អានតួអត្ថបទ
ចិន-តៃវ៉ាន់

តៃវ៉ាន់ចោទចិនសាជាថ្មីពីរឿងបញ្ជូនយន្តហោះចម្បាំងទៅហោះរំលោភចូលដែនអាកាសតៃវ៉ាន់

ចិនបាន​បញ្ជូនយន្តហោះចម្បាំង​ដ៏ច្រើន​ទៅ​ហោះរំលោភចូល​តំបន់ការពារ​ដែនអាកាស​របស់​តៃវ៉ាន់។ តាម​ក្រសួងការពារជាតិ​តៃវ៉ាន់ នៅ​យប់​ថ្ងៃ​ចន្ទម្សិលមិញ យន្តហោះរបស់ចិន​ចំនួន​៣០គ្រឿង ដែលក្នុង​នោះ ២០គ្រឿង​ជា​យន្តហោះចម្បាំង បាន​ហោះចូលទៅក្នុង​តំបន់ការពារដែនអាកាស នាភាគនិរតី​របស់​កោះតៃវ៉ាន់។ កោះតៃវ៉ាន់​រស់នៅក្រោម​សម្ពាធ និងការគំរាមកំហែងជាអចិន្ត្រៃយ៍​ពីសំណាក់​មហាយក្ស​ចិន ដែលបាន​សន្យា​ហើយថា នឹងយក​តៃវ៉ាន់​មកគ្រប់គ្រង វិញ តាមផ្លូវយោធា បើសិន​ចាំបាច់។

ក្នុងរូបថត​ដែល​ទីភ្នាក់ងារ​AP ទទួលបាន​ពីក្រសួងការពារជាតិ​តៃវ៉ាន់ យន្តហោះចម្បាំងចិន ប្រភេទ J-16 ហោះក្នុងទីតាំង​មួយ ដែលគេ​មិន​ប្រាប់អ្នកកាសែត កាលពី​ខែ តុលា ឆ្នាំ ២០២១
ក្នុងរូបថត​ដែល​ទីភ្នាក់ងារ​AP ទទួលបាន​ពីក្រសួងការពារជាតិ​តៃវ៉ាន់ យន្តហោះចម្បាំងចិន ប្រភេទ J-16 ហោះក្នុងទីតាំង​មួយ ដែលគេ​មិន​ប្រាប់អ្នកកាសែត កាលពី​ខែ តុលា ឆ្នាំ ២០២១ AP
ផ្សាយពាណិជ្ជកម្ម

គិត​ចាប់តាំងពីដើមឆ្នាំ នេះជាលើកទី​២ ដែល​ចិន បញ្ជូន​យន្តហោះ ក្នុង​ចំនួន​ដ៏ច្រើន​ឲ្យ​ទៅហោះរំលោភ​ចូល​ក្នុង​តំបន់​ការពារ​ដែនអាកាស​របស់​តៃវ៉ាន់។ កាលពី​ថ្ងៃ​ទី​២៣​មករា​កន្លងទៅ យន្តហោះ​ចិន​ដល់​ទៅ ៣៩គ្រឿង​បាន​ហោះចូលក្នុង​តំបន់​ការពារ​ដែនអាកាស​តៃវ៉ាន់។

តាម​ផែនទី​ហោះហើរ ដែល​ក្រសួងការពារជាតិ​តៃវ៉ាន់​បាន​បង្ហាញ ដល់​អ្នកកាសែត យន្តហោះចម្បាំង​របស់​ចិន​បាន​ហោះរំលោភចូល​ផ្នែក​និរតី​នៃតំបន់​ការពារ​ដែនអាកាសរបស់​តៃវ៉ាន់។ គួរបញ្ជាក់ថា តំបន់​ការពារ​ដែនអាកាស​តៃវ៉ាន់ មាន​ទំហំធំជាង​ដែនអាកាស​របស់​តៃវ៉ាន់ និង​លាតសន្ធឹង​ទៅគ្របជាន់ពីលើ​តំបន់​ការពារ​ដែនអាកាស​របស់​ចិន និង​តំបន់​ដែនអាកាស​ពីលើ​ទឹកដីចិន។

នៅយប់​ថ្ងៃ​ចន្ទ រដ្ឋមន្រ្តីការពារ​ជាតិ​តៃវ៉ាន់​បាន​ប្រកាស​បញ្ជូន យន្តហោះចម្បាំង និង​ដាក់ឲ្យដំណើរការ​ប្រព័ន្ធ​មីស៊ីល​ការពារ​ដែនអាកាស ដើម្បី​តាមឃ្លាំមើល​សកម្មភាពរបស់​យន្តហោះចម្បាំង​ចិន។

ករណី​យន្តហោះ​របស់​ចិន ទៅហោះរំលោភចូល​ដែនអាកាស​របស់​តៃវ៉ាន់ បាន​កើនឡើង មិន​ឈប់ និង​ច្រើន ខ្លាំង​ បើប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នានេះ កាលពី​ឆ្នាំ មុន។ នៅ ឆ្នាំ​២០២១ តៃវ៉ាន់​បាន​រាប់ឃើញ​យន្តហោះ​ចិន ជាង ៩០០គ្រឿង ក្នុង​ដែនអាកាស​តៃវ៉ាន់ ពោលជា​ចំនួនទ្វេដង បើធៀបនឹង​ឆ្នាំ ២០២០។

ចិន​បាន​បញ្ជូន​យន្តហោះចម្បាំង​របស់​ខ្លួន​ឲ្យទៅហោះក្នុង​តំបន់​ការពារ​ដែនអាកាស​របស់​តៃវ៉ាន់ ដើម្បី​បង្ហាញពីការមិនសប្បាយចិត្ត​របស់​ខ្លួន ដែលឃើញ​តៃវ៉ាន់​រត់ទៅ​ពឹង ទិញ សព្វាវុធ​ពី​អាមេរិក។ នៅ​ខែ​ឧសភានេះ ចិន​បាន​ប្រតិកម្ម​ខឹង​ខ្លាំង នៅក្រោយ ប្រធានាធិបតី អាមេរិក លោក​ចូ បៃដិន បាន​ប្រកាស​នៅក្នុងអំឡុង​ទស្សនកិច្ច​របស់​លោក​នៅប្រទេស​ជប៉ុន​ថា អាមេរិក​នឹង​ការពារតៃវ៉ាន់ ក្នុង​ករណី​ចិន​ចូលឈ្លានពាន​តៃវ៉ាន់។

ដោយ​បញ្ជូន​យន្តហោះ កាន់តែច្រើន កាន់តែ​ញឹកញយ ទៅក្នុង​តំបន់​ការពារ​ដែនអាកាស​របស់​តៃវ៉ាន់ ចិន​ចង់រក្សា​ការដាក់​សម្ពាធខ្លាំង​លើ​ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​តៃវ៉ាន់ ដែល​ចាស់ មិន​សូវ​សំបូរបែប។

ជាមួយ​មធ្យោបាយ​មានកម្រិត និង​យន្តហោះ​ចាស់ៗ កងទ័ពជើងអាកាស​តៃវ៉ាន់ ឧស្សាហ៍ជួបឧប្បត្តិហេតុ គ្រោះថ្នាក់ផ្ទុះធ្លាក់យន្តហោះ។ កាសែត​ក្នុងស្រុក​តៃវ៉ាន់​ទើប​បាន​ចុះផ្សាយ​នៅថ្ងៃ​អង្គារនេះថា អ្នកបើកយន្តហោះ​ម្នាក់​បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​ចម្បាំង​មួយគ្រឿង​នៅ​ភាគខាងត្បូងតៃវ៉ាន់ កាលពីពេលថ្មីៗនេះ។ នៅ​ខែមីនា​ឆ្នាំមុន តៃវ៉ាន់ ធ្លាប់​បានប្រកាស​បញ្ឈរជើង ផ្អាកការហោះហើរ​យន្តហោះចម្បាំងរបស់ខ្លួន​ទាំងអស់ បន្ទាប់ពី​យន្តហោះចម្បាំង​តៃវ៉ាន់​២គ្រឿង ហោះបុកគ្នា នៅក្នុង​ពេល​ហាត់សម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ