ​សហគមន៍អន្តរជាតិដើម្បី​ជួយ​កូរ៉េខាងជើង។ លោក​បៃដិន​បាន​បញ្ជាក់​ពី​ការ​ដែល​អាមេរិក​ត្រៀមខ្លួន​ផ្តល់​វ៉ាក់សាំង​ឲ្យ​កូរ៉េខាងជើង។ តែ​ពេល​នេះ អាមេរិក​មិន​បាន​ទទួល​ចម្លើយ​ណា​មួយ​ពី​កូរ៉េខាងជើង​ទេ។ ចំណែក​លោក​យូន​បាន​គូស​បញ្ជាក់​ថា ជំនួយ​ជួយ​កូរ៉េខាងជើង​ក្នុង​រឿង​កូវីដ១៩ មាន​លក្ខណៈ​មនុស្សធម៌​សុទ្ធសាធ ពោល​គ្មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ និង​យោធា​ទេ។ ដោយឡែក លោក​បៃដិន​មិន​បដិសេធ​ដាច់​ណាត់​ដើម្បី​ជួប​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន​ទេ បើ​មេដឹកនាំ​កូរ៉េខាងជើង​រូបនេះ​មាន​ភាព​ស្មោះត្រង់ និង​ប្រាកដប្រជា។ បន្ទាប់​ពី​កូរ៉េខាងត្បូង លោក​បៃដិន​បន្ត​ទស្សនកិច្ច​នៅ​ជប៉ុន​នា​ថ្ងៃ​អាទិត្យ ទី២២ ឧសភា​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ