អានតួអត្ថបទ

អ្នកជំនាញ៖បណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងអាស៊ីប៉ាស៊ីហ្វិកខាងត្បូងមិនចង់លូកដៃនឹងការប្រជែងគ្នារវាងចិន និងអាមេរិក

កិច្ចប្រជុំកំពូល​ស្តីពី​ការ ការពារ និង​សន្តិសុខ​នៅ​អាស៊ីប៉ាស៊ីហ្វិក​រៀបចំ​ក្នុង​ប្រទេស​សិង្ហបុរី​បាន​បិទបញ្ចប់​នា​ថ្ងៃ​អាទិត្យ ទី១២ មិថុនា។ កិច្ចប្រជុំកំពូល​ដែល​បាន​ខកខាន​មិន​បាន​ធ្វើ​ចំនួន ២ឆ្នាំ​ជាប់​គ្នា​កន្លង​ទៅ​ដោយសារ​កូវីដ១៩ ជា​ឱកាស​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ចូលរួម​ផ្តើម​មាន​កិច្ចសន្ទនា និង​លើក​ឡើង​នូវ​ប្រធានបទ​ធំៗ​ស្តីពី​សន្តិសុខ​ក្នុង​តំបន់ និង​លើ​ពិភពលោក។ តែ​គេ​បាន​សង្កេត​ឃើញ​ថា គឺ​បញ្ហា​សន្តិសុខ​នៅ​អាស៊ីឦសាន សំណុំរឿង​តៃវ៉ាន់ និង​បញ្ហា​កូរ៉េខាងជើង​ដែល​បាន​គ្របដណ្តប់​ខ្លាំង​នៅ​ក្នុង​កិច្ចប្រជុំកំពូល។ លើស​ពី​នេះ វេទិកា​ដដែល​មួយ​នេះ​ត្រូវ​បាន​អាមេរិក និង​ចិន​ប្រើ​ដើម្បី​ដំឡើង​សំឡេង​ដាក់​គ្នា ពិសេស​ជុំវិញ​រឿង​តៃវ៉ាន់។ លោក​ដាវីដ កាំរូ អ្នក​ស្រាវជ្រាវ​បាន​មើល​ឃើញ​ថា បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិកខាងត្បូង​ទើសទាល់​ចិត្ត និង​មិន​ចង់​លូកដៃ​នៅ​ក្នុង​ការ​ប្រជែង​គ្នា​រវាង​អាមេរិក និង​ចិន។

U.S. Defense Secretary Lloyd Austin speaks during a plenary session at the 19th International Institute for Strategic Studies (IISS) Shangri-la Dialogue, Asia's annual defense and security forum, in Singapore, Saturday, June 11, 2022. (AP Photo/Danial Hakim)
U.S. Defense Secretary Lloyd Austin speaks during a plenary session at the 19th International Institute for Strategic Studies (IISS) Shangri-la Dialogue, Asia's annual defense and security forum, in Singapore, Saturday, June 11, 2022. (AP Photo/Danial Hakim) AP - Danial Hakim
ផ្សាយពាណិជ្ជកម្ម

« វា​ជា​ការ​ខកចិត្ត​ខ្លាំង​ណាស់​សម្រាប់​ក្រុម​ប្រទេស​អាស៊ីអាគ្នេយ៍ រួម​ទាំង​ប្រទេស​ធំ​មួយ​ដូច​ជា​ឥណ្ឌូណេស៊ី​ដែល​មិន​ចង់​ឃើញ ពិសេស​មិន​ចង់​លូកដៃ​នៅ​ក្នុង​ការ​ប្រជែង​គ្នា​រវាង​ប្រទេស​ចិន និង​អាមេរិក​នៅ​ក្នុង​តំបន់។ សម្រាប់​ក្រុម​ប្រទេស​អាស៊ីអាគ្នេយ៍ ការ​ដំឡើង​សំឡេង​ដាក់​គ្នា​រវាង​អាមេរិក និង​ចិន​នៅ​ក្នុង​កិច្ចប្រជុំកំពូល​ទាក់ទង​ជា​ពិសេស​នៅ​តំបន់​អាស៊ីឦសាន ពោល​មិនមែន​អាស៊ីអាគ្នេយ៍​ទេ។

ការ​យល់​ឃើញ​ដូច​គ្នា​នេះ​ក៏​មាន​ពី​ក្រុម​ប្រទេស​កូនកោះ​នៅ​តំបន់​ប៉ាស៊ីហ្វិកខាងត្បូង​ដែរ។ ក្រុម​ប្រទេស​កូនកោះ​នៅ​តំបន់​ប៉ាស៊ីហ្វិកខាងត្បូង​មិន​ចង់​ជំពាក់​វាក់វិន​នឹង​ការ​ប្រជែង​កម្លាំង​រវាង​ចិន និង​អាមេរិក​ឡើយ។ តាម​ពិត វា​ជា​កំហុស​រវាង​ចិន និង​អាមេរិក​ដែល​ចង់​ជំរុញ​ថ្នាក់ដឹក​នាំនៅ​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិកខាងត្បូង​ឲ្យ​ជ្រើសរើស​រវាង​នៅ​ខាង​ចិន ឬ​មួយ​នៅ​ខាង​អាមេរិក។

តែ​មែនទែន​ទៅ និង​អ្វី​ដែល​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិកខាងត្បូងចង់​បាន​ប្រាកដ​នោះ គឺ​ចង់​ទាញ​បាន​ប្រយោជន៍​ទាំង​សង​ខាង​ទាំង​ពី​ចិន និង​ពី​អាមេរិក​ដោយ​មិន​កាន់​ជើង​ខាង​ណា​ទាំង​អស់។ ឧទាហរណ៍​ជាក់ស្តែង​សម្រាប់​ប្រទេស​អូស្រា្តលី ដៃគូ​ពាណិជ្ជកម្ម​ទី១ គឺ​ប្រទេស​ចិន ហើយ​សម្ព័ន្ធមិត្ត​ធំ និង​បង​ធំ​ជា​អ្នក​ការពារ គឺ​អាមេរិក។

ដូច្នេះ បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិកខាងត្បូងចង់​បន្ត​ស្ថិត​ក្នុង​ស្ថានភាព​របៀប​នេះ និង​ចង់​បន្ត​ប្រកាន់​យក​នូវ​ជំហរ​មួយ​នេះ​ដែល​មាន​ការ​ពេញចិត្ត​ទាំង​អស់​គ្នា។ ប្រទេស​ចិន​បាន​ផ្តល់​ឲ្យ​ពួក​គេ​នូវ​សក្តានុពល​សេដ្ឋកិច្ច ហើយ​អាមេរិក​បាន​ផ្តល់​ឲ្យ​ពួក​គេ​នូវ​ស្ថិរភាព​ភូមិសាស្រ្ត​នយោបាយ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ