អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ទ័ពជើងទឹកអាមេរិកថា អាមេរិកត្រូវត្រៀមខ្លួនដើម្បីឆ្លើយតបនឹងការចូលឈ្លានពានរបស់ចិនលើតៃវ៉ាន់

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​សហរដ្ឋអាមេរិក ប្រធាន​ប្រតិបត្តិការ​ទ័ពជើងទឹក​ឧត្តមនាវី Michael Gilday បាន​ព្រមាន​ក្នុង​ថ្ងៃ​ពុធ ទី១៩ តុលា​ថា ទ័ព​អាមេរិក​ត្រូវ​ត្រៀម​ខ្លួន​ដើម្បី​ឆ្លើយ​តប​នឹង​ការ​វាយប្រហារ​ចូល​ឈ្លានពាន​របស់​ចិន​លើ​តៃវ៉ាន់។ តាម​ឧត្តមនាវី​អាមេរិក​រូប​នេះ​ដដែល ចិន​អាច​នឹង​ប្រើ​កម្លាំង​វាយ​យក​តៃវ៉ាន់​ពី​ពេល​នេះ​ទៅ​ឆ្នាំ ២០២៧។ ការ​ព្រមាន​របស់​ឧត្តមនាវី Michael Gilday បាន​ធ្វើ​ឡើង ខណៈ​ដែល​គណបក្សកុម្មុយនិស្ត​ចិន​កំពុង​បន្ត​ធ្វើ​សមាជ​លើកទី២០ នៅ​ក្នុង​វិមាន​ប្រជាជន​ក្នុង​ក្រុង​ប៉េកាំង។

ប្រធាន​ប្រតិបត្តិការ​ទ័ពជើងទឹក​អាមេរិក ឧត្តមនាវី Michael Gilday
ប្រធាន​ប្រតិបត្តិការ​ទ័ពជើងទឹក​អាមេរិក ឧត្តមនាវី Michael Gilday AP - Andrew Harnik
ផ្សាយពាណិជ្ជកម្ម

ការ​លើក​ឡើង​របស់​ឧត្តមនាវី​អាមេរិក Michael Gilday បាន​ធ្វើ​ឡើង​នៅ​ក្នុង​បទសម្ភាសន៍​មួយ​ឲ្យ​អង្គការ Atlantic Council។ តាម​ពិត លោក Michael Gilday មិន​បាន​លើក​យក​ភស្តុតាង​ជាក់ស្តែង​អ្វី​ជា​សំអាង​ទេ តែ​គ្រាន់​បញ្ជាក់​ថា គេ​មិន​ត្រូវ​សំឡឹង​មើល​តែ​លើ​​អ្វី​ដែល​ប្រធានាធិបតិ​ចិន​លោក​ស៊ី ជីនពីង​បាន​និយាយ​ទេ តែ​គេ​ត្រូវ​មើល​ពី​ឥរិយាបទ និង​ពី​អ្វី​ដែល​ចិន​បាន​ធ្វើ។ អ្វី​ដែល​ឧត្តមនាវី​អាមេរិក Michael Gilday ចង់​បញ្ជាក់​ត្រង់​ចំណុច​នេះ ចិន​មិន​បាន​ភ្លេច​អនុវត្ត​តាម​ពាក្យ​សន្យា​របស់​ខ្លួន​ទេ និង​ថែម​ទាំង​បាន​អនុវត្ត​លឿន​ជាង​គម្រោង​ការ​ទៅ​ទៀត។

ឧត្តមនាវី Michael Gilday បាន​មើល​ឃើញ​ថា​ក្នុង​រយៈពេល ២០ឆ្នាំ​ចុង​ក្រោយ​នេះ ក្រុង​ប៉េកាំង​បាន​អនុវត្ត​តាម​ពាក្យ​សន្យា​របស់​ខ្លួន​ម្តង​មួយៗ​ដោយ​គ្មាន​ចន្លោះ និង​លឿន​ជាង​ការ​ប្រកាស​ទៅ​ទៀត។ តាម​ឧត្តមនាវី​អាមេរិក​រូប​នេះ​ដដែល នៅ​ពេល​ដែល​គេ​និយាយ​ថា ចិន​វាយប្រហារ​ចូល​ឈ្លានពាន​តៃវ៉ាន់​នៅ​ឆ្នាំ ២០២៧ មាន​ន័យ​ថា គឺ​នៅ​ឆ្នាំ ២០២២ នេះ ឬ​មួយ​ក៏​នៅ​ឆ្នាំ ២០២៣ ខាង​មុខ។ តែ​លោក Michael Gilday បញ្ជាក់​ថា អ្វី​ដែល​លោក​និយាយ​នេះ​មិនមែន​ជា​ការ​ទាញសញ្ញាអាសន្ន​ទេ និង​ថា គេ​មិន​អាច​ទាត់ចោល​លើ​សម្មតិកម្ម​មួយ​នេះ​បាន​ឡើយ។

គួរ​បញ្ជាក់​ថា ចំណាប់​អារម្មណ៍​របស់​ឧត្តមនាវី​អាមេរិក Michael Gilday ស្រដៀង​គ្នា​នឹង​ការ​លើក​ឡើង​របស់​ប្រមុខ​ការទូត​អាមេរិក​លោក​អង់តូនី ប៊្លីងកិន​នា​ប៉ុន្មាន​ថ្ងៃ​មុន​ដែល​ថា ក្រុង​ប៉េកាំង​ចង់​ក្រសោប​យក​តៃវ៉ាន់​ឲ្យ​បាន​លឿន​ជាង​ការ​រំពឹង​ទុក។

ចិន​ក្នុង​សម័យ​លោក​ស៊ី​ខុស​គ្នា​ពី​ចិន​ក្នុង​សម័យ​ប្រធានាធិបតី​ចិន​មុនៗ

ប្រមុខ​ការទូត​អាមេរិក​លោក​អង់តូនី ប៊្លីនកិន​បាន​អះអាង ចិន​ក្នុង​សម័យ​ប្រធានាធិបតី​លោក​ស៊ី ជីនពីង​បាន​ក្លាយ​ជា​ចិន​ដែល​ប្រកាន់​យក​នូវ​នយោបាយ​បង្រ្កាប​ខ្លាំង​នៅ​ក្នុង​ស្រុក និង​នយោបាយ​ឈ្លានពាន​ខ្លាំង​នៅ​បរទេស។ ទោះ​បី​ជា​លោក​ប៊្លីនកិន​មិន​បាន​លើក​ចំៗ​ក៏​គេ​ដឹង​ថា លោក​ចង់​ផ្តោត​លើ​ជំហរ​របស់​ចិន​ចំពោះ​ដែនដី​ហុងកុង តំបន់​ទីបេ ជនជាតិ​ភាគតិច​អ៊ុយហ្គួរ​អ្នក​កាន់​សាសនា​អ៊ីស្លាម​ក្នុង​ខេត្ត​ស៊ីនជាំង និង​រឿង​តៃវ៉ាន់។ ក្រៅ​ពី​នេះ នៅ​មាន​ការ​តាម​បង្ក្រាប​កំចាត់​ក្រុម​ប្រឆាំង​តាម​គ្រប់​រូបភាព។ ទាក់ទង​នឹង​នយោបាយ​ឈ្លានពាន​ខ្លាំង​របស់​ចិន​នៅ​បរទេស​អាច​មាន​ជាប់​ពាក់ព័ន្ធ​ជា​ពិសេស​នឹង​បញ្ហា​សមុទ្រ​ចិន​ដែល​ចិន​កំពុង​មាន​ជម្លោះ​ជាមួយ​ប្រទេស​ផ្សេង។

តាម​លោក​ប៊្លីនកិនមាន​ករណី​ជា​ច្រើន​ដែល​ចិន​បាន​ធ្វើ​កំពុង​ប៉ះពាល់​ដល់​ផលប្រយោជន៍ និង​តម្លៃ​របស់​អាមេរិក។ តែ​ប្រមុខ​ការទូត​អាមេរិក​រូប​នេះ​ដដែល​មិន​ភ្លេច​បញ្ជាក់​ថា ទំនាក់ទំនង​រវាង​មហាអំណាច​ទាំង​ពីរ​ចិន អាមេរិក​កំពុង​រក្សា​នូវ​ស្មារតី​នៃ​កិច្ចហប្រតិបត្តិការ។ លោក​ប៊្លីនកិន​យល់​ថា គេ​មិន​អាច​ដោះស្រាយ​បញ្ហា​ធំៗ​មួយ​ចំនួន​ក្នុង​លោក​ដែល​ពិបាក​ដោះស្រាយ​ដោយ​គ្មាន​កិច្ចសហប្រតិបត្តិការ​រវាង​អាមេរិក និង​ចិន​បាន​ឡើយ ពិសេស​ក្នុង​រឿង​អាកាសធាតុ សុខភាព​ពិភពលោក និង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​រត់ពន្ធ​គ្រឿងញៀន។

សរុប​មក អាមេរិក​ហាក់​កំពុង​បន្ត​ប្រកាន់​ជំហរ​ជាមួយ​ចិន​ជា​គូប្រជែង និង​ជា​គូសត្រូវ​ដោយ​មិន​ភ្លេច​រក្សា​ទុក​នូវ​ស្មារតី​នៃ​កិច្ចសហប្រតិបត្តិការ​រវាង​គ្នា​ដែល​ចិន​បន្ត​ស្ថិត​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​របស់​អាមេរិក។

ដល់​ពេល​វេលា​ដែល​ចិន​ត្រូវ​ក្រសោប​យក​តៃវ៉ាន់?

បើ​តាម​អាមេរិក ចិន​ហ៊ាន​ឈ្លានពាន​តៃវ៉ាន់ និង​ប្រហែល​ជា​អាច​ក្រសោប​យក​តៃវ៉ាន់​លឿន​ជាង​ការ​រំពឹង​ទុក​ទៀត​ផង។ ហេតុអ្វី​បាន​ជា​ព័ត៌មាន​ស្តីពី​រឿង​ចិន​ចង់​ក្រសោប​តៃវ៉ាន់​ហាក់​កំពុង​មាន​ផុសផុល​ខ្លាំង​ម្ល៉េះ​នៅ​ពេល​នេះ?។ គេ​អាច​ផ្តល់​ចម្លើយ​ចំពោះ​សំណួរ​នេះ​តាម​រយៈ​សុន្ទរកថា​របស់​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង​ថ្លែង​នា​ឱកាស​បើក​សមាជ​បក្សកម្មុនិស្ត​លើកទី២០ កាល​ពី​ថ្ងៃ​អាទិត្យ ទី១៦ តុលា​កន្លង​ទៅ​ថ្មីៗ​នេះ។ លោក​ស៊ី​បាន​បញ្ជាក់​ច្បាស់ៗ​នៅ​ក្នុង​សុន្ទរកថា​ថា ចិន​នឹង​ប្រឹងប្រែង​គ្រប់​យ៉ាង​ដើម្បី​បង្រួបបង្រួម​តៃវ៉ាន់​ដោយ​សន្តិវិធី។

តែ​បុរស​ខ្លាំង​ចិន​រូប​នេះ​មិន​ភ្លេច​ព្រមាន​ប្រើ​កម្លាំងបាយ និង​ប្រើ​វិធានការ​ផ្សេងៗ​ទេ ប្រសិន​បើ​ចាំ​បាច់។ អ្វី​ដែល​ថ្មី​នៅ​ក្នុង​ការ​ថ្លែង​របស់​លោក​ស៊ី​នេះ គឺ​លោក​មិន​បាន​ប្រើ​ឃ្លា « បើ​តៃវ៉ាន់​ហ៊ាន​ប្រកាស​ឯករាជ្យ »។ ចូរ​កុំ​ភ្លេច​ថា​កន្លង​មក ចិន​តែង​ព្រមាន​វាយប្រហារ​តៃវ៉ាន់ បើ​កោះ​មួយ​នេះ​ថ្លើម​ធំ​ហ៊ាន​ប្រកាស​ឯករាជ្យ។ តាម​រយៈ​សុន្ទរកថា​របស់​លោក​ស៊ី​ពេល​នេះ​នាំ​ឲ្យ​គេ​អាច​យល់​បាន​ថា ចិន​ត្រូវ​ទាញ​តៃវ៉ាន់​ឲ្យ​ចូល​ក្នុង​ចិន​តែ​មួយ​ដោយ​ខាន​មិន​បាន ទោះ​ជា​តៃវ៉ាន់​ប្រកាស​ឯករាជ្យ ឬ​មិន​ប្រកាស​ឯករាជ្យ។

ចុះ​បើ​ចិន​ឈ្លានពាន​តៃវ៉ាន់​មែន តើ​អាមេរិក​ហ៊ាន​ប្រើ​កម្លាំង​ជួយ​តៃវ៉ាន់​ឬ​ទេ?។ គេ​ពិបាក​ផ្តល់​ចម្លើយ​ច្បាស់លាស់ ទោះ​បី​ជា​ប្រធានាធិបតី​លោក​បៃដិន​ធ្លាប់​បាន​ប្រកាស​ពី​ការ​ជួយ​តៃវ៉ាន់ បើ​មាន​ការ​ឈ្លានពាន​ពី​ចិន។ ចូរ​កុំ​ភ្លេច​ថា​សព្វថ្ងៃ អាមេរិក​បន្ត​ប្រកាន់​គោលនយោបាយ​ចិន​តែ​មួយ និង​មិន​ជំទាស់​ចំពោះ​ការ​បង្រួបបង្រួម​ចិន និង​តៃវ៉ាន់​ដោយ​សន្តិវិធី​ទេ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ