អានតួអត្ថបទ
អាមេរិក-អាស៊ី

សហរដ្ឋអាមេរិក៖លោកចូ បៃដិនបានធានាសម្ព័ន្ធមិត្តអាស៊ីពីកិច្ចសន្យារបស់សហរដ្ឋអាមេរិកក្នុងវិស័យការពារ

នៅ​សហរដ្ឋអាមេរិក ប្រធានាធិបតី​ជាប់ឆ្នោត​លោក​ចូ បៃដិន​បន្ត​ហៅ​ទូរស័ព្ទ​ទៅ​កាន់​ថ្នាក់ដឹកនាំ​ប្រទេស​មួយ​ចំនួន​ក្នុង​លោក។ បន្ទាប់​ពី​ថ្នាក់ដឹកនាំ​អឺរ៉ុប​ក្នុង​ថ្ងៃ​ពុធ ទី១១ វិច្ឆិកា លោក​បៃដិន​បាន​ទូរស័ព្ទ​ជជែក​ជាមួយ​ថ្នាក់ដឹកនាំ​អាស៊ី​ចំនួន ៣ប្រទេស គឺ​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​មូន ចៃអ៊ីន នាយករដ្ឋមន្រ្តី​អូស្រ្តាលី​លោក​ស្កុត ម៉ូរីសុន និង​នាយករដ្ឋមន្រ្តី​ជប៉ុន​លោក​យ៉ូស្ហ៊ីហ៊ីដេ ស៊ូហ្គា។ នៅ​ក្នុង​កិច្ចសន្ទនា លោក​បៃដិន​បាន​ថ្លែង​ធានា​ថ្នាក់ដឹកនាំ​អាស៊ី​ទាំង ៣រូប​ពី​ការ​សន្យា​របស់​សហរដ្ឋអាមេរិក​ក្នុង​ការ​រក្សា​កតិកាសញ្ញាការពារ​ទៅវិញ ទៅមក និង​ស្តារ​ឡើង​វិញ​នូវ​ទំនាក់ទំនង​ដែល​បាន​ចុះ​ខ្សោយ​នៅ​ក្រោម​ប្រធានាធិបតី​លោក​ដូណាល់ ត្រាំ។

ប្រធានាធិបតីអាមេរិកជាប់ឆ្នោតលោកចូ បៃដិនបានធានាសម្ព័ន្ធមិត្តអាស៊ីពីកិច្ចសន្យារបស់សហរដ្ឋអាមេរិកក្នុងវិស័យការពារ
ប្រធានាធិបតីអាមេរិកជាប់ឆ្នោតលោកចូ បៃដិនបានធានាសម្ព័ន្ធមិត្តអាស៊ីពីកិច្ចសន្យារបស់សហរដ្ឋអាមេរិកក្នុងវិស័យការពារ REUTERS - JONATHAN ERNST
ផ្សាយពាណិជ្ជកម្ម

ការ​ហៅ​ទូរស័ព្ទ​ទៅ​កាន់​ថ្នាក់ដឹកនាំ​អាស៊ី​ទាំង ៣ប្រទេស គឺ​ជប៉ុន កូរ៉េខាងត្បូង និង​អូស្រា្តលី​របស់​លោក​ចូ បៃដិន​មិនមែន​ជា​ជម្រើស​ចៃដន្យ​ទេ មិន​ចៃដន្យ ព្រោះ​ទី១ ប្រទេស​អាស៊ី​ទាំង ៣ ជា​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋអាមេរិក និង​ទី២ ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​មូន ចៃអ៊ីន នាយករដ្ឋមន្រ្តី​អូស្រ្តាលី​លោក​ស្កុត ម៉ូរីសុន និង​នាយករដ្ឋមន្រ្តី​ជប៉ុន​លោក​យ៉ូស្ហ៊ីហ៊ីដេ ស៊ូហ្គា​បាន​ថ្លែង​សាទរ​ការ​ជាប់ឆ្នោត​របស់​លោក​បៃដិន​ពេញ​មាត់ ទោះ​ជា​លោក​ដូណាល់ ត្រាំ​បន្ត​មិន​ទទួល​ស្គាល់​បរាជ័យ​ក៏​ដោយ។ នៅ​កិច្ចសន្ទនា​ជាមួយ​លោក​បៃដិន នាយករដ្ឋមន្រ្តី​ជប៉ុន​លោក​ស៊ូហ្គា​បាន​ព្រមាន​ពី​ស្ថានការណ៍​សន្តិសុខ​ធ្លាក់​ចុះ​ខ្លាំង​នៅ​ក្នុង​តំបន់។ តែ​លោក​បៃដិន​បាន​ឆ្លើយ​ធានា​លោក​ស៊ូហ្គា​ពី​ការ​ប្តេជ្ញាចិត្ត​របស់​សហរដ្ឋអាមេរិក​ក្នុង​ការ​ការពារ​ជប៉ុន និង​ពី​កាតព្វកិច្ច​ដែល​ប្រទេស​ទាំង​ពីរ​ត្រូវ​បាន​ចង​ភ្ជាប់​ដោយ​សន្ធិសញ្ញា​មួយ​ចំនួន។

តាម​ការ​ឲ្យ​ដឹង​ពី​ក្រុម​ការងារ​របស់​លោក​បៃដិន ការ​សន្យា​ការពារ​ជប៉ុន​របស់​លោក​បៃដិន​ក៏​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ទីប្រជុំ​កោះ​សេនកាគុ​ដែល​ជប៉ុន​កំពុង​មាន​ជម្លោះ​ជាមួយ​ចិន​ដែរ។ ចំណែក​នៅ​ក្នុង​កិច្ចសន្ទនា​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​មូន ចៃអ៊ីន លោក​បៃដិន​បាន​ហៅ​សម្ព័ន្ធភាព​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង​ជា​សសរ​នៃ​សន្តិសុខ និង​វិបុលភាពនៅ​ក្នុង​តំបន់។ បន្ទាប់​មក លោក​បៃដិន​ក៏​បាន​សន្យា​សហការ​ជាមួយ​កូរ៉េខាងត្បូង​នៅ​លើ​បញ្ហា​រួម ដូច​ជា​បញ្ហា​កូរ៉េខាងជើង និង​បម្រែបម្រួល​អាកាសធាតុ។ គួរ​បញ្ជាក់​ថា​បច្ចុប្បន្ន មាន​ទាហាន​អាមេរិក​ជា​ច្រើន​ម៉ឺននាក់​កំពុង​ឈរ​ជើង​នៅ​ជប៉ុន និង​នៅ​កូរ៉េខាងត្បូង។

នៅ​កូរ៉េខាងត្បូង មាន​វត្តមាន​ទាហាន​អាមេរិក​ចំនួន ២៨ ៥០០នាក់​ដើម្បី​ជួយ​ការពារ​កូរ៉េខាងត្បូង​ពី​ការ​គំរាម​របស់​កូរ៉េខាងជើង។ តែ​លោក​ត្រាំ​ធ្លាប់​បាន​សន្យា​ដក​ទាហាន​អាមេរិក​ទាំង​អស់​ចេញ​ពី​ជប៉ុន និង​កូរ៉េខាងត្បូង។ នៅ​ក្នុង​កិច្ចសន្ទនា​ជាមួយ​នាយករដ្ឋមន្រ្តី​អូស្រ្តាលី​លោក​ស្កុត ម៉ូរីសុន លោក​បៃដិន​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​បម្រែបម្រួល​អាកាសធាតុ។ ការ​លើក​ឡើង​របស់​លោក​បៃដិន​ដូច​នេះ​បាន​ធ្វើ​ឡើង ខណៈ​ដែល​រដ្ឋាភិបាល​អភិរក្សនិយម​របស់​លោក​ម៉ូរីសុន​ជាប់​ចោទ​ពី​បទ​យឺតយ៉ាវ​ក្នុង​ការ​ចាត់​វិធានការ​ប្រឆាំង​នឹង​បម្រែបម្រួល​អាកាសធាតុ។ ជា​ការ​ឆ្លើយ​តប​វិញ លោក​ម៉ូរីសុន​បាន​ចាត់​ទុក​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​លោក​បៃដិន​ប្រកប​ដោយ​ភាព​កក់ក្តៅ និង​ថា លោក​បៃដិន​មិន​បាន​លើក​ឡើង​ពី​អព្យាក្រឹតកាបោន​ទេ តែ​លើក​ឡើង​ពី​បច្ចេកវិទ្យា​ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​បញ្ចុះ​ឧស្ម័ន​ផ្ទះកញ្ជក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ