អានតួអត្ថបទ

លោកស្រីសៃ អ៊ីងវេន៖ការគំរាមកំហែងបង្កដោយរបបផ្តាច់ការជាសញ្ញាអាសន្នចំពោះអ្នកប្រជាធិបតេយ្យនៅទូទាំងពិភពលោក

នៅ​ថ្ងៃ​អង្គារ ទី២៥ តុលា កោះ​តៃវ៉ាន់​រៀបចំ​កិច្ចប្រជុំ​ក្រុម​សកម្មជន​គាំទ្រ​ប្រជាធិបតេយ្យ​មក​ពី ៧០ប្រទេស។ ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី​សៃ អ៊ីងវេន​បាន​ថ្លែង​នា​ឱកាស​នោះ​ដោយ​ព្រមាន​ថា ការ​គំរាមកំហែង​បង្ក​ឡើង​ដោយ​​របប​ផ្តាច់ការ​ជា​សញ្ញា​អាសន្ន​ចំពោះ​អ្នក​ប្រជាធិបតេយ្យ​នៅ​ទូទាំង​ពិភពលោក។ ការ​ថ្លែង​ព្រមាន​របស់​លោកស្រី​សៃ អ៊ីងវេន​បាន​ធ្វើ​ឡើង ២ថ្ងៃ​ក្រោយ​ពី​លោក​ស៊ី ជីនពីង​ត្រូវ​បាន​គណៈកម្មាធិការ​កណ្តាល​មជ្ឈិមបក្ស​ជ្រើស​តាំង​ឲ្យ​ធ្វើ​ជា​អគ្គលេខាធិការ​បក្សសម្រាប់​៥​ឆ្នាំ​បន្ថែម​ទៀត។

នៅ​ថ្ងៃ​អង្គារ ទី២៥ តុលា កោះ​តៃវ៉ាន់​រៀបចំ​កិច្ចប្រជុំ​ក្រុម​សកម្មជន​គាំទ្រ​ប្រជាធិបតេយ្យ​មក​ពី ៧០ប្រទេស។
នៅ​ថ្ងៃ​អង្គារ ទី២៥ តុលា កោះ​តៃវ៉ាន់​រៀបចំ​កិច្ចប្រជុំ​ក្រុម​សកម្មជន​គាំទ្រ​ប្រជាធិបតេយ្យ​មក​ពី ៧០ប្រទេស។ AP - Chiang Ying-ying
ផ្សាយពាណិជ្ជកម្ម

របប​ផ្តាច់ការ​ដែល​ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី​សៃ អ៊ីងវេន​ចង់​និយាយ​សំដៅ​គ្មាន​នរណា​ក្រៅ​ពី​ចិន​ទេ នោះ​បើ​ទោះ​បី​ជា​លោកស្រី​មិន​បាន​និយាយ​ចំៗ​ក៏​ដោយ។ « ប្រជាជន​តៃវ៉ាន់​មិន​ដែល​ថយ​ក្រោយ​នៅ​ចំពោះ​មុខ​បញ្ហា​ប្រឈម​នៃ​ការ​ជ្រៀតជ្រែក​ពី​របប​ផ្តាច់ការ និង​បាន​តស៊ូ​ប្រយុទ្ធ​ប្រឆាំង​នឹង​កម្លាំង​ដែល​ព្យាយាម​បំផ្លិចបំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​របស់​ប្រជាជន​តៃវ៉ាន់ » នេះ​ជា​ការ​ថ្លែង​របស់​លោកស្រី​សៃ អ៊ីងវេន​នៅ​ចំពោះ​មុខ​អ្នក​ទទួល​ខុស​ត្រូវ និង​សកម្មជន​គាំទ្រ​ប្រជាធិបតេយ្យ​ប្រមាណ​ជា ២០០នាក់​មក​ពី ៧០ប្រទេស​ក្នុង​លោក។

លោកស្រី​សៃ អ៊ីងវេន​បាន​បន្ថែម​ដោយ​ព្រមាន​ថា ការ​គំរាមកំហែង​បង្ក​ឡើង​ដោយ​របប​ផ្តាច់ការ​ជា​សញ្ញា​អាសន្ន​ចំពោះ​អ្នក​ប្រជាធិបតេយ្យ​នៅ​ទូទាំង​ពិភពលោក។ នៅ​ក្នុង​ន័យ​នេះ លោកស្រី​បាន​លើក​ឡើង​ពី​ការ​ចូល​ឈ្លានពាន​អ៊ុយក្រែន​ពី​សំណាក់​រុស្ស៊ី។ គួរ​បញ្ជាក់​ថា នៅ​ក្នុង​ចំណោម​សកម្មជន​គាំទ្រ​ប្រជាធិបតេយ្យ​ដែល​បាន​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​រៀបចំ​ដោយ​តៃវ៉ាន់​ពេល​នេះ​ក៏​មាន​អ្នក​មក​ពី​រុស្ស៊ី អ៊ុយក្រែន និង​អ៊ីរ៉ង់​ដែរ។ តែ​វត្តមាន​សកម្មជន​ប្រជាធិបតេយ្យ​ដែល​មិន​អាច​កំបាំង​មុខ​អ្នក​ផ្សេង​បាន គឺ​សកម្មជន​ប្រឆាំង​នៅ​ហុងកុង​លោក​ណាត់តង់ ឡ។

តាំង​ពី​បាន​រត់​ចេញ​ពី​ទឹកដី​ចិន​ក្នុង​ឆ្នាំ ២០២០ នេះ​ជា​លើកទី១ ដែល​សកម្មជន​ប្រឆាំង​នៅ​ហុងកុង​រូប​នេះ​បាន​ត្រឡប់​ជាន់​ទឹកដី​អាស៊ី។ នៅ​ក្នុង​កិច្ចសន្ទនា​ជាមួយ AFP នៅ​ក្រៅ​ក្របខណ្ឌ​នៃ​កិច្ចប្រជុំ លោក​ណាត់តង់ ឡ​បាន​បញ្ជាក់​ច្បាស់ៗ​ថា ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង​កំពុង​ប្រមូលផ្តុំ និង​ពូន​អំណាច​ផ្ទាល់ខ្លួន​បន្ថែម​ទៀត។ តាម​លោក​ណាត់តង់ ឡ លោក​ស៊ី​ក៏​ដូច​ជា​សមភាគី​រុស្ស៊ី​លោក​ពូទីន​កំពុង​ឲ្យ​សារៈសំខាន់​បន្ថែម​ទៀត​លើ​មហិច្ឆតា​ផ្ទាល់ខ្លួន​ជាជាង​ស្ថិរភាព​របស់​ប្រទេស។ អ្វី​ដែល​សកម្មជន​ប្រឆាំង​នៅ​ហុងកុង​រូប​នេះ​ចង់​មាន​ន័យ លោក​ស៊ី និង​លោក​ពូទីន​អាច​ធ្វើ​សកម្មភាព​កាន់​តែ​គ្រោះថ្នាក់​ដោយ​ការ​គំរាមកំហែង​តៃវ៉ាន់ និង​ពិភពលោក​ទាំង​មូល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ