អានតួអត្ថបទ
កូរ៉េខាងជើង

កូរ៉េខាងជើងបាញ់មីស៊ីលបាលីស្ទិក និងបង្កើនសមយុទ្ធ​នៅតំបន់ព្រំដែនជាប់កូរ៉េខាងត្បូង

កូរ៉េខាងជើង​បានបាញ់សាកល្បង​មីស៊ីល ពីរ​ថ្ងៃ​ជាប់គ្នា។ បន្ទាប់ពី​បាញ់​សាកល្បងមីស៊ីល បណ្តែត យុទ្ធសាស្រ្ត នៅក្រោម​ការត្រួតពិនិត្យផ្ទាល់​របស់លោកគីម ជុងអ៊ុន កាលពីថ្ងៃ ពុធ កូរ៉េខាងជើង បាន​បាញ់​សាកល្បង​មីស៊ីល​បាលីស្ទិក​មួយដើមទៀត នៅ យប់ថ្ងៃ​ព្រហស្បតិ៍ ឈានចូល​ថ្ងៃ​សុក្រនេះ។ នៅមុន​បាញ់មីស៊ីល​បាលីស្ទិក យន្តហោះចម្បាំង​របស់​កូរ៉េខាងជើង​បាន​ទៅហោះចូល​នៅក្នុងតំបន់​ដែលស្ថិតនៅ ប្រមាណ ២៥គីឡូម៉ែត្រ​ពីព្រំដែន​កូរ៉េខាងត្បូង ដែលជា​ហេតុធ្វើ​ឲ្យ​សេអ៊ូល​ឆ្លើយតប​វិញ ជាមួយ​ការបញ្ជូន​យន្តហោះ​ចម្បាំង ទៅកាន់​តំបន់​ព្រំដែន។

មីស៊ីលដែលកូរ៉េខាងជើង​បាញ់​ចេញពីកន្លែង​សម្ងាត់មួយ កាលពីថ្ងៃទី ១០​តុលា ២០២២
មីស៊ីលដែលកូរ៉េខាងជើង​បាញ់​ចេញពីកន្លែង​សម្ងាត់មួយ កាលពីថ្ងៃទី ១០​តុលា ២០២២ via REUTERS - KCNA
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​បាញ់​សាកល្បង​ដោយ​ជោគជ័យ មីស៊ីលបណ្តែត​យុទ្ធសាស្រ្ត ដែល​សត្រូវ​មិនងាយ​នឹង​ចាប់​សញ្ញា​បាន កូរ៉េខាងជើង​បាន​បើកសមយុទ្ធទ្រង់ទ្រាយធំ នៅយប់​ថ្ងៃ​ព្រហស្បតិ៍ ឈាន​ចូល​ថ្ងៃសុក្រ ដោយ​បាញ់​មីស៊ីល​បាលីស្ទិក បញ្ជូនយន្តហោះចម្បាំង​ទៅ​ហោះក្បែរ​ព្រំដែន​កូរ៉េខាងត្បូង និង​បាញ់​កាំភ្លើងធំ ជាច្រើនគ្រាប់។

អ្នកនាំពាក្យ​របស់​កងទ័ព​កូរ៉េខាងជើង ដកស្រង់​សំដី​ដោយ​ទីភ្នាក់ងារព័ត៌មាន KCNA បាននិយាយ​ថា សមយុទ្ធ បង្ហាញ​សាច់ដុំ​យោធា ជាការឆ្លើយតប​នឹង​លំហាត់សម​បាញ់កាំភ្លើង​ធំ​របស់​កូរ៉េខាងត្បូង។

នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​កងទ័ព ចុះផ្សាយ​ទីភ្នាក់ងារKCNA កូរ៉េខាងជើង​ចាត់ទុក សមយុទ្ធ​បាញ់​កាំភ្លើងធំ រយៈពេល ១០​ម៉ោង របស់កូរ៉េខាងត្បូង នៅ​ក្បែរ​ព្រំដែន​ជាមួយ​កូរ៉េខាងជើង ថា ជាសកម្មភាព​ញុះញង់បង្កហេតុ។ ព្យុងយ៉ាង​បាន​ព្រមាន ដាស់តឿនកងទ័ពកូរ៉េខាងត្បូង ពី​ផលវិបាក​ធ្ងន់ធ្ងរ បើសិនពួកគេ​នៅ​បន្ត​បង្កើត​ភាពតានតឹង​នៅតំបន់ជួរសមរភូមិមុខ​យ៉ាងដូច្នេះ។

តាមសេនាធិការដ្ឋាន​កងទ័ពកូរ៉េខាងត្បូង នៅ​យប់​អាធ្រាត្រ​ថ្ងៃ​ព្រហស្បតិ៍ ឈានចូលថ្ងៃសុក្រ ពោល​គឺ​នៅមុន​បាញ់​មីស៊ីល​បាលីស្ទិក​បន្តិច យន្តហោះចម្បាំង​១០គ្រឿង​របស់​កូរ៉េខាងជើង​បាន​បោះរំលង​ខ្សែបន្ទាត់​ចាប់សញ្ញា​របស់​កូរ៉េខាងត្បូង។

កូរ៉េខាងជើង​នៅបាន​បាញ់កាំភ្លើងធំ​យ៉ាងសន្ធឹក​ចំនួន ១៧០គ្រាប់​ទៅក្នុង​ទឹកសមុទ្រ ដែលស្ថិតនៅក្នុង​តំបន់ស រវាង​ប្រទេស​ទាំងពីរ។ សម្រាប់សេនាធិការដ្ឋាន​កងទ័ពកូរ៉េខាងត្បូង កូរ៉េខាងជើង​បាន​រំលោភ​កិច្ចព្រមព្រៀង​ឆ្នាំ ២០១៨ ស្តីពីការជូនដំណឹង​ទុកជាមុន ដើម្បី​ជៀសវាង​គ្រោះថ្នាក់នៅក្នុងសមុទ្រ។

តាមលោក​Hong Min អ្នកវិភាគ​មកពី​វិទ្យាស្ថានសម្រាប់​ការបង្រួបង្រួមជាតិ ដូចជា​សមយុទ្ធ​ដទៃទៀត​ដែល​កូរ៉េខាងត្បូង បានធ្វើ​ជាមួយ​អាមេរិកនិង​ជប៉ុន កូរ៉េខាងជើង​យកចិត្តទុកដាក់និង តាមដាន​ការបាញ់​កាំភ្លើងធំ​របស់​កូរ៉េខាងត្បូង កាលពីថ្ងៃ​ព្រហស្បតិ៍។ ការបាញ់កាំភ្លើងធំ​តបវិញ ដល់​ទៅ ១៧០គ្រាប់​របស់​កូរ៉េខាងជើង ទៅក្នុង​ទឹកសមុទ្រ​ដែលស្ថិតនៅ​ក្នុង​តំបន់ស អាច​ជាការតេស្តសាកល្បង​របស់​ព្យុងយ៉ាង​ដើម្បី​ចង់ដឹង​ពី​ប្រតិកម្ម​តបរបស់​សេអ៊ូល។

ក្រុមប្រឹក្សា​សន្តិសុខជាតិ​កូរ៉េខាងត្បូង​បាន​ចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស សកម្មភាព​អរិភាព នៅយប់​ថ្ងៃ ព្រហស្បតិ៍ និង​ព្រមាន​កូរ៉េខាងជើង​ពីផលវិបាក។ នៅថ្ងៃសុក្រ រដ្ឋាភិបាល​កូរ៉េខាងត្បូង បាន​សម្រេច​ជាអត្តនោម័ត ​លើកទី១ ដាក់ទណ្ឌកម្ម​លើ​ជនជាតិកូរ៉េខាងជើង និង​ស្ថាប័ន​កូរ៉េខាងជើង។

នៅថ្ងៃ​ចន្ទ ដើមសប្តាហ៍នេះ កូរ៉េខាងជើង​បាន​អះអាងថា ខ្លួន​បាន​ធ្វើ​សមយុទ្ធ​នុយក្លេអ៊ែរតាក់ទិក ដើម្បីជាការ​ឆ្លើយតប​ទៅនឹង​សមយុទ្ធរួមគ្នា រវាង​អាមេរិក និង​កូរ៉េ​ខាងត្បូង ដែល​កូរ៉េខាងជើង​ចាត់ទុក​ជា​ការហាត់សម ត្រៀមចូល​ឈ្លានពាន​កូរ៉េខាងជើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ