អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បារាំង​ស៊ូ​តែ​ឯង​ប្រឈម​នឹង​អាមេរិក​រឿង​អូស្ត្រាលី​លុប​ចោល​កិច្ច​សន្យា​ទិញ​នា​វា​មុជ​ទឹក

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រោយ​អូស្ត្រាលី​ប្រកាស​លុប​ចោល​កិច្ច​សន្យា​ជាមួយ​បារាំង​ និង​បែរ​ទៅទិញ​នាវា​មុជទឹក​របស់​អាមេរិក​វិញ ​ប្រទេស​បារាំង​បាន​ចាត់​វិធានការ​ដ៏​កម្រដោយ​កោះហៅ​អគ្គ​រដ្ឋទូត​ខ្លួន​​ប្រចាំ​វ៉ាស៊ីនតោន និង​​កង់បេរ៉ា​ឲ្យ​ចូល​ស្រុកវិញ​។​ ការ​ជ្រើសរើស​ប្រឈម​មុខ​យ៉ាង​ពេញ​ទំហឹង​ជាមួយ​សម្ព័ន្ធមិត្ត​អាមេរិកគឺជា​រឿង​ប្រថុយប្រថាន​មួយ​សម្រាប់​បារាំង​ ហើយ​មក​ទល់ពេលនេះ​ នៅ​មិន​ទាន់​មាន​ប្រទេសណា​ចេញមុខ​គាំទ្រ​ជំហរ​របស់​បារាំង​ឡើយ​។

ប្រធានាធិបតីបារាំងលោកអេម៉ានុយអែល ម៉ាក្រុង និងលោកចូ បៃដិនប្រធានាធិបតីអាមេរិក។
ប្រធានាធិបតីបារាំងលោកអេម៉ានុយអែល ម៉ាក្រុង និងលោកចូ បៃដិនប្រធានាធិបតីអាមេរិក។ AP - Brendan Smialowski
ផ្សាយពាណិជ្ជកម្ម

បារាំង​តស៊ូ​ប្រឈម​មុខ​នឹង​អាមេរិក​តែឯង

ប៉ុន្មានថ្ងៃ​មកនេះ​ បារាំង​ហួសចិត្ត​និង​ខឹងសម្បា​យ៉ាងខ្លាំង​ទៅនឹង​ទង្វើ​របស់​សម្ព័ន្ធ​មិត្ត​ខ្លួនគឺ​សហរដ្ឋអាមេរិក​និងអូស្ត្រាលី​ ជុំវិញ​រឿង​ដែល​អូស្រា្តលី​សម្រេច​លុប​ចោល​កិច្ច​សន្យា​ទិញ​នាវាមុជទឹកពីបារាំង​ ១២គ្រឿង​ ដែល​មាន​តម្លៃ ៣១​ពាន់​លាន​អឺរ៉ូ​។

បារាំង​បាន​បញ្ចេញ​កំហឹង​និង​ជ្រើសរើស​ប្រកាន់​យក​ជំហរ​ប្រឈម​មុខ​ចំពោះ​អូស្រ្តាលី និង​អាមេរិក​តាម​រយៈការ​កោះហៅ​ឯកអគ្គរដ្ឋទូតខ្លួន​ប្រចាំនៅ​ក្រុងវ៉ាស៊ីនតោន​ និង​ប្រចាំនៅ​កង់បេរ៉ា​ឲ្យវិលត្រលប់ចូលស្រុក​វិញ។ ចំណាត់ការនេះ​គឺជារឿង​ដែល​បារាំង​មិន​ធ្លាប់ធ្វើពី​មុន​ទាល់​តែសោះ​ ហើយ​បារាំង​បានតស៊ូធ្វើវា​ដោយ​ឯកឯង​ ដោយ​គ្មាន​ការ​ជួយ​គាំទ្រ​ពី​ប្រទេស​ផ្សេង រួម​ទាំង​ប្រទេស​នៅ​ក្នុង​សហភាព​អឺរ៉ុប​នោះទេ​។

ជាក់ស្តែង​ សម្ព័ន្ធមិត្ត​សហភាពអឺរ៉ុប​ដ៏ធំ​របស់​បារាំង​គឺប្រទេស​អាល្លឺម៉ង់​ដែលនឹង​ត្រូវ​រៀប​ចំ​ការ​បោះឆ្នោត​នៅថ្ងៃ​អាទិត្យ​ចុងសប្តាហ៍នេះ​​ ហាក់​បី​ដូចជា​បាន​បង្ហាញចេតនា​ហើយ​ថាមិន​ចង់​លូក​ដៃ​ក្នុង​បញ្ហានេះ​នោះទេ​។ ក្រោយ​ផ្ទុះ​រឿង​រកាំរកូស​រវាងបារាំង​ អាមេរិក​ និង​អូស្ត្រាលី ​ទីក្រុង​ប៊ែរឡាំង​ គ្រាន់​តែ​និយាយ​ដោយ​សាមញ្ញថា​ខ្លួន​បាន​កត់សម្គាល់ពី​ជម្លោះ​នេះ​។

ទាក់ទងរឿងនេះដែរ​ លោក Bertrand Badie សាស្រ្តាចារ្យផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៅ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​ប៉ូ​នៅទីក្រុងប៉ារីស​បាន​និយាយ​ប្រទេស​បារាំង​ជ្រើសរើស​បញ្ចេញ​កំហឹង​តាម​រយៈការហៅ​ឯកអគ្គរដ្ឋទូតខ្លួន​ប្រចាំនៅក្រុង​វ៉ាស៊ីនតោន​ឲ្យវិលចូលស្រុក​វិញ​ដើម្បី​ពិភាក្សា​ពិគ្រោះយោបល់គ្នា​ជុំវិញ​បញ្ហាដែល​កំពុងកើតមាន​។

ប៉ុន្តែ​សហរដ្ឋអាមេរិក​ទំនងជា​មិនងាយ​បោះបង់​ចោលកិច្ច​សន្យា​លក់​នាវា​មុជទឹក​ទៅ​ឲ្យអូស្ត្រាលី​ក្នុង​តម្លៃ​ដ៏ច្រើន​សន្ធាប់សន្ធាប់​ដើម្បី​តែ​លួងចិត្ត​បារាំង​កុំឲ្យ​ខឹង​នោះទេ​។ នៅទីបំផុតទៅ ​ប្រសិន​បើអាមេរិក​នៅ​បន្ត​រក្សា​កិច្ច​សន្យា​លក់​នាវា​មុជទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​ ហើយបារាំង​បែរ​ជា​បញ្ជូន​មន្ត្រីទូត​របស់​ខ្លួន​ត្រលប់ទៅ​សហរដ្ឋអាមេរិក​វិញ​នោះ ​បារាំង​ទំនងជា​នឹង​ត្រូវបាក់មុខ​ជាមិនខាន​។

លោក ចូ បៃដិន​ស្នើជួប​និយាយ​ចរចា​គ្នា​ជាមួយ​ប្រធានាធិបតីបារាំង​តាម​ទូរសព្ទ

ប្រធានាធិបតី​អាមេរិក​លោកចូ បៃដិន កាលពីថ្ងៃ​អាទិត្យ​ ទី១៩ កញ្ញា ឆ្នាំ២០២១​ម្សិលមិញ​ បាន​ស្នើ​ជួប​និយាយ​ទូរសព្ទ​ជាមួយ​លោក​ប្រមុខ​រដ្ឋ​បារាំង​អេម៉ានុយអែល ម៉ាក្រុង ដើម្បី​បន្សាប​កំហឹង​របស់​បារាំង​ជុំវិញរឿង​ដែល​អូស្រ្តាលី​ហែក​ចោល​កិច្ចសន្យា​ទិញ​នាវា​មុជទឹក​បារាំង​ ដើម្បីតែទៅ​ទិញ​នាវា​មុជទឹកអាមេរិក​វិញ​។ សំណុំរឿងនេះ​ បង្កឲ្យ​មាន​ភាពតានតឹងដ៏​ខ្លាំង​និងដ៏កម្រ​រវាង​ប្រទេសសម្ព័ន្ធមិត្ត​បារាំង​ អាមេរិក​ និង​អូស្ត្រាលី​។

ការ​ប្រកាស​របស់​លោក​បៃដិន​កាលពីថ្ងៃ​អាទិត្យ​ ធ្វើឡើង​បន្ទាប់ពី​នាយករដ្ឋមន្រ្តី​អូស្រ្តាលី​លោកស្កុត ម៉ូរីសុន​បាន​ច្រានចោល​នូវការចោទប្រកាន់​របស់​បារាំង​ដែលថា​ទីក្រុងកង់បេរ៉ា​ បាន​និយាយ​ភូតភរ​កុហក​អំពី​គម្រោង​លុបចោល​កិច្ចសន្យាទិញ​នាវា​មុជទឹក​បារាំង​។ លោក ម៉ូរីសុន​ បានលើកឡើងថា​លោកបាន​បញ្ជាក់​ពីកង្វល់​របស់​អូស្ត្រាលី​ប្រាប់បារាំង​ជុំវិញ​កិច្ច​ព្រមព្រៀង​នេះ​កាលពីប៉ុន្មានខែមុន​រួចហើយ​។

ដោយឡែក​បើទោះបីជាក្តៅ​ស្លឹកត្រចៀក​ខ្លាំង​ក្តៅ​ក្តី​ លោកម៉ាក្រុង​នៅតែ​បើកទ្វារ​ទទួល​ជួប​សន្ទនា​ជាមួយ​លោកចៃដិន​ដើម្បី​ស្វែងរកដំណោះស្រាយ​ពាក់ព័ន្ធ​បញ្ហា​កម្រ​មាននឹង​គ្នា​នេះ​។

អ្នក​នាំពាក្យ​រដ្ឋាភិបាល​បារាំងលោក​ Gabriel Attal បាន​និយាយកាលពី​ថ្ងៃ​អាទិត្យថា​នឹង​មាន​កិច្ច​សន្ទនាតាមទូរសព្ទ​រវាងលោក បៃដិន និង​លោក ម៉ាក្រុង នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ទៅ​តាម​សំណើ​របស់​ប្រធានាធិបតីអាមេរិក​។

តើ​ភាព​តានតឹង​រវាង​បារាំង-អាមេរិក មានសង្ឃឹម​អាច​ដោះស្រាយ​បាន​ក្នុង​ពេល​ឆាប់ៗដែរទេ​?

អ្វីដែល​លោកម៉ាក្រុង​ទំនងជា​នឹង​និយាយ​ជាមួយ​ប្រធានាធិបតីអាមេរិក​មុនគេ​គឺ​គ្មានអ្វី​ក្រៅពី​តែសុំឲ្យ​អាមេរិក​បកស្រាយ​បំភ្លឺ​អំពីមូលហេតុ​ដែល​ជំរុញឲ្យ​ក្រុង​កង់បេរ៉ាសម្រេច​លុបចោល​កិច្ចសន្យា​ដ៏​ធំ​ឈប់​ទិញ​នាវាមុជទឹកបារាំង​ ក្រោយ​អាមេរិក​ អូស្ត្រាលី និង​អង់គ្លេស​ ចុះកិច្ចព្រមព្រៀង​ថ្មី​សន្តិសុខ​ថ្មីជាមួយគ្នា​ (AUKUS) កាលពីថ្ងៃពុធ​ ១៥ ខែកញ្ញា​ ឆ្នាំ២០២១​រួចមក​។

ក្រុងប៉ារីស​ចង់​បាន​ការ​ពន្យល់​ឲ្យច្បាស់​ ហើយថា​អាមេរិក​ត្រូវ​តែ​ឆ្លើយនឹងសំណួរនេះ​ ពីព្រោះ​ថា​ទង្វើ​របស់​អាមេរិកមើលទៅវាប្រៀបបីដូចជា​ការរំលោភលើ​ទំនុកចិត្ត​ និង​មាក់​ងាយ​ជា​ខ្លាំង​លើបារាំង​ដែលជា​សម្ព័ន្ធមិត្ត​។

ភ្លាមៗ​ក្រោយ​ការលើកឡើង​របស់​បារាំង​ខាង​លើ​នេះ​ នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​លោក ស្កុត ម៉ូរីសុន​ បាន​បញ្ជាក់​ដោយសង្កត់ធ្ងន់ថា​រូបលោក​ ហើយនិង​មន្ត្រី​រដ្ឋាភិបាល​អូស្ត្រាលី​មិន​បាន​លាក់បាំង​អ្វីឡើយ​ពាក់ព័ន្ធ​សំណុំរឿង​នាវាមុជទឹក​។

ចំណែក​លោក​នាយករដ្ឋមន្ត្រី​អង់គ្លេស​បូរីស ចនសុន វិញ​បាន​ព្យាយាម​និយាយ​កុំឲ្យ​បារាំង​ព្រួយ​បារម្ភពី​កិច្ច​ព្រមព្រៀង​ថ្មី​រវាង​អូស្រា្តលី អង់គ្លេស ​និង​អាមេរិក​។ លោក​ចនសុន​ បាន​គូស​បញ្ជាក់ថា​កិច្ច​ព្រមព្រៀង​ខាងលើ​ មិនមាន​បំណង​ទាត់​បារាំង​ចេញពី​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​នោះទេ​ និងថា​កិច្ច​ព្រម​ព្រៀង​សន្តិសុខ​រវាង​អូស្ត្រាលី អង់គ្លេស និង​អាមេរិក​នេះ​មិនមែនជារឿង​ដែល​គេ​គួរ​ព្រួយបារម្ភនោះទេ​ ជាពិសេស​សម្រាប់​ប្រទេស​សម្ព័ន្ធមិត្ត​ដូចជា​បារាំង​។

យ៉ាងណាក៏ដោយ​ លោកប្រមុខរដ្ឋបារាំង​ និង​លោកចូ បៃដិន ប្រធានាធិបតី​អាមេរិក​នឹង​និយាយ​គ្នា​តាម​ទូរសព្ទ​នៅប៉ុន្មានថ្ងៃទៀត​ ដូច្នោះ​ចម្លើយថាតើ​អាមេរិក​អាច​ដោះស្រាយ​ទំនាក់ទំនង​តានតឹង​ដែល​កំពុង​មាន​ជាមួយ​បារាំង​បានឬក៏អត់​ គេ​នឹង​អាច​ដឹង​ក្នុង​ពេល​ឆាប់ៗខាងមុខនេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ