អានតួអត្ថបទ
ជប៉ុន

ហ្វូគូស្ហ៊ីម៉ា ៖ តុលាការ​កាត់​ទោស​អតីតប្រធាន​ក្រុមហ៊ុន​តិបកូ​ ឱ្យ​បង់​ពិន័យ​ជិត​១០០ពាន់លាន​អឺរ៉ូ

តុលាការ​ក្រុង​តូក្យូ បាន​ចេញ​សាលក្រម​ នៅ​ថ្ងៃ​ពុធ​ទី ១៣​កក្កដា​នេះ កាត់​ទោស​អតីត​អ្នក​ទទួល​ខុស​ត្រូវ​ក្រុមហ៊ុន​អគ្គីសនី​ តិបកូ (Tepco Daiichi)បួន​នាក់ ឱ្យ​បង់​សំណង​ខូច​ខាត​ចំនួន​ ១៣៣០០​ពាន់​លាន​យេន (៩៧ពាន់​លានដុល្លារ) ពី​បទ​មិន​អាច​ទប់​ស្កាត់​កុំ​ឱ្យ​មាន​គ្រោះថ្នាក់​នៅមជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ្វូគូស្ហ៊ីម៉ា កាលពី​ឆ្នាំ​២០១១។ អ្នក​ទទួល​ខុស​ត្រូវ​ក្រុមហ៊ុន​រង​ការ​កាត់​ទោស​ឱ្យ​បង់​ពិន័យ​ជា​លើក​ច្រើន​សា​ហើយ។ ហើយ​នៅលើកនេះ​ក៏​ដូច​លើក​មុន ការ​ពិន័យ ​មាន​តម្លៃ​ជា​និម្មិតរូប​តែ​ប៉ុណ្ណោះ។

ក្រុមដើម​បណ្តឹង​បញ្ចេញ​ប្រតិកម្ម​ក្រោយ​តុលាការក្រុង​តូក្យូ​ប្រកាសសាលក្រម កាត់​ទោស​អតីត​មេដឹកនាំ​ក្រុមហ៊ុន​តិបកូ ថ្ងៃទី ១៣កក្កដា ២០២២
ក្រុមដើម​បណ្តឹង​បញ្ចេញ​ប្រតិកម្ម​ក្រោយ​តុលាការក្រុង​តូក្យូ​ប្រកាសសាលក្រម កាត់​ទោស​អតីត​មេដឹកនាំ​ក្រុមហ៊ុន​តិបកូ ថ្ងៃទី ១៣កក្កដា ២០២២ AFP - KAZUHIRO NOGI
ផ្សាយពាណិជ្ជកម្ម

គ្មាន​​ទោស​នៅ​តុលាការ​សាលា​ដំបូង អតីតថៅកែក្រុមហ៊ុន​តិបកូ-​ អតីត​ប្រធាន​ក្រុមប្រឹក្សារដ្ឋបាល និង​អតីត​អនុប្រធាន​ក្រុមហ៊ុន​តិប​កូពីរ​រូប ព្រមទាំង​អតីត​អ្នក​ទទួល​ខុស​ត្រូវ​ក្រុមហ៊ុន​ម្នាក់​ទៀត ត្រូវ​បាន​តុលាការ​ក្រុង​តូក្យូ​កាត់​ទោស​ នៅ​ថ្ងៃ​ទី ១៣​កក្កដា​២០២២​នេះ ឱ្យ​បង់​ពិន័យ​ក្នុង​តម្លៃ​ដ៏មហាសាល ប្រមាណ ៩៧ពាន់​លាន​អឺរ៉ូ។ នេះ​ជា​លើក​ទីមួយ​ដែលតុលាការ​បញ្ជាក់​អំពី​កំហុស​របស់​​អតីត​មេដឹកនាំ​ក្រុមហ៊ុន​អគ្គិសនី​ ថា​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​គ្រោះមហន្តរាយ​នុយក្លេអ៊ែរ​ក្រោយ​ការ​រញ្ជួយ​ដី​និង​រលកយក្ស​ស៊ូណាមី។

សាលក្រម​នេះ​ជា​លទ្ធផល​​នៃ​ដំណើរ​ការ​ក្តី​តាំង​ពី​ឆ្នាំ​២០១២ និង​ជា​ជោគជ័យ​សម្រាប់​ក្រុម​អ្នក​មាន​ភាគហ៊ុន​ដែល​ជា​ដើម​បណ្តឹង។ រក​ឃើញ​អ្នក​ខុស​ហើយ! នេះ​ជា​សម្រែក​អបអរ​របស់​ក្រុម​ម្ចាស់​ភាគហ៊ុន​ ដែល​បាន​​ឈ្នះ​ក្តី តែ​មិន​អាច​ទទួល​សំណង​នៃ​ការ​ខូចខាត​ទេ ព្រោះ​នេះ​ជា​ការ​ពិន័យ​​ដ៏​ធ្ងន់ធ្ងរ​ក្រៃ ​ដែល​មាន​តម្លៃ​ជា​និម្មិតរូប​ ឱ្យ​សក្តិសម​ទៅ​ទំហំ​នៃ​ការ​វិនាសកម្ម។

នៅក្នុង​សាលក្រម ចៅក្រម​បាន​គូស​បញ្ជាក់​ថា ក្រុមហ៊ុន​មិន​បាន​គិត​ដល់​សុវត្ថិភាព​និង​ទំនួល​ខុស​ត្រូវ​ជា​មូល​ដ្ឋាន​គ្រឹះ​ក្នុង​វិស័យ​ថាមពល​នុយក្លេអ៊ែរ​។ ក្រុមហ៊ុន​អាច​បញ្ចៀស​មហន្តរាយ​នុយក្លេអ៊ែរ​បាន​ប្រសិន​បើ​មេដឹកនាំ​ក្រុមហ៊ុន​ធ្វើ​តាម​​របាយការណ៍ចែង​ពី​វិធានការ​ការពារ​ទល់​រលកយក្ស ដូច​ជា សង់ប្រព័ន្ធ​អគ្គីសនី​សង្គ្រោះ​នៅទីខ្ពស់ តាមបណ្តោយ​​ឆ្នេរ​មហាសមុទ្ទ​ប៉ាស៊ីហ្វិក ភាគ​ឦសានជប៉ុន។ នៅពេល​មាន​រលកយក្ស​ស៊ូណាមីថ្ងៃទី ១១​មីនា​២០១១ ក្នុង​ចំណោមម៉ាស៊ីនប្រតិករ​នុយក្លេអ៊ែរ​៦របស់​មជ្ឈមណ្ឌល មាន​បី​​ (១-២-៣)កំពុង​ដើរ តែ​ប្រព័ន្ធ​បញ្ចុះ​កម្តៅបាន​ខូច​ព្រោះ​ម៉ាស៊ីន​ភ្លើង​ត្រូវ​លិច​ទឹក ទើប​ស្នូល​ប្រតិករ​ទាំង​បី​រលាយ​ចូលគ្នា​ ហើយ​បង្ក​ឱ្យ​មាន​ផ្ទះ​អ៊ីដ្រូហ្សែន​នៅ​ម៉ាស៊ីនប្រតិករ​ ១ -៣​ និង​៤ ទើប​បង្ក​ឱ្យ​មាន​ការ​ខូច​ខាត​យ៉ាង​ខ្លាំង។ ការ​សម្អាត​ជាតិ​វិទ្យុសកម្ម និង​រំសាយ​មណ្ឌល​នុយក្លេអ៊ែរ​នេះ ត្រូវ​ការ​ប្រើពេល​ជា​ច្រើន​ទសវត្សរ៍​ទៀតណាស់។

សូម​រំលឹក​ថា ការ​រញ្ជួយ​ដី​ បន្ត​ដោយ​រលក​យក្ស​ស៊ូណាមិ ថ្ងៃ​ទី ១១​មីនា​២០១១ បាន​សម្លាប់​ជិវិត​មនុស្ស​អស់​ជាង​១៨៥០០នាក់នៅភាគ​ឦសាន​ជប៉ុន និង​គ្មាន​អ្នក​ស្លាប់​ដោយ​​មហន្តរាយ​​នុយក្លេអ៊ែរ ​ផ្ទាល់ភ្លាម​​ទេ។ ប៉ុន្តែ​មហន្តរាយ​នុយក្លេអ៊ែរ​ហ្វូគូស្ហ៊ីម៉ា បានសម្លាប់​ដោយ​ប្រយោល​មនុស្ស​អស់​រាប់​ពាន់​នាក់ តាម​ក្រោយ។ នេះ​បើ​តាម​ការ​ទទួល​ស្គាល់​របស់​រដ្ឋាភិបាល​ជប៉ុន។

បច្ចុប្បន្ននេះ រដ្ឋាភិបាល​ជប៉ុន​ប៉ាន់​ប្រមាណ​ថា​ទំហំ​នៃ​​មហន្តរាយ​នុយក្លេអ៊ែរមាន​តម្លៃ​ដល់​ទៅ ១៧៣ពាន់​លាន​អឺរ៉ូ សម្រាប់​រយៈ​ពេល​៤០ឆ្នាំ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ