អានតួអត្ថបទ

កញ្ឆា ៖ កាន់​តែ​ហាម កាន់​តែ​កើន​អ្នក​ជក់ តើ​គួរ​ដក​បម្រាមឬយ៉ាងណា ?

ជា​ថ្មី​ម្ត​ងទៀត ប្រធានបទ “ចង់​បើក​ច្បាប់​ឱ្យ​លក់​កញ្ឆា” ដែល​បាន​ព្រលយ​ចេញ​ពី​មាត់​រដ្ឋលេខា​ធិការ​​ក្រសួង​ទំនាក់ទំនង​សភា កាលពី​ថ្ងៃ​ចន្ទ បាន​ក្លាយ​ជា​ការ​តស៊ូ​មតិ​យ៉ាង​ផុសផុល នៅ​ប្រទេស​បារាំង មិន​ថា​ពី​សំណាក់​អ្នក​នយោបាយ​ អ្នក​ឯកទេស​សេដ្ឋកិច្ច ឬ​អ្នក​ជំនាញ​សុខាភិបាល​ទេ។ តើ​គេពិត​ជា​គួរ​ពិចារណា​​ដក​បម្រាម​ជួញ​ដូរ​កញ្ឆា ដើម្បី​ផ្តល់​កម្លាំង​ដល់​សេដ្ឋកិច្ចជាតិ ដោយមិន​អើ​ពើ​នឹង​បញ្ហា​សុខភាព​សាធារណៈ​ឬ ?!

ការរៀប​ចំ​ដាក់​កញ្ឆា​ជា​កញ្ចប់ៗ​សម្រាប់​លក់​ជួន​អតិថិជន​នៅ​កូឡូរ៉ាដូ សហរដ្ឋ​អាមេរិក
ការរៀប​ចំ​ដាក់​កញ្ឆា​ជា​កញ្ចប់ៗ​សម្រាប់​លក់​ជួន​អតិថិជន​នៅ​កូឡូរ៉ាដូ សហរដ្ឋ​អាមេរិក © Reuters
ផ្សាយពាណិជ្ជកម្ម

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ដែល​រដ្ឋមន្ត្រី​បារាំង ក្រោម​អំណាច​របស់​លោក​ប្រធានាធិបតី​ ហ្វ្រង់ស័រ ហូឡង់ បាន​បង្ហើប​អំពី​ចេតនា​ចង់​ពិភាក្សា រឿង​បើក​ច្បាប់​ឱ្យ​លក់​កញ្ឆា។ កាលពី​ឆ្នាំ​២០១២ រដ្ឋមន្ត្រីក្រសួង​អប់រំ និង​បន្ទាប់​មក​រដ្ឋមន្ត្រី​ក្រសួង​លំនៅដ្ឋាន ក៏ធ្លាប់​បាន​បង្ហើប​គំនិត​ចង់​ឱ្យ​រដ្ឋាភិបាល​ លើក​យក​មក​ជជែក​អំពី​ ​ការដាក់​ឱ្យលក់កញ្ឆ ដោយ​ស្រប​ច្បាប់។ នៅ​សប្តាហ៍​នេះ លោក​រដ្ឋ​លេខាធិការ​ក្រសួង​ទំនាក់ទំនង​សភា​ បាន​គាស់​កកាយ​រឿង​ចាស់​នេះ​ឱ្យ​រហើប​ឡើង​វិញ ដោយ​យល់​ថា បារាំង​គួរ​តែ​ពិចារណា​អំពីយន្តការ​​​ច្បាប់​លក់កញ្ឆា បើ​យល់​ស្ថានភាព​បច្ចុប្បន្ន។

 
ប៉ុន្តែ​បើ​ទោះ​បី​ជា​លោក បាន​បញ្ជាក់​ថា នេះ​ជា​ទស្សនៈ​បុគ្គលសុទ្ធសាធ​ក៏​ដោយ ក៏​រដ្ឋាភិបាល​មិន​បង្អង់​នឹង​បញ្ចេញ​ប្រតិកម្ម​តាម​រយៈ​អ្នក​នាំពាក្យ​ថាមិនមែន​ជា​ជំហរ​របស់​រដ្ឋាភិបាល ហើយ​ក៏​​​គ្មានដែរ​ការ​គិត ការ​ពិចារណា ឬ​ការ​ត្រេះរិះលើ​ប្រធានបទ​កញ្ឆានេះ។ ចំណែក​ឯ​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ទាំង​ឡាយ​ ក៏​មិន​បង្អង់​នឹង​បញ្ចេញ​ប្រតិកម្ម​ដែរ។

ពាក្យ​តែ​មួយ​ឃ្លា​សោះ អាច​ដុត​បញ្ចេះ​ឱ្យ​មាន​ភ្លើងប្រតិកម្ម​ឆេះ​ឡើង​យ៉ាង​​ព្រោងព្រាត​ ! ខ្លះ​ប្រឆាំង​យ៉ាង​ដាច់​ខាត ខ្លះគាំទ្រ​និង​សោកស្តាយ​ដែល​រដ្ឋាភិបាល​គ្មាន​សេចក្តី​ក្លាហាន​នឹង​លើក​យក​ប្រធានបទ​កញ្ឆា​មក​ជជែក។

អ្នក​ឯកទេស​សេដ្ឋកិច្ច​ខ្លះ​ សំឡឹង​ឃើញ​ថា ការ​​លក់​កញ្ឆា​ស្រប​ច្បាប់ គឺ​ជា​មធ្យោបាយ​​បំប៉ោង​កម្លាំង​សេដ្ឋកិច្ច​ដ៏​ប្រសើរ។ រដ្ឋ​កូឡូរ៉ាដូ​អាមេរិក​ជា​ភស្តុតាង ! តាំង​ពី​បើក​​​ឱ្យ​លក់​កញ្ឆា​ដោយ​ស្រប​ច្បាប់​មក រដ្ឋ​ប្រមូល​ពន្ធ​បានបន្ថែម​ដល់​ទៅ ៤៣​លាន​អឺរ៉ូ នៅ​ឆ្នាំ​២០១៥។ នៅ​ប្រទេស​បារាំង អ្នក​ស្រាវជ្រាវ​គុណគិត​ឃើញ​ថា​អាច​ប្រមូល​ប្រាក់​ចំណូល​បាន​ដល់​ទៅ រវាង​ពី​១ពាន់​ ទៅ​១៨០០​លាន​អឺរ៉ូ​ក្នុង​មួយ​ឆ្នាំៗ (ទាញ​ពន្ធ​បាន​ប្រមាណ​៨០០​លាន​)។ ព្រោះ​ផលិតផល​នេះ អាច​លក់​បាន​ថ្លៃ​ជាង​បារី ដល់​ទៅ​១០​ដង។ សូម្បី​តែ​ខាង​ប៉ូលិស​ក៏​អាច​សន្សំកម្លាំង​​សំចៃ​ប្រាក់​បាន​ប្រមាណ​៩១០​លាន​អឺរ៉ូ​ដែរ​ក្នុង​មួយ​ឆ្នាំ ពីការ​ឈប់​រៀប​ចំ​​​បែប​បទ​អត់​បានការ​ប្តឹង​ទៅ​តុលាការ។

សូម្បី​តែក្រុម​​គ្រូពេទ្យ​​ ល្បី​ខាង​ប្រយុទ្ធ​ប្រឆាំង​នឹង​ថ្នាំ​ជក់ និង​ការ​ជក់​បារី ក៏​បាន​បន្លឺ​សំឡេង​គាំទ្រ​ឱ្យ​បើក​ច្បាប់​ឱ្យ​លក់​កញ្ឆា​ដែរ។ មាន​ច្បាប់​គ្រប់​គ្រងកញ្ឆា ដែល​មិន​មែន​ជា​ច្បាប់​ព្រហ្មទណ្ឌ អាច​នឹង​ជួយ​ការពារ​ ឱ្យ​កាត់​បន្ថយ​ការ​ជក់​កញ្ឆា​នៅ​សាលា​ និង​តាម​កន្លែង​ធ្វើការ។​ ជាក់ស្តែង តាំង​ពី​ឆ្នាំ​១៩៩១​មក ក្រោយ​ពី​មាន​​ច្បាប់​គ្រប់គ្រង​បារី និង​គ្រឿង​ស្រវឹងមក ការ​លក់​បារី​បាន​ថយ​ចុះ​ពាក់កណ្តាល សុរា​២៥%។ តែ​កញ្ឆា​ជា​របស់​ហាមឃាត់ បាន​កើន​ឡើង​២០%​ ក្នុង​រយៈ​ពេលដូច​គ្នា។ គឺ​​ការ​ហាមឃាត់​ ខ្លាំង​ផ្នែក​ប្រព្រឹត្ត​កញ្ឆា​និង​គ្រឿង​ញៀន ជាបុព្វហេតុ​នាំ​ឱ្យ​បារាំង​បាន​ក្លាយ​ជា​​ជើង​ឯក​នៅ​អឺរ៉ុប ដោយ​មាន​ចំនួន​យុវជន​ជក់​/ធ្លាក់​ភ្លក្ស​កញ្ឆា ដល់​ទៅ ៤៥% ទល់​នឹង​២៩%​ នៅ​ប្រទេស​ហូឡង់ ដែល​បើក​លក់​ស្របច្បាប់។ មាន​ន័យ​ថា​កាន់​តែ​ហាម​ឃាត់ កាន់​តែ​មាន​មនុស្ស​ជក់​ច្រើន !

សម្រាប់​ខាង​ក្រុមគ្រូពេទ្យ​នេះ កញ្ឆា​ជា​គ្រឿង​ញៀន ជាផលិតផល​​គ្រោះ​ថ្នាក់ តែ​បើ​មាន​ច្បាប់ គេ​នឹង​អាច​ដាក់​ពិន័យ និង​ជា​យន្តការ​មួយ​ ជំរុញ​ឱ្យ​ផលិតផល​នោះ​មាន​ដាន មាន​ប្រភព និង​មាន​គុណភាព។ បទ​ពិសោធន៍​២៣ឆ្នាំ​នៃ​ការ​មាន​ច្បាប់​កញ្ឆា នៅ​ហូឡង់ បាន​បង្ហាញ​ថា​ចំនួន​ឧក្រិដ្ឋកម្ម​ពាក់ព័ន្ធ​នឹង​ការជួញ​ដូរ​គ្រឿង​ញៀន​បាន​ធ្លាក់​ចុះ មិន​បង្កើនចំនួន​​គ្រោះ​ថ្នាក់​ចរាចរណ៍ មិន​បង្កើន​ចំនួន​អ្នក​ជក់ តែ​អ្នក​ប្រព្រឹត្ត​បាន​ប្រើកញ្ឆាពិតៗ មិន​មែន​ជា​របស់​លាយ ​លួច​លាក់​ ​ដូច​ជក់ថ្នាំពុលឡើយ។ ឯ​ចំណែកចំណាយ​​ផ្នែក​សុខភាព​ពាក់ព័ន្ធ​នឹង​ការ​ជក់​កញ្ឆា នៅ​តែ​ដដែល ដូច្នេះ​តើ​គេ​គួរ​តែ​ពិចារណា​រឿង​ចង់​បើក​ឱ្យ​លក់​កញ្ឆា​ដោយ​ស្រប​ច្បាប់ឬ ?

សម្រាប់​អ្នកប្រឆាំង កញ្ឆា​ជា​គ្រឿង​ញៀន ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សុខភាព។ ដូច្នេះ​គេ​មិន​ត្រូវ​លើក​បម្រាម​ និង​ការ​ដាក់​ទោស​ចំពោះ​ជន​ប្រព្រឹត្ត​និង​ជួញដូរ​កញ្ឆា​នេះ​ឡើយ។ ចំពោះ​អ្នក​នយោបាយ​ខ្លះ​ដែល​​ជា​បក្ស​ប្រឆាំង រដ្ឋាភិបាល​កាន់​អំណាច​គ្មាន​ភាពហ្មត់ចត់ គិត​គូរ​ដោះស្រាយ​បញ្ហា​ជាតិធំៗ​និង​សំខាន់ៗទេ បែរ​ជា​មក​ចង់​សើរើ​បម្រាម​រាប់​រយ​ឆ្នាំ​របស់​ប្រទេស ដើម្បី​ផល​ប្រយោជន៍​នយោបាយ និង​ដើម្បី​បង្វៀង​បញ្ហា យក​ចិត្ត​ក្មេង​ជំនាន់​ក្រោយ​ដែល​កំពុង​បះបោរ​ប្រឆាំង​រដ្ឋាភិបាល។ ​អ្នក​ខ្លះ​ទៀត​មិន​បន្ទោសគំនិត​ចង់​​ពិភាក្សា​បើក​ច្បាប់​ជួញដូរ​កញ្ឆា​ទេ ! គំនិត​ដើម​ល្អ​ហើយ ប៉ុន្តែបញ្ហា​មិន​បញ្ឈប់​ត្រឹម​​សេដ្ឋកិច្ច​និង​ព្រហ្មទណ្ឌ​ចាប់​ទោស​អូស​ដំណើរ​ឡើយ បញ្ហា​នៅ​ត្រង់​ថា​ច្បាប់​គឺ​និម្មិតរូប​ នៃ​តម្លៃ​សីលធម៌ បើ​បង្កើត​ច្បាប់លក់​​កញ្ឆា ដែល​ជា​គ្រឿង​ញៀន ជា​មិត្ត​អាក្រក់​របស់​សង្គម​តាំង​ពី​យូរយារ​មក​ហើយ ​នោះ​នឹង​មាន​ការ​បះពាល់​ខ្លាំង​ដល់​តម្លៃ​សីលធម៌សង្គម៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ