អានតួអត្ថបទ
អូស្ត្រាលី-សត្វព្រៃ

របាយការណ៍ដ៏រន្ធត់ស្តីពីការបាត់បង់ជីវិតសត្វ និង​រុក្ខជាតិ​នៅអូស្រ្តាលី

រដ្ឋាភិបាល​អូស្ត្រាលី បាន​ចេញ​របាយការណ៍​ដ៏គួរ​ឲ្យរន្ធត់មួយ​ដែលបង្ហាញ​ពី​ការគំរាមកំហែង​មិនធ្លាប់​មាន​ទៅលើ​ជីវិតសត្វ និង​រុក្ខជាតិ​នៅ​អូស្ត្រាលី។ តាម​របាយការណ៍ ចេញផ្សាយ នៅថ្ងៃ​អង្គារ​ទី ១៩​កក្កដា សត្វនិងរុក្ខជាតិ មិនថា នៅលើ​ដី និងនៅ​ក្នុងទឹក​រងការបំផ្លាញ គំរាមកំហែង ដោយសារ ភ្លើងឆេះព្រៃ អាកាសធាតុក្តៅស្ងួតហួតហែងខ្លាំង ការឡើងកំដៅផែនដី ហើយនិងចុងក្រោយ គឺ​ដោយសារ​សកម្មភាព​របស់​មនុស្ស។

ភ្នាក់ងារពន្លត់អគ្គិភ័យ លោក​David Tree ចែកទឹករបស់ខ្លួនជាមួយ​សត្វកូអាឡា​ដែល​របួសដោយសារ​ភ្លើងឆេះព្រៃ នៅ Mirboo North
ភ្នាក់ងារពន្លត់អគ្គិភ័យ លោក​David Tree ចែកទឹករបស់ខ្លួនជាមួយ​សត្វកូអាឡា​ដែល​របួសដោយសារ​ភ្លើងឆេះព្រៃ នៅ Mirboo North ASSOCIATED PRESS - Mark Parden
ផ្សាយពាណិជ្ជកម្ម

របាយការណ៍ ៥ឆ្នាំម្តង​របស់​រដ្ឋាភិបាល​អូស្ត្រាលី​បាន​បង្ហាញ​តារាង​ខូចខាត និង​ការបាត់បង់​ជីវិត​សត្វនិង​រុក្ខជាតិ​របស់​អូស្ត្រាលី ក្នុង​កម្រិត​មួយ ដ៏គួរ​ឲ្យ​ព្រួយបារម្ភ។ ចាប់តាំង​ពី​សតវត្សរ៍ ទី​២០ កសីតុណ្ហភាព​ជាមធ្យម​របស់​អូស្ត្រាលី​បានកើនឡើង ១,៤អង្សា ដោយសារ​ការឡើង​កំដៅនៃភពផែនដី។

រលកកំដៅ​ដែលបាន​បង្ក​ឲ្យមាន​ភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅខ្លាំងមិនធ្លាប់មាន នៅ​អូស្ត្រាលី កាលពី​ឆ្នាំ ២០១៩ និង​ឆ្នាំ ២០២០ បាន​បំផ្លាញដំណាំរុក្ខជាតិ​ច្រើនជាង ៨លានហិចតា និង​បាន​សម្លាប់ ឬ​ធ្វើ​ឲ្យសត្វព្រៃ​ផ្លាស់ទី ពី ១ពាន់ ទៅ ៣ពាន់​លាន​ក្បាល។ ចំណែក​រលកកំដៅ​នៅក្នុង​មហាសមុទ្រ​បាន​បំផ្លាញ​ផ្កាថ្មអូស្ត្រាលី ដែលជា​សម្បត្តិធម្មជាតិ​ដ៏កម្រ​លើលោក។

ចាប់តាំង​ពី​ឆ្នាំ ១៩៩០ ព្រៃ​ញឹក ឬព្រៃដែល​មនុស្ស​មិនដែល​ចូលដល់ ត្រូវ​បំផ្លាញអស់​រាប់លាន​ហិចតា ចំណែក​ជំរក​របស់​សត្វព្រៃកម្រ ជាង ៧លានហិចតា​ត្រូវ​បំផ្លាញ​រិចរិល ចាប់ពី​ឆ្នាំ ២០០០​ដល់ឆ្នាំ ២០១៧។ គេវាយតម្លៃថា ដោយសារ​តែបាត់បង់ជំរក និងការបំផ្លាញ ដោយសារ​គ្រប់ហេតុផល នៅ​ក្នុង​រយៈពេល​តែ​៥ឆ្នាំ​ប៉ុណ្ណោះ រុក្ខជាតិ និង​សត្វព្រៃ ជាង​២០០ប្រភេទ​ត្រូវ​បានគេ​ដាក់បញ្ចូល​ក្នុង​បញ្ជី​ឈ្មោះ រុក្ខជាតិ ​សត្វ​ដែល​ត្រូវ​ប្រឈម​នឹង​ការរលាយផុតពូជ តាមការចែង​របស់​ច្បាប់អូស្ត្រាលី។

តាមរបាយការណ៍​ដ៏គួរស្លុតចិត្ត​សម្រាប់​រដ្ឋាភិបាល​អូស្ត្រាលី អូស្ត្រាលី បានបាត់បង់​ថនិកសត្វច្រើនជាង ទ្វីបណាៗទាំងអស់។ ក្នុងរយៈពេល​៥ឆ្នាំ ចំនួន​សត្វ​ដែល​រងការគំរាមកំហែង ប្រឈម​នឹង​ការផុតពូជ​បាន​កើនឡើង​៨%។

អាកាសធាតុក្តៅខ្លាំង ភ្លើងឆេះព្រៃ និង​សកម្មភាព​របស់​មនុស្ស គឺ​ជាដើមហេតុ​ចំបង​នៃ​ការបំផ្លិចបំផ្លាញជីវិត​សត្វ និង​រុក្ខជាតិ​នៅអូស្រ្តាលី។ តាម​របាយការណ៍ ខាងលើ ទីក្រុង​អូស្ត្រាលី​បាន​អភិវឌ្ឍ​ក្នុង​ល្បឿនមួយ​ដ៏លឿន ដែលជាហេតុបង្ក​មាន​ការឡើងកំដៅ ការបំពុលបរិយាកាស សំរាមទីក្រុង និង​គំរាមកំហែង​ប្រភពទឹក និង​ថាមពល។ ជាក់ស្តែង ដោយសារតែ​ការអភិវឌ្ឍ ​ក្រុងស៊ីដនី​បាន​បំផ្លាញ ដីព្រៃ​របស់ខ្លួនអស់ ៧០%។

សម្រាប់​អង្គការ​ការពារសត្វព្រៃ របាយការណ៍​បរិស្ថាន​ខាងលើ បាន​បង្ហាញ​ពី​បរាជ័យ​របស់​រដ្ឋាភិបាល​អូស្ត្រាលី ក្នុងការអនុវត្តច្បាប់ និង​ការ​ចាត់វិធានការ​ការពារ​រុក្ខជាតិ សត្វព្រៃ។ ម្យ៉ាង​វា​ក៏ជា​ការទាញសញ្ញា​អាសន្ន ដាស់ស្មារតី របស់​រដ្ឋាភិបាលអូស្ត្រាលី ឲ្យ​ត្រូវ​ប្រឹងប្រែង ប្រញាប់​ចាត់វិធានការបន្ទាន់ឡើង ដូចជា​វិនិយោគច្រើនជាងមុន និង​បង្កើតច្បាប់តឹងរ៉ឹងជាងមុន បើសិនជា​គេ​មិន​ចង់​ឃើញ សត្វព្រៃ​ដ៏កម្រ ដែលមានតែ​នៅលើ​ទឹកដី​អូស្ត្រាលី ដូចជា​សត្វ កូអាឡាជាដើម ត្រូវ​រលាយផុតទេនោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ