អានតួអត្ថបទ
បារំាង

បារំាង៖រដ្ឋអំណាច​រឹបអូស​បាន​កញ្ឆា​ជាង ៧តោន​ក្នុង​ទីក្រុង​ប៉ារីស

នៅ​ក្នុង​ប្រទេស​បារំាង មាន​កញ្ឆា​ជាង ៧តោន​ត្រូវ​បាន​រដ្ឋអំណាច​រឹបអូស​ក្នុង​ទីក្រុង​ប៉ារីស​សង្កាត់​ទី១៦ ដែល​ជា​សង្កាត់​សម្បូរ​ដោយ​អ្នកមាន​រស់នៅ។ ប្រតិបត្តិការ​រឹបអូស​កញ្ឆា​ដ៏​ច្រើន​សម្បើម​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​កម្លំាង​គយ រួម​សហការ​ជាមួយ​កម្លំាង​ប៉ូលិស​កាល​ពី​យប់​ថ្ងៃ​សៅរ៍ ទី១៧ ឆ្លង​ចូល​ថ្ងៃ​អាទិត្យ ទី១៨ តុលា។ ការ​រឹបអូស​កញ្ឆា​ទំាង​ជាង ៧តោន​ដែល​គិត​ជា​ទឹកប្រាក់​មាន​តម្លៃ​ប្រមាណ ១៥លាន​អឺរ៉ូ តែ​ពុំ​មាន​ការ​ចាប់​ខ្លួន​មនុស្ស​ណា​ម្នាក់​ទេ។

បារំាង៖រដ្ឋអំណាច​រឹបអូស​បាន​កញ្ឆា​ជាង ៧តោន​ក្នុង​ទីក្រុង​ប៉ារីស
បារំាង៖រដ្ឋអំណាច​រឹបអូស​បាន​កញ្ឆា​ជាង ៧តោន​ក្នុង​ទីក្រុង​ប៉ារីស REUTERS/Jacky Naegelen
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​តាម​បណ្តោយ​មហាវិថី Exelmans ស្ថិត​ក្នុង​សង្កាត់​ទី១៦ ក្រុង​ប៉ារីស​ដែល​ក្រុម​កម្លំាង​គយ និង​ប៉ូលិស​បាន​បើក​ប្រតិបត្តិការ​រឹបអូស​កញ្ឆា​ទំាង​ជាង ៧តោន។ កញ្ឆា​ទំាង​នោះ​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​រថយន្ត​ចំនួន ៣គ្រឿង​ពាក់​ផ្លាកលេខ​បារំាង​ដែល​ចត​ចោល​នៅ​លើ​មហាវិថី Exelmans។ ប្រភព​គយ​បាន​ឲ្យ​ដឹង​ថា កញ្ឆា​ទំាង​ជាង ៧តោន​មាន​ប្រភពដើម​ពី​ប្រទេស​ម៉ារ៉ុក​ដោយ​ដឹក​ឆ្លង​កាត់​តាម​ប្រទេស​អេស្បាញ និង​ត្រូវ​បាន​គេ​ដាក់​រុំជិត​នៅ​ក្នុង​វ៉ាលីស និង​ស្បោង​ជា​ច្រើន​ដែល​ស្បោង​នីមួយៗ​មាន​ទម្ងន់​ពី ២៥ ទៅ ៣០គីឡូក្រាម។ នេះ​ជា​លើកទី១ ដែល​រដ្ឋអំណាច​រឹបអូស​បាន​កញ្ឆា​ដ៏​ច្រើន​សម្បើម​ក្នុង​ទីក្រុង​ប៉ារីស​ដែល​គិត​ជា​ទឹកប្រាក់​មាន​ប្រមាណ​ជា ១៥លានអឺរ៉ូ។

គួរ​ជម្រាប​ជូន​ថា ប្រតិបត្តិការ​រឹបអូស​កញ្ឆា​ទំាង​ជាង ៧តោន​ពេល​នេះ​មិនមែន​ជា​រឿង​ចៃដន្យ​ទេ តែ​ជា​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​ដឹកនំា​ដោយ​ការិយាល័យ​ក្រសួង​ស៊ើបការជាតិ និង​ការិយាល័យ​គយ​តំាង​ពី​ក្រោយ​ការ​រឹបអូស​កញ្ឆា​ជា​ច្រើន​រយ​គីឡូក្រាម​កាល​ពី​ដំណាច់​រដូវ​ក្តៅ​កន្លង​មក ពិសេស​ការ​រឹបអូស​កញ្ឆា​បាន​ចំនួន ៣២០គីឡូក្រាម​ក្នុង​ខេត្ត Bayonne កាល​ពី​ខែ​កញ្ញា និង ១៩៣គីឡូក្រាម​នៅ​ក្នុង​ខែ Rouen កាល​ពី​ថ្ងៃទី៧ តុលា​កន្លង​ទៅ​ថ្មីៗ​នេះ។ អ្វី​ជា​ការ​កត់សម្គាល់ គឺ​គ្មាន​ការ​ចាប់​ខ្លួន​មនុស្ស​ណា​ម្នាក់​ទេ​នៅ​ក្នុង​ប្រតិបត្តិការ​រឹបអូស​កញ្ឆា​ទំាង​ជាង ៧តោន​ក្នុង​ក្រុង​ប៉ារីស​កាល​ពី​យប់​ថ្ងៃ​សៅរ៍ ទី១៧ ឆ្លង​ចូល​ថ្ងៃ​អាទិត្យ ទី១៨ តុលា។

ខណៈ​នេះ ការ​ស៊ើបអង្កេត​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​ការិយាល័យ​ប៉ូលិស​តុលាការ​ដែល​មាន​តួនាទី​ជា​អ្នក​ប្រយុទ្ធប្រឆំាង​នឹង​ការ​រត់ពន្ធ​គ្រឿងញាន។ នេះ​ជា​លើកទី១ បើ​គិត​តំាង​ពី ២ឆ្នំា​កន្លង​ទៅ​ដែល​មាន​ការ​រឹបអូស​បាន​កញ្ឆា​ដ៏​ច្រើន​សម្បើម​ក្នុង​ប្រទេស​បារំាង ពោល​តំាង​ពី​ក្រោយ​ការ​រឹបអូស​បាន​កញ្ឆា​ចំនួន ៧,៥តោន​នៅ​ប៉ែក​នីរតី​ប្រទេស​កាល​ពី​ថ្ងៃទី២៦ មេសា ឆ្នំា ២០១៣។ គួរ​ជម្រាប​ជូន​ថា​នៅ​ក្នុង​ប្រទេស​បារំាង ការ​ប្រើប្រាស់​គ្រឿងញាន​កញ្ឆា​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​មាន​ចំនួន ៣០០តោន​ក្នុង​មួយ​ឆ្នំា។ ដូច្នេះ ការ​រឹបអូស​បាន​៧តោន​នៅ​ជា​បរិមាណ​ដ៏​តិចតួច​ខ្លំាង​ណាស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ