អានតួអត្ថបទ
ចិន-រុស្ស៊ី

ចិន​នឹង​បញ្ជូន​កងទ័ព ទៅធ្វើ​សមយុទ្ធ​រួមគ្នា​ជាមួយ​​រុស្ស៊ី នៅ​តំបន់​ភាគ​ខាងកើត​រុស្ស៊ី

ក្រសួងការពារជាតិចិនបាន​បញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃព្រសហ្បតិ៍នេះថា នៅចុងខែសីហានេះ ខ្លួននឹងបញ្ជូន​កងទ័ព​ឲ្យទៅចូលរួម ​ក្នុង​ការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ ឈ្មោះ​ “Vostok” ដែលដឹកនាំដោយ​កងទ័ពរុស្ស៊ី នៅ​ឯតំបន់ភាគខាង​កើត​នៃដែនដីរុស្ស៊ី។ ចិនអះអាងថា ការចូលរួមក្នុងសមយុទ្ធយោធានេះ គឺវាស្ថិតនៅក្នុង​ក្របខណ្ឌរឹតចំណងសហប្រតិបត្តិការ រវាងកងទ័ពចិននិងកងទ័ពរុស្ស៊ី។ ដោយ​ឡែក​បរិបទតាមតឹងនាពេលបច្ចុប្បន្ននេះ ធ្វើ​ឲ្យ​អ្នកវិភាគបារម្ភថា សម្ព័ន្ធភាពកងទ័ព​ចិននិងរុស្ស៊ីនេះ គឺមានកម្មវត្ថុ​ប្រជែងកម្លាំងជាមួយ​អាមេរិក​។​

កងទ័ពរុស្ស៊ី ចិន និង​ម៉ុងហ្គោលី ធ្វើសមយុទ្ធរួម​គ្នា ក្នុង​កម្មវិធី​សមយុទ្ធ VOSTOK 2018 នៅតំបន់ស៊ីបេរីខាងកើត ។ ថ្ងៃទី ១៨ កញ្ញា ២០១៨
កងទ័ពរុស្ស៊ី ចិន និង​ម៉ុងហ្គោលី ធ្វើសមយុទ្ធរួម​គ្នា ក្នុង​កម្មវិធី​សមយុទ្ធ VOSTOK 2018 នៅតំបន់ស៊ីបេរីខាងកើត ។ ថ្ងៃទី ១៨ កញ្ញា ២០១៨ AP - Sergei Grits
ផ្សាយពាណិជ្ជកម្ម

កម្មវិធីសមយុទ្ធយោធា Vostok ប្រចាំឆ្នាំ​២០២២ របស់រុស្ស៊ី នឹងត្រូវប្រព្រឹត្តិធ្វើទៅ ចាប់ពីថ្ងៃទី ៣០សីហា ដល់ថ្ងៃទី​៥​កញ្ញា។ តាមរយៈលិខិតប្រកាសមួយ នៅ​ព្រឹកថ្ងៃទី​១៨សីហា ក្រសួងការពារជាតិចិនបានបញ្ជាក់ឲ្យដឹងថា ខ្លួននឹងបញ្ជូន​កងទ័ព ឲ្យទៅចូលរួម​នៅក្នុងសមយុទ្ធយោធានេះ។

ក្រសួងការពារជាតិចិនបញ្ជាក់បន្ថែមថា កម្មវត្ថុនៃការចូលរួម​នេះ គឺដើម្បី​ ដកស្រង់បទពិសោធន៍ទៅវិញទៅមក ជីក​រណ្ដៅ​នៃចំណងសហប្រតិបត្តិការ រវាងកងទ័ពចិន និងរុស្ស៊ី ឲ្យ​កាន់តែមានជម្រៅជ្រៅឡើងថែមទៀត និងជាពិសេសនោះ គឺជាការពង្រឹងចំណងសហប្រតិបត្តិការយុទ្ធសាស្ត្រ រវាងមហាមិត្តទាំង២ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការគំរាម​កំហែង​ផ្នែកសន្តិសុខ។​ តែទន្ទឹមគ្នានេះ ក្រសួងការពារជាតិ​ចិនអះអាងថា សមយុទ្ធយោធារួមគ្នាជាមួយរុស្ស៊ីនេះ គឺវាគ្មានអ្វីពាក់ព័ន្ធ នឹងបញ្ហា​តានតឹងនៅក្នុងតំបន់ នាពេលបច្ចុប្បន្ននេះ​ឡើយ​។

គួរបញ្ជាក់ថា ក្រៅពីចិន សមយុទ្ធយោធាដ៏ធំ ដែលកងទ័ពរុស្ស៊ីនឹងរៀបចំធ្វើ នៅ​ភាគខាងកើតប្រទេសខ្លួននេះ​ នឹងមាន​ការ​ចូលរួម​ពី​កងទ័ពប្រទេសមួយចំនួនទៀត ដូចជា​​ឥណ្ឌា ម៉ុងហ្គោលី បេឡារុស និង​តាតជីគីស្ថាន ជាដើម។ កាលពីខែឧសភា​ឆ្នាំនេះ កងទ័ព​ចិន​ក៏បាន​ចូលរួម​ ក្នុងសមយុទ្ធយោធាទ្វេភាគីជាមួយ​រុស្ស៊ីដែរ ដែល​បានប្រព្រឹត្តិធ្វើទៅរយៈពេល​១៣ម៉ោង នៅ​ក្បែរកូរ៉េខាងត្បូង និងជប៉ុន ជួនចំពេល​ដែល​លោក​ ចូ បៃដិន​កំពុងមានវត្តមាននៅទីក្រុងតូក្យូ។

ឆ្លើយទៅនឹងសំណួរអ្នកកាសែត​ លោក ណេដ ប្រាយស៍ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក​ បាន​បញ្ជាក់ថា អាមេរិក​មិនមានប្រតិកម្មអ្វី​ណាមួយ ទាកទិន​នឹង​កម្មវិធីសមយុទ្ធយោធាប្រចាំឆ្នាំរបស់​រុស្ស៊ីនេះទេ។ ជាមួយគ្នានេះ លោក​បាន​បន្ថែមថា ប្រទេសខ្លះដែលចូលរួម​ក្នុងសមយុទ្ធនេះ ក៏ធ្លាប់​មានវត្តមាននៅក្នុងសមយុទ្ធហាត់សម ដែលកងទ័ពអាមេរិក បានដឹកនាំដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ