អានតួអត្ថបទ
អូស្រា្តលី-បារាំង

នាវាមុជទឹកបារាំង៖អូស្រា្តលីព្រមសងជំងឺចិត្តចំនួន ៥៥៥លានអឺរ៉ូឲ្យក្រុមហ៊ុនបារាំង Naval Group

នៅ​ក្នុង​ប្រទេស​អូស្រា្តលី រដ្ឋាភិបាល​បាន​បង្ហាញ​នា​ថ្ងៃ​សៅរ៍ ទី១១ មិថុនា​នូវ​កិច្ចព្រមព្រៀង​សងជំងឺចិត្ត​ឲ្យ​ក្រុមហ៊ុន​ផលិត​នាវាមុជទឹក​បារាំង Naval Group។ នៅ​ក្នុង​កិច្ចព្រមព្រៀង​នោះ អូស្រា្តលី​នឹង​បង់​លុយ​ឲ្យ​ក្រុមហ៊ុន Naval Group ចំនួន ៥៥៥លានអឺរ៉ូ​ដើម្បី​បិទបញ្ចប់​រឿងរ៉ាវ​ដែល​អូស្រា្តលី​បាន​បញ្ឈប់​កិច្ចសន្យា​ទិញ​នាវា​មុជទឹកបារាំង​កាល​ពី​ខែ​កញ្ញា ឆ្នាំ ២០២១។ បារាំង​តាម​រយៈ​រដ្ឋមន្រ្តី​ការពារជាតិ​បាន​ដឹង​ឮ ពី​កិច្ចព្រមព្រៀង​សងជំងឺ​ចិត្ត​របស់​អូស្រា្តលី​ពេល​នេះ។

នាយករដ្ឋមន្រ្តីថ្មីអូស្រា្តលីលោកអង់តូនី អាល់បានីស៊ី
នាយករដ្ឋមន្រ្តីថ្មីអូស្រា្តលីលោកអង់តូនី អាល់បានីស៊ី AP - Mark Baker
ផ្សាយពាណិជ្ជកម្ម

សម្រាប់​អូស្រា្តលី ជា​ពេលវេលា​ដែល​ត្រូវ​បិទ​បញ្ចប់​ទំព័រ​ទំនាក់ទំនង​ការទូត​ល្អក់ កករ​ជាមួយ​បារាំង។ នាយករដ្ឋមន្រ្តី​ថ្មី​អូស្រា្តលី​លោក​អង់តូនី អាល់បានីស៊ី​បាន​ថ្លែង​ថា ក្រុមហ៊ុន​ផលិត​នាវាមុជទឹកបារាំង Naval Group បាន​យល់ព្រម​ទទួល​យក​ប្រាក់​សងជំងឺ​ចិត្ត​ចំនួន ៥៥៥លានអឺរ៉ូ​ដែល​លោក​យល់​ថា យុត្តិធម៌ និង​ត្រឹមត្រូវ។ ចំណែក​ក្រុមហ៊ុន Naval Group បាន​សាទរ និង​ក៏​បាន​ចាត់​ទុក​ជា​កិច្ចព្រមព្រៀង​យុត្តិធម៌​ដូច​នាយរដ្ឋមន្រ្តី​អូស្រា្តលី​ដែរ។ តែ Naval Group មិន​បាន​ផ្តល់​ព័ត៌មាន​លើ​កញ្ចប់ទឹកប្រាក់​សងជំងឺ​ចិត្ត​នោះ​ទេ។

ពី​ខាង​រដ្ឋាភិបាល​បារាំង​វិញ រដ្ឋមន្រ្តី​ការពារជាតិ​លោក Sébastien Lecornu បាន​ថ្លែង​ពី​ប្រទេស​សិង្ហបុរី​ដែល​លោក​បាន​ទៅ​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំកំពូល​សន្តិសុខ Dialogue of Shangri-la ថា កិច្ចព្រមព្រៀង​សងជំងឺចិត្ត​របស់​អូស្រ្តាលី​ពេល​នេះ​ជា​រឿង​សំខាន់។ ជា​រឿង​សំខាន់ ព្រោះ​បើ​តាម​លោក Sébastien Lecornu ការ​ព្រម​សងជំងឺចិត្ត​របស់​អូស្រា្តលី​ពេល​នេះ​នឹង​អនុញ្ញាត​ឲ្យ​បារាំង​បើក​ទំព័រ​ថ្មី​នៅ​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​អូស្រា្តលី និង​បែរ​សំឡឹង​ទៅ​មុខ។

គួរ​រម្លឹក​ថា បារាំង និង​អូស្រា្តលី​បាន​ផ្តើម​ស្គាល់​ភាព​រកាំរកូស និង​មើល​មុខ​គ្នា​មិន​ចំ​តាំង​ពី​ខែ​កញ្ញា ឆ្នាំ ២០២១ ពោល​ក្នុង​ជំនាន់​នាយករដ្ឋមន្រ្តី​អូស្រ្តាលី​លោក​ស្កុត ម៉ូរីសុន។ កាល​ណោះ លោក​ស្កុត ម៉ូរីសុន​បាន​សម្រេច​លុប​ចោល​វិញ​នូវ​កុងត្រា​ទិញ​នាវាមុជទឹកបារាំង​ចំនួន ១២គ្រឿង​ក្នុង​ទឹកប្រាក់​ចំនួន ៥៦ ០០០លានអឺរ៉ូ​ដែល​បាន​ចុះ​ហត្ថលេខា​ក្នុង​ខែ​ធ្នូ ឆ្នាំ ២០១៦ និង​បាន​ងាក​ទៅ​ទិញ​នាវាមុជទឹក​អាមេរិក​វិញ។

ការ​ផ្តាច់​កិច្ចសន្យា​ជាមួយ​បារាំង​ដោយ​ងាក​ទៅ​ទិញ​នាវា​មុជទឹក​អាមេរិក​របស់​លោក​ស្កុត ម៉ូរីសុន​កាល​ណោះ​បាន​ធ្វើ​ឡើង ក្រោយ​ពី​លោក​បាន​ចូលរួម​នៅ​ក្នុង​សម្ព័ន្ធមិត្ត​ថ្មី​ត្រីភាគី​ជាមួយ​អាមេរិក និង​អង់គ្លេស​ដែល​គេ​ហៅ AUKUS។ ជាមួយ​នាយករដ្ឋមន្រ្តី​ថ្មី​អូស្រា្តលី លោក​អង់តូនី អាល់បានីស៊ី​មិន​បាន​សើរើ​លើ​អ្វី​ដែល​អតីត​នាយករដ្ឋមន្រ្តី​លោក​ស្កុត ម៉ូរីសុន​បាន​សម្រេច​ទេ។ តែ​លោក​អង់តូនី អាល់បានីស៊ី​បាន​ជ្រើស​យក​ផ្លូវ​ស្តារ​ទំនាក់ទំនង​ជាមួយ​បារាំង​ឡើង​វិញ​ដោយ​យល់ព្រម​បង់​លុយ​សង​ជំងឺចិត្ត។

តាម​លោក​អង់តូនី អាល់បានីស៊ី ការ​លុប​ចោល​វិញ​នូវ​កុងត្រា​ទិញ​នាវាមុជទឹកបារាំង​នឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​អូស្រា្តលី​ខាតបង់​លុយ​អស់ ២ ៤០០លានដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ