អានតួអត្ថបទ
អាមេរិក-ឥណ្ឌូប៉ាស៊ីហ្វិក

អាមេរិក​ដឹកនាំ​​សមយុទ្ធយោធាដ៏ធំ​ប្រចាំឆ្នាំ នៅ​ឥណ្ឌូណេស៊ី តែអះអាងថាគ្មានបំណងគំរាមនរណាទេ

កាលពីថ្ងៃសុក្រ ទី១២សីហា ទាហានអាមេរិក និង​ឥណ្ឌូណេស៊ីជាច្រើនពាន់នាក់ បានធ្វើ​សមយុទ្ធយោធារួមគ្នា នៅ​លើកោះស៊ូម៉ាត្រា ដោយ​បាន​ប្រើគ្រាប់ពិត។ គួរកត់សំគាល់ថា សមយុទ្ធយោធាដឹកនាំដោយ​​អាមេរិក​​នេះ គឺ​វាស្ថិតនៅក្នុង​បរិបទដ៏តានតឹង បន្ទាប់ពី​សំណុំរឿង​កោះ​តៃវ៉ាន់ បានផ្ទុះឆេះឡើងយ៉ាងក្តៅគគុក។ កាលពីសប្តាហ៍កន្លងទៅ ចិនបាន​ធ្វើសមយុទ្ធយោធា ព័ទ្ធជុំវិញតៃវ៉ាន់ ដែលសមយុទ្ធនេះ ត្រូវបានភាគី​អាមេរិក​ចាត់ទុកថា ជាអំពើបង្កអស្ថិរភាព​។

ទាហានអាមេរិក និង​ឥណ្ឌូណេស៊ី សរុប​ចំនួន​៤០០០នាក់ ធ្វើសមយុទ្ធយោធារួមគ្នានៅកោះស៊ូម៉ាត្រា ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៤ សីហា ២០២២
ទាហានអាមេរិក និង​ឥណ្ឌូណេស៊ី សរុប​ចំនួន​៤០០០នាក់ ធ្វើសមយុទ្ធយោធារួមគ្នានៅកោះស៊ូម៉ាត្រា ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៤ សីហា ២០២២ AP - Dita Alangkara
ផ្សាយពាណិជ្ជកម្ម

សមយុទ្ធប្រចាំឆ្នាំដ៏ធំនេះ ត្រូវបាន​គេដាក់ឈ្មោះថា Super Garuda Shield។ ក្នុងពេលធ្វើសមយុទ្ធ កងទ័ពដែលចូលរួម​ បានប្រើប្រាស់គ្រាប់ពិត ដូចជាបានបាញ់គ្រាប់មីស៊ីល​ប្រឆាំងរថក្រោះ ប្រភេទ Javelin និង​បាន​ប្រើឧត្ថម្ភាគចក្រ Apach ព្រមទាំងបាន​ប្រើកាំភ្លើងយន្ត និងបាញ់រ៉ូកែតជាច្រើន​គ្រាប់​។

លោក John Aquilino អគ្គបញ្ជាកងទ័ពអាមេរិក ប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បានអះអាងថា សមយុទ្ធយោធាប្រចាំឆ្នាំ ដែលអាមេរិកបាន​ដឹកនាំធ្វើ​នៅឥណ្ឌូណេស៊ី តាំងតែពីថ្ងៃទី​១សីហាមកនោះ គឺមិនមានកម្មវត្ថុ សំដៅ​គំរាមសំឡុតទៅលើ​ប្រទេសណាមួយឡើយ។ តែយ៉ាងណា  នៅក្នុងសន្និសីទកាសែត កាលពី​ថ្ងៃសុក្រទី​១២សីហា លោក​មេបញ្ជាការអាមេរិករូបនេះ បាន​ទទួលស្គាល់ថា សកម្មភាព​សមយុទ្ធយោធារបស់ចិន ដែលបានធ្វើពេញមួយសប្តាហ៍ ព័ទ្ធជុំវិញកោះតៃវ៉ាន់ គឺវាជាសកម្មភាពបង្កអស្ថិរភាព។ លោកបានអះអាងថា គឺសកម្មភាពបែបគំរាមសំឡុត​របៀបនេះហើយ ដែល​យើងចង់បញ្ចៀសឲ្យ​បាន​ ហើយជារៀងរាល់ថ្ងៃ យើងបាន​ព្យាយាម​រារាំង កុំឲ្យ​មានសង្គ្រាម​ផ្ទុះឡើង។

គួររំលឹកថា ភាពតានតឹងបាន​ផ្ទុះឡើងជាខ្លាំង នៅតំបន់អាស៊ីប៉ាស៊ីហ្វិក​ ជុំវិញសំណុំរឿងតៃវ៉ាន់ ក្រោយដំណើរទស្សនកិច្ច​របស់​លោកស្រីប្រធានសភាអាមេរិក ណាន់ស៊ី ប៉េឡូស៊ី ទៅកាន់កោះតៃវ៉ាន់​។​ ចិន​បានធ្វើសមយុទ្ធយោធា​ទ្រង់ទ្រាយធំ ព័ទ្ធជុំវិញតៃវ៉ាន់ បាញ់ម៊ីស៊ីលរំលងតៃវ៉ាន់ ធ្លាក់ចូលដែនទឹកជប៉ុន​ជាច្រើនគ្រាប់។

យ៉ាងណាក៏ដោយ​ លោក Andika Perkasa អគ្គមេបញ្ជាការកងទ័ពជាតិឥណ្ឌូណេស៊ី បានអះអាងថា សមយុទ្ធយោធារួមគ្នាជាមួយកងទ័ពអាមេរិក ដែល​ត្រូវបិទបញ្ចប់នៅ​ថ្ងៃទី​១៤សីហាខាងមុខនេះ ត្រូវបានគេគ្រោង​រៀបចំ​ធ្វើ តាំងតែពី​យូរហើយ មុនពេល​ផ្ទុះបញ្ហាតានតឹងនៅតៃវ៉ាន់ទៅទៀត។

គួរបញ្ជាក់ដែរថា យ៉ាងហោចណាស់ មានទាហានអាមេរិក និង​ឥណ្ឌូណេស៊ី សរុបចំនួន​៤០០០នាក់ បាន​ធ្វើ​សមយុទ្ធយោធារួមគ្នា ប្រចាំឆ្នាំ​ នៅ​លើកោះស៊ូម៉ាត្រា។ ក្រៅពីនេះ ទាហាន​អូស្ត្រាលី និង​សឹង្ហបុរីក៏បានចូលរួមដែរ។ ចំណែក​ជប៉ុន​បានបញ្ជូន​កងទ័ពឲ្យចូលរួម ជាលើកទី​១។ រីឯបារាំង កាណាដា ឥណ្ឌា​ ម៉ាឡេស៊ី កូរ៉េខាងត្បូង និង​ប៉ាពូអាស៊ីនូវែលហ្គីណេ បាន​ចូល​រួម​ជាប្រទេសសង្កេតការណ៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ