អានតួអត្ថបទ
ថៃ-បរិស្ថាន

មន្ត្រី​អភិរក្ស​ព្រៃឈើ​ថៃ​៤នាក់ ជាប់​ចោទ​​ពី​បទ​​សម្លាប់​​សកម្មជន​បរិស្ថានការ៉េន​ម្នាក់ នៅ​​ឆ្នាំ​​២០១៤

មន្ត្រីអភិរក្សព្រៃឈើថៃចំនួន​៤នាក់ ត្រូវព្រះរាជអាជ្ញាថៃ ចោទជាផ្លូវការ​ សង្ស័យថា​បាន​សម្លាប់​សកម្មជន​បរិស្ថាន​ ​ ជនជាតិភាគតិចការ៉េនម្នាក់ ឈ្មោះ Billy កាលពីឆ្នាំ​២០១៤។ ករណីបាត់ខ្លួន​សកម្ម​ជនបរិស្ថាន​រូបនេះ បាន​ធ្វើ​ឲ្យ​កក្រើករញ្ជួយប្រទេសថៃ ហើយដែលបំណែក​ឆ្អឹងសាកសព របស់ជនរងគ្រោះ ត្រូវបាន​គេរកឃើញកាលពីឆ្នាំ​២០២០។ ការបើកសំណុំរឿងឡើងវិញ និងឈានដល់ការចោទប្រកាន់នេះ នឹងបើកវាំងននបង្ហាញអំពី​សកម្មភាពបំពានអំណាចរបស់​មន្ត្រីរាជការថៃ ទៅលើសហគមន៍ជនជាតិភាគតិច។​

Pinnapha Phrueksapan ភរិយារបស់ Por Cha Lee Rakchongcharoen (Billy) ឈរនៅពីមុខរូបថតប្តី ក្នុងពិធី​បុណ្យរៀបចំនៅក្រុងបាងកក ថ្ងៃទី ១៩​កញ្ញា ២០១៩
Pinnapha Phrueksapan ភរិយារបស់ Por Cha Lee Rakchongcharoen (Billy) ឈរនៅពីមុខរូបថតប្តី ក្នុងពិធី​បុណ្យរៀបចំនៅក្រុងបាងកក ថ្ងៃទី ១៩​កញ្ញា ២០១៩ AFP - JOE FREEMAN
ផ្សាយពាណិជ្ជកម្ម

Por Cha Lee Rakchongcharoen ឈ្មោះក្រៅហៅថា Billy គឺជាសកម្មជន​បរិស្ថាន ការពារសិទ្ធិជនជាតិភាគតិច​ការ៉េន​។ ថ្ងៃទី១៧ មេសា ២០១៤ Billyបានបាត់ខ្លួន បន្ទាប់ពី​ត្រូវបាន​មន្ត្រីអភិរក្សឧទ្យានជាតិ កេងក្រៈចាន ដែល​ស្ថិតក្នុងខេត្តភេតឆាប៊ូរី ឃាត់ខ្លួនពីបទចូលទៅ​លួច​ប្រមូលផលទឹកឃ្មុំដោយ​ខុសច្បាប់។ ការពិតនៅថ្ងៃកើតហេតុ Billy ត្រូវទៅជួប​​សហគមន៍​ជនជាតិ​ភាគតិច​ការ៉េន ដើម្បីជួយ​ពួកគេ រៀបចំ​ពាក្យបណ្តឹង ​ទាក់ទិននឹងសកម្មភាព​របស់​អាជ្ញាធរ​តំបន់ ដែលបាន​ដុតបំផ្លាញផ្ទះ​ប្រជាជន​​ចំនួន​​២០គ្រួសារ នៅក្នុងឧទ្យាជាតិនេះ​ កាលពីឆ្នាំ​២០១១។

៥ឆ្នាំក្រោយមក​ សមត្ថកិច្ចថៃ បានរកឃើញបំណែកលលាដ៍ក្បាល ដែល​មានស្នាមឆេះខ្លោច នៅក្នុងទឹកបឹងមួយកន្លែងក្នុងឧទ្យានជាតិ។ ឆ្លងកាត់ការពិនិត្យ​ ADN សមត្ថកិច្ចថៃអះអាងថា បំណែកលលាដ៍ក្បាលនេះ គឺជារបស់សកម្មជនបរិស្ថានឈ្មោះ Billy។ ការស៊ើបអង្កេតបានចាប់ផ្តើម ដោយ​ឈានទៅដល់ការឃាត់ខ្លួន ជនសង្ស័យចំនួន​៤នាក់ ក្នុងនោះមាន​អតីតប្រធានអភិរក្សឧទ្យាជាតិកេងក្រៈចានផ្ទាល់តែម្តង។ តែជននេះ តែងតែបានឆ្លើយអះអាងជានិច្ច ថាខ្លួនបានឃាត់ខ្លួន Billy នៅថ្ងៃកើតហេតុមែន តែបាន​ដោះលែងទៅវិញទេ។​

ដោយ​គ្មានភស្តុតាង និងគ្មានសាក្សីអះអាង សមត្ថកិច្ចថៃបានសម្រេចបោះបង់ចោលការស៊ើបអង្កេត និងការចោទប្រកាន់ទាំងស្រុង កាលពី​ខែមករាឆ្នាំ​២០២០ ។ ក៏ប៉ុន្តែដោយ​មានការតវ៉ារិះគន់ ទីបំផុត​នាយកដ្ឋាន​ស៊ើបអង្កេតពិសេសនៃក្រសួងយុត្តិធម៌ថៃ បានសម្រេចបើកសំណុំរឿងនេះឡើងវិញ។ ថ្ងៃចន្ទ​ទី​១៥សីហាម្សិលមិញ​ លោក Prayut Petchkhun អ្នកនាំពាក្យព្រះរាជាថៃ បានបញ្ជាក់ឲ្យដឹងថា មន្ត្រីអភិរក្សឧទ្យានជាតិចំនួន​៤នាក់ ក្នុងនោះ​មាន​ ឈ្មោះ Chaiwat Limlikitaksor អតី​តប្រធានឧទ្យានជាតិកេងក្រៈចាន នឹងត្រូវរងការចោទប្រកាន់ជាផ្លូវការ ពី បទមនុស្សឃាតដោយចេតនា បង្ឃាំងមនុស្ស​ដោយ​ខុសច្បាប់ និងពីបទបំផ្លាញសាកសព។

គួរកត់សំគាល់ថា ការបើកសំណុំរឿងសាឡើងវិញ ហើយឈានទៅ​ដល់ការចោទប្រកាន់នេះ គឺជាដំណឹងល្អមួយ ដែល​ក្រុមគ្រួសាររបស់ជនរងគ្រោះ ក៏ដូចជាអង្គការការពារបរិស្ថាននៅថៃ បានរំពឹងរងចាំជាយូរមកហើយ។ គេសង្ឃឹមថា វានឹងឈានទៅដល់ការ​ជំនំជំរះក្តី​ស្វែងរកយុត្តិធម៌ ជាគម្រូ​ប្រឆាំងនឹង​អំពើពុករលួយ និង​ការបំពានសិទ្ធិ​សហគមន៍​ជនជាតិ​ភាគតិច​នៅថៃ។

យោងតាមអង្គការសហប្រជាជាតិ យ៉ាងហោច​មានករណីបាត់ខ្លួនដោយបង្ខំនៅថៃ ចំនួន​៨២ករណី រាប់ពីឆ្នាំ​១៩៨០​មក។ តែតួលេខនេះត្រូវបាន​អង្គការសិទ្ធិមនុស្ស​នានា ជឿថាទាបជាងការពិតជាក់ស្តែង។ ទាក់ទិននឹងករណីធ្វើ​ទារុណកម្ម និង​ការបាត់ខ្លួន​ដោយបង្ខំ នៅថៃ គឺគ្មានច្បាប់ចែងកំណត់ឲ្យ​ច្បាស់លាស់ទេ។ ទើបតែកាលពីខែកុម្ភៈឆ្នាំ​​២០២២នេះ ដែលសភាជាន់ទាបថៃ បានបោះឆ្នោត​អនុម័តច្បាប់មួយ​ ចាត់ទុកអំពើទាំង២នេះ ថាជាអំពើឧក្រិដ្ឋ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ