អានតួអត្ថបទ
ជប៉ុន-នុយក្លេអ៊ែរ

មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ្វូគូស្ហ៊ីម៉ា ៖ ជញ្ជាំង​ទឹកកក​ការពារ​ទឹកពុល ​រលាយ​អស់​មួយ​ភាគ

ជាង​១០​ឆ្នាំ ក្រោយ​គ្រោះមហន្តរាយ​ មជ្ឈមណ្ឌលនុយក្លេអ៊ែរ​ហ្វូគូស្ហ៊ីម៉ា កំពុង​បង្ក​បង្កើត​ការ​ព្រួយ​បារម្ភ​ជា​ថ្មី។ ជញ្ជាំង​ទឹកកក​ដែល​ជា​រនាំ​ង​ការពារ​កុំ​ឱ្យ​ទឹក​ពុល​មាន​ជាតិ​វិទ្យុ​សកម្ម​ជ្រាប​ហូរ​ទៅ​ក្នុង​សមុទ្ទ​បាន​រលាយ​អស់​មួយ​ភាគ ព្រោះ​សីតុណ្ហភាព​ក្រោម​ដី​បាន​ឡើង​ដល់​១០អង្សា​នៅ​កន្លែង​ខ្លះ។ ក្រុមហ៊ុន​អគ្គីសនី​Tepco អ្នកគ្រប់គ្រង​ការ​រំលាយ​មជ្ឈមណ្ឌល​គ្រោង​នឹងធ្វើ​ការ​ជួសជុល​ចាប់​ពី​ដើម​ខែ​ធ្នូ​ទៅ។

មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ្វូគូស្ហ៊ីម៉ា ៖ ជញ្ជាំង​ទឹកកក​ការពារ​ទឹកពុល ​រលាយ​អស់​មួយ​ភាគ
មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ្វូគូស្ហ៊ីម៉ា ៖ ជញ្ជាំង​ទឹកកក​ការពារ​ទឹកពុល ​រលាយ​អស់​មួយ​ភាគ AP - Tomohiro Ohsumi
ផ្សាយពាណិជ្ជកម្ម

ដើម្បី​កំរិត​ការ​ហូរជ្រាប​ទឹក​ពុល​មាន​ជាតិ​វិទ្យុសកម្ម​ទៅក្នុង​ស្រទាប់ដី​​ ទៅក្នុង​សមុទ្ទ ក្រុមហ៊ុន​តិបកូ Tepco បាន​សាង​សង់​ជញ្ជាំង​ទឹកកកក្រោម​ដី កាលពី​ឆ្នាំ​២០១៦ ព័ទ្ធ​ជុំ​វិញ​ម៉ាស៊ីនប្រតិករនុយក្លេអ៊ែរ​​ដែល​រង​ការ​ខូច​ខាត​ដោយ​គ្រោះ​រញ្ជួយ​ដី និង​រលក​យក្សស៊ូណាមី កាលពី​ថ្ងៃទី ១១មីនា​២០១១។ មាន​ប្រវែង ១៥០០ម៉ែត្រ ជញ្ជាំង​ទឹកកក​មានបំពាក់​ទៅ​ដោយទុយោ​ប្រទាក់​​ខ្វាត់ខ្វែង ក្នុង​​ជម្រៅ​ដល់​៣០ម៉ែត្រក្រោមដី និង​ធ្វើ​ឱ្យ​ទឹក​នៅ​តំបន់ជុំ​វិញឡើង​កកជា​ប្រចាំ ​មិនអាច​ហូរ​​ជ្រាបបាន​ទេ។ បច្ចេកវិទ្យា​នេះបាន​កាត់​បន្ថយមួយ​ជា​បួន ​មិនឱ្យទឹក​មាន​ជាតិ​វិទ្យុសកម្ម ហូរ​​ជ្រាប​ចេញ​មក​ក្រៅ​​ទៅ​បំពុល​សមុទ្ទ​​។ ប៉ុន្តែ​តាំងពី​ប៉ុន្មាន​សប្តាហ៍ចុង​ក្រោយ​មកនេះ ប្រព័ន្ធ​វាស់​សីតុណ្ហភាព​ក្រោម​ដី បានចង្អុល​សីតុណ្ហភាពឡើង​ជិត​១០​អង្សា។ ជាមួយ​សីតុណ្ហភាព​ខ្ពស់​បែប​នេះ ជញ្ជាំង​ទឹកកកក្រោម​ដី​​ពិត​ជា​ត្រូវ​រលាយ​ខ្លះ​ជាក់​ជាមិនខាន។

Tepco បាន​សន្យា​ធ្វើ​ការជួសជុល ចាប់ពី​ដើម​ខែធ្នូ​នេះ​តែម្តង ដើម្បី​ពង្រឹង​រចនាសម្ព័ន្ធ​ជញ្ជាំង​ទឹកកក​ក្រោម​ដី​ឡើង​វិញ។ ការ​រលាយ​ជញ្ជាំង​ទឹកកក​នេះមិនមែន​ជា​​​​គ្រោះ​ថ្នាក់​អ្វីបន្ថែម​​ប៉ះពាល់​ដល់​​ម៉ាស៊ីនប្រតិករនុយក្លេអ៊ែរ​ដែល​រង​ការ​ខូចខាត​ទៅ​ហើយ​នោះទេ ប៉ុន្តែ​វា​អាច​រំខាន​ខ្លាំងដល់​ចំណាត់ការ​គ្រប់គ្រង​ទឹក​ពុល ក្នុង​ខណៈដែល​ក្រុមហ៊ុន​តិបកូ កំពុង​ជួប​ការ​លំបាក​លែង​មាន​សមត្ថភាព​ស្តុក​ទឹកពុល​ស្រាប់​ផង។ ក្រុមហ៊ុន​ទើប​ទទួល​បាន​ការ​អនុញ្ញាតពី​រដ្ឋាភិបាល​​ឱ្យ​ចាក់​ទឹក​ប្រើ​រួច​នេះ ទៅក្នុង​មហាសមុទ្ទ​ប៉ាស៊ីហ្វិក ចាប់​ពី​ឆ្នាំ​២០២៤​ទៅ។

សូម​បញ្ជាក់​ថា​ ​ទឹក​​ប្រើ​ជាប្រចាំសម្រាប់ ​​បញ្ចុះ​កម្តៅ​​ម៉ាស៊ីនប្រតិករ​បី​ក្នុង​ចំណោម​ម៉ាស៊ីនប្រតិករ​ទាំង​៦នៃមជ្ឈមណ្ឌលហ្វូគូស៊្ហីម៉ា ​ដែលខូត​ខាតក្នុង​អំឡុង​រញ្ជួយ​ដី ​ជា​ទឹកមាន​ជាតិ​​ពុល​ និង ត្រូវ​​បាន​តិបកូ​យក​ទៅ​ស្តុកទុក​នៅ​ក្នុង​អាង​បំរុង​ចំនួន​រាប់​ពាន់​អាង ក្រោយ​ពី​ចម្រោះ​សម្អាតហើយ។ ចម្រោះ​សម្អាត​ជាតិ​វិទ្យុសកម្មមែន តែ​ទឹកនេះ​ នៅមានសល់សារធាតុ​ពុល Tritiumដដែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ