អានតួអត្ថបទ
តៃវ៉ាន់-ការពារជាតិ

តៃវ៉ាន់​អះអាង​ថា​សមយុទ្ធ​ចិន​បាន​ពង្រឹង​សាមគ្គីភាព​អន្តរជាតិ

សម្ព័ន្ធមិត្ត​អន្តរជាតិ​របស់​តៃវ៉ាន់ រឹត​តែ​ចង់​មកបំពេញ​ទស្សនកិច្ច​នៅកោះ​ប្រជាធិបតេយ្យ និងមាន​​សាមគ្គីភាព​ជាមួយ​តៃវ៉ាន់ កាន់​តែ​ខ្លាំង​ឡើង ក្រោយ​ពី​ចិន​បាន​ដឹកនាំ​ធ្វើ​លំហាត់​សឹក​បែប​ឡោម​ព័ទ្ធកោះ​មក។ នេះ​ជា​ប្រសាសន៍​របស់​លោករដ្ឋមន្ត្រី​ការបរទេស​តៃវ៉ាន់ Joseph Wu ហ្សូសេព វ៉ូ នៅក្នុង​ឱកាស​ជួបជាមួយ​ក្រុម​អ្នកសារព័ត៌មាន​បរទេស នា​ថ្ងៃសុក្រទី ២៦សីហា២០២២។

ប្រធានាធិបតី​តៃវ៉ាន់ ស្វាគមន៍​សមាជិក​ព្រឹទ្ធសភា​អាមេរិក ថ្ងៃទី ២៦ សីហា ២០២២
ប្រធានាធិបតី​តៃវ៉ាន់ ស្វាគមន៍​សមាជិក​ព្រឹទ្ធសភា​អាមេរិក ថ្ងៃទី ២៦ សីហា ២០២២ © AP - Taiwan Presidential Office
ផ្សាយពាណិជ្ជកម្ម

សម្រាប់​លោក​ប្រមុខ​ការទូត​តៃវ៉ាន់ ហ្សូសេព វ៉ូ សមយុទ្ធ​របស់​ចិន​កាលពី​ដើម​ខែមិនបាន​នាំ​​​ប្រយោជន៍ឱ្យ​ប៉េកាំងទេ។ ផ្ទុយ​ទៅ​វិញ សម្ពាធ​យោធា​របស់​ចិន​មក​លើ​តៃវ៉ាន់ ​​បាន​រុញ​ច្រាន​ឥស្សរជន​នយោបាយ​បរទេស​ឱ្យ​ចង់​មកនិង​​គាំទ្រ​តៃវ៉ាន់​ កាន់​តែ​ច្រើន​ជាង​ពេល​ណាៗ​ទាំងអស់ ! មិត្ត​បរទេស​ចង់​មក​តៃ​វ៉ាន់ ក្នុ​ងចំបង​តែ​មួយ​គឺ​ដើម្បី​សម្តែង​សាមគ្គីភាព​ជាមួយ​តៃវ៉ាន់។ នេះ​បើ​តាម​លោក​ប្រមុខ​ការទូត​ដដែល។

ក្រោយ​ទស្សនកិច្ច​របស់​លោកស្រី​ប្រធាន​សភា​អាមេរិក ណាន់ស៊ី ប៉ូឡូស៊ី ដែល​ចិន​សងសឹក​ដោយ​ប្រមូល​ទ័ព​ធ្វើ​សមយុទ្ធ​ដ៏​សម្បើម​មិនធ្លាប់​មាន បែប​ឡោម​ព័ទ្ធកោះ​តៃវ៉ាន់មក​ មាន​អ្នកទទួល​ខុស​ត្រូវ​នយោបាយ​អាមេរិក​បីរូប​ផ្សេង​ទៀត ជា​សមាជិក​ព្រឹទ្ធសភាបក្ស​សាធារណរដ្ឋ លោក Ed Markey លោក​​អភិបាល​រដ្ឋ Indiana Eric Holcomb បាន​អញ្ជើញ​មកទស្សនា​កោះ។ ​នៅ​​សុក្រ​ទី ២៦សីហា​នេះ នៅទីក្រុង​តៃប៉ិ លោកស្រី​ប្រធានាធិបតី​ សៃ អ៊ីនវេន​ បាន​ទទួល​ជួប​​តំណាង​ព្រឹទ្ធសភា​បក្ស​សាធារណរដ្ឋ​​ លោកស្រី Marsha Blacburn ម្នាក់​ទៀត។

កាយវិការ​គាំទ្រ​របស់​សម្ព័ន្ធមិត្តនេះ​ និង​ការ​ដំឡើង​សាច់​ដុំ​របស់​ចិន ជា​កម្លាំង​​ជួយ​​ពង្រឹង​ឆន្ទៈ​តៃវ៉ាន់​ឱ្យ​កាន់​មុះ​មុត​ការពារ​ខ្លួន​បន្ថែម​ទៀត។ នេះ​ជា​ប្រសាសន៍​របស់​លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់ ទៅកាន់​លោកស្រី​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ជា​ភ្ញៀវ។

ជាមួយ​នឹង​កម្លាំង​ចិត្ត​ដាច់​ខាត​ការពារ​ខ្លួន​ពី​ការ​គំរាមកំហែង​ឈ្លានពានរបស់​​ចិន​ តៃវ៉ាន់​បាន​ថែម​ទាំង​ប្រកាស​កាលពី​ថ្ងៃ​ទី ២៥​សីហា បង្កើន​ថវិកា​ការពារ​ជាតិ​ចំនួន​ជិត​ ១៤% សម្រាប់​ឆ្នាំ​ក្រោយ។ ​រដ្ឋាភិបាល​និង​លោកស្រីប្រធានាធិបតី គ្រោង​​ដំឡើង​ថវិកាការពារ​ជាតិ​ឱ្យ​ឡើងដល់​​ ៥៨៦,៣ពាន់​លាន​ដុល្លារ​តៃវ៉ាន់ ពោល​គឺ​ជា​កំរិត​ខ្ពស់​ខ្លាំង​កំពូល ដោយ​មានភ្ជាប់​​ផែនការ​ទិញ​យន្តហោះ​ចម្បាំង​ទៀត​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ