អានតួអត្ថបទ
ថៃ-កញ្ឆា

ថៃក្លាយជាប្រទេស​អាស៊ីដំបូងគេដែលអនុញ្ញាត​ឲ្យដាំ និងប្រើ​កញ្ឆា

ថៃបានក្លាយជាប្រទេស​អាស៊ីដំបូងគេ​ដែលបើកផ្លូវ​អនុញ្ញាត​ឲ្យគេអាចដាំ និងប្រើប្រាស់​កញ្ឆា​ក្នុង​ចំណី​អាហារ។ វិធានការ​ដក​កញ្ឆា​ចេញពីបញ្ជី​ឈ្មោះ​គ្រឿងញៀន​ខុសច្បាប់ ​បាន​ចូល​ជាធរមាន ចាប់ថ្ងៃ​ព្រហស្បតិ៍​ទី ៩មិថុនា។ អាជ្ញាធរ​ថៃ​ធ្លាប់​បានវាយតម្លៃថា ការអនុញ្ញាត​ឲ្យមានការដាំ និងប្រើប្រាស់​កញ្ឆា ដោយស្របច្បាប់ គឺជាឱកាស​ជំរុញ សេដ្ឋកិច្ច និង​វិស័យទេសចរណ៍​ថៃ ដែល​បាន​ធ្លាក់ចុះខ្សោយ ដោយសារ​វិបត្តិកូវីដ។

ដើមកញ្ឆា​ដាំនៅ​ចំការនៅ​ខេត្ត​ឈុនបុរី។ រូបថតនេះ​ថត​នៅ​ថ្ងៃទី ៥ខែ​មិថុនា ២០២២
ដើមកញ្ឆា​ដាំនៅ​ចំការនៅ​ខេត្ត​ឈុនបុរី។ រូបថតនេះ​ថត​នៅ​ថ្ងៃទី ៥ខែ​មិថុនា ២០២២ AP - Sakchai Lalit
ផ្សាយពាណិជ្ជកម្ម

ចាប់ពីថ្ងៃព្រហស្បតិ៍ ការដាំ និង​ប្រើប្រាស់​កញ្ឆា ក្នុងចំណីអាហារ គឺជារឿងស្របច្បាប់ នៅប្រទេស​ថៃ។ បន្ទាប់ពី​អនុញ្ញាត​កាលពី​ឆ្នាំ ២០១៨ ឲ្យ​គេប្រើប្រាស់​កញ្ឆា​ដោយស្របច្បាប់ សម្រាប់​ការព្យាបាល និង​ការស្រាវជ្រាវ​វេជ្ជសាស្រ្ត ក្រសួង​សុខាភិបាល​ថៃ បាន​ប្រកាស​កាលពី​ខែ កុម្ភៈ កន្លងទៅ នូវវិធានការ​ដក​កញ្ឆា​ចេញពីបញ្ជីឈ្មោះគ្រឿងញៀនខុសច្បាប់។

ទៅតាម​វិធានការ​ដែល​ទើប​ចូលជា​ធរមាន កាលពី​ថ្ងៃ​ព្រហស្បតិ៍ ប្រជាជន​ថៃ​អាច​ដាក់ពាក្យសុំ​សិទ្ធិ​ដាំដើមកញ្ឆា​តាមផ្ទះ យ៉ាងច្រើន បំផុត ៦ដើម ចំណែកក្រុមហ៊ុន​ក៏អាច​បើក​កសិដ្ឋាន ដាំដើម​កញ្ឆា នៅក្រោយ​ការសុំអាជ្ញាប័ណ្ណពីរដ្ឋាភិបាល។ ចំណែក​ភោជនីយដ្ឋាន និង​កន្លែងលក់ភេសជ្ជៈ​ក៏​អាច​ប្រើប្រាស់​កញ្ឆា ក្នុង​ចំណីអាហារ និង​ភេសជ្ជៈ។

នៅក្នុង​សន្និសីទ​កាសែត កាលពីខែ កុម្ភៈ រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល ថៃ​ធ្លាប់​បាន​អះអាង​ថា វិធានការ​ដកកញ្ឆា​ចេញពី បញ្ជី​ឈ្មោះ គ្រឿងញៀន​ខុសច្បាប់ គឺ​ជា​ឱកាស​ល្អ សម្រាប់​រដ្ឋាភិបាល និង​ប្រជាជន​ថៃ ដើម្បី​បាន​ប្រាក់ចំណូល ពី​កញ្ឆា។

ជារួម ក្រសួង​សុខាភិបាល​ថៃ បាន​អនុញ្ញាត​ឲ្យ​គេ​ប្រើប្រាស់​កញ្ឆា ក្នុង​ចំណី​អាហារ និងគ្រឿង​ថែរក្សា​សម្ផស្ស​ជាង ១១៨១​មុខ។ គេវាយតម្លៃថា ទីផ្សារ​កញ្ឆា​នឹង​អាច​ប្រាក់ចំណូល ១៥ពាន់លានបាត ស្មើ​៤០០​លានអឺរ៉ូ ពីពេលនេះ ដល់​ឆ្នាំ ២០២៦។

ក្នុងគោលដៅ លើកទឹកចិត្ត​កសិករថៃ​ឲ្យដាំដើមកញ្ឆា រដ្ឋាភិបាល​ថៃ បាន​ប្រកាស​ផ្តល់​កូនដើមកញ្ឆា ១លាន ដោយ​ឥតគិតថ្លៃ។ តាម អ្នកទទួលខុសត្រូវ​ម្នាក់​របស់​ក្រសួងសុខាភិបាល មានមនុស្ស​ជាង ១សែននាក់​បានចុះឈ្មោះ​នៅក្នុងកម្មវិធី​របស់​រដ្ឋាភិបាល​ដើម្បី​សុំ​ដាំដើមកញ្ឆា។

ដើម្បីគ្រប់គ្រង កុំ​ឲ្យមាន​ការប្រើប្រាស់​កញ្ឆា ជា​គ្រឿងញៀន អាជ្ញាធរ​ថៃ​នៅតែ កំណត់ថា ​ការចម្រាញ់​យក​ជាតិញៀន​ពីកញ្ឆា (ម៉ូលេគុល Tetrahydrocannabinol ហៅ​កាត់ THC)​ចាប់​ពីអត្រា​០,២%​ឡើងទៅ គឺជាខុសច្បាប់។ ម្យ៉ាងទោះជា ការដាំ និងមាន​កញ្ឆា​ជាប់ខ្លួន​លែង​ជា​រឿង​ខុសច្បាប់ ប៉ុន្តែ ការជក់កញ្ឆា នៅក្រៅផ្ទះ នៅ​តាម​ផ្លូវ នៅតែ​ជារឿងខុសច្បាប់ ដែលអាចធ្វើ​ឲ្យអ្នកប្រព្រឹត្ត​អាច​ត្រូវពិន័យប្រាក់ ចំនួន ៧៨០ដុល្លារ និង​ប្រឈមមុខ​នឹង​ការចាប់ដាក់ពន្ធនាគារ ៣ខែ។ ទោសជាប់ពន្ធនាគារ​៣ខែ​នេះ គឺ​តិចណាស់ ព្រោះថា ពីមុនមក នៅប្រទេស​ថៃ ដែល​អនុវត្តតឹងរ៉ឹង​ច្បាប់​ប្រឆាំង​គ្រឿងញៀន អ្នកដែល​ជក់ ឬ​មាន​កញ្ឆា​ជាប់ខ្លួន ត្រូវតុលាការ​កាត់ទោស​ឲ្យ​​ជាប់ពន្ធនាគារ​១០ឆ្នាំ និង​ត្រូវ​ពិន័យប្រាក់​ធ្ងន់ធ្ងរ។

គេរំពឹងដែរថា ទៅ​តាម​ច្បាប់ថ្មីចាត់ទុក​កញ្ឆា​ជា​វត្ថុស្របច្បាប់ នឹងមានការ អ្នកទោស​ជាង ៤០០០នាក់ ដែលជាប់ទាក់ទង​នឹង​ការជួញដូរ ប្រើប្រាស់​កញ្ឆា នឹង​ត្រូវគេ​ដោះលែង​ឲ្យមានសេរីភាព នៅប្រទេសថៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ