អានតួអត្ថបទ
ជប៉ុន-សហរដ្ឋអាមេរិក

ជប៉ុន​បង្កើន​ខ្ទង់ចំណាយ​សម្រាប់​មូលដ្ឋាន​ទ័ពអាមេរិក​នៅអូគីណាវ៉ា

ជប៉ុន និង​អាមេរិក​បាន​ចុះកិច្ចព្រមព្រៀង​មួយ នៅថ្ងៃ​សុក្រ​ទី​៧ មករា​នេះ ដើម្បី​បន្ត​ពន្យារ ការរ៉ាប់រង​ចំណាយ​របស់​ជប៉ុន​សម្រាប់​កងទ័ព​អាមេរិក នៅ​ទឹកដី​ជប៉ុន។ ទៅតាម​កិច្ចព្រមព្រៀង ដែលចុះហត្ថលេខា​ដោយ​រដ្ឋមន្រ្តីការបរទេស និង​រដ្ឋមន្រ្តីការពារជាតិ​របស់​ប្រទេស​ទាំងពីរ ជប៉ុន​បាន​យល់ព្រម​បង្កើន​កញ្ចប់​ថវិកា​សម្រាប់ ការតាំងទ័ព​អាមេរិក នៅ​ទឹកដី ជប៉ុន។ កិច្ចព្រមព្រៀងលើ​វិស័យកងទ័ព​អាមេរិក-ជប៉ុន​ធ្វើឡើង​ក្នុង​បរិបទ​ដែល​កំពុងកើតមាន​ភាពតានតឹង​ជាមួយ​ចិន និង​ការបាញ់សាកល្បងមីស៊ីល បែបគំរាម​របស់​កូរ៉េខាងជើង។

រូបថតនៅ​ឆ្នាំ ២០០១ បង្ហាញ​ទង់ជាតិអាមេរិក និងជប៉ុន នៅ​មូលដ្ឋានទ័ពអាមេរិក​នៅ​កោះអូគីណាវ៉ា​ប្រទេស​ជប៉ុន
រូបថតនៅ​ឆ្នាំ ២០០១ បង្ហាញ​ទង់ជាតិអាមេរិក និងជប៉ុន នៅ​មូលដ្ឋានទ័ពអាមេរិក​នៅ​កោះអូគីណាវ៉ា​ប្រទេស​ជប៉ុន AP
ផ្សាយពាណិជ្ជកម្ម

កិច្ចព្រមព្រៀង​ស្តីពី​ការទទួលបន្ទុកចំណាយ​របស់​ជប៉ុន​សម្រាប់​កងទ័ពអាមេរិក នៅទឹកដី​ជប៉ុន ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ វីដេអូ ​ថ្នាក់រដ្ឋមន្រ្តី​ការបរទេស និង​ការពារ​ជាតិ​របស់​ប្រទេស​ទាំងពីរ។

ទៅ​តាម​កិច្ចព្រមព្រៀង រដ្ឋាភិបាល​ជប៉ុន​នឹង​ចំណាយថវិកា​ប្រមាណ ៨ពាន់​លាន​ដុល្លារ ក្នុង​រយៈ ៥ឆ្នាំ សម្រាប់​កងទ័ព​អាមេរិក ដែល​ឈរជើង​ប្រចាំការ​ នៅប្រទេស​ជប៉ុន។ ដោយចំណាយ ១៨០០​លាន​ដុល្លារ ក្នុង​មួយឆ្នាំៗ រដ្ឋាភិបាល​ជប៉ុន​បាន​បង្កើន​កញ្ចប់​ថវិកាសម្រាប់​រ៉ាប់រង​ការចំណាយ លើ​ការរក្សា​វត្តមាន​ទ័ពអាមេរិក​នៅ​ទឹកដី​ជប៉ុន​ប្រមាណ ៥%។

កិច្ចព្រមព្រៀង​ត្រូវបិទបញ្ចប់​នៅខែ មីនា ឆ្នាំ ២០២១ ប៉ុន្តែ ត្រូវ​បាន​ពន្យារបន្ថែម រយៈពេល​១ឆ្នាំ ក្នុងអំឡុង​ពេលរង់ចាំ​ការផ្លាស់ប្តូរ​រដ្ឋបាលអាមេរិក នៅក្រោយ​ការបោះឆ្នោត។

នៅក្នុង​កិច្ចប្រជុំវីដេអូ នៅថ្ងៃ​សុក្រទី ៧មករា រដ្ឋមន្រ្តី​ការបរទេស​អាមេរិក លោក​អង់តូនី ប្លីងកិន បាន​វាយតម្លៃថា កិច្ចព្រមព្រៀង​ថ្មី​នឹង​ជួយ​ពង្រឹង​ធនធាន សមត្ថភាព អន្តរប្រតិបត្តិការ​របស់​កងទ័ព​អាមេរិក។ នៅចំពោះមុខ​សមភាគី​ជប៉ុន ប្រមុខការបរទេស​អាមេរិក បាន​លើកឡើង ពី​សកម្មភាពញុះញង់​របស់​ចិន ដែលបាន​បង្កើន​ភាពតានតឹង​នៅច្រកសមុទ្រ​តៃវ៉ាន់ នៅ​សមុទ្រ​ចិន ខាងកើត។ លោក​ប្លីងកិន​បាន​សង្កត់ធ្ងន់​ផងដែរ ពីការគំរាមកំហែង របស់​កូរ៉េខាងជើង ដែលទើប​បាញ់សាកល្បង មីស៊ីល​បាលីស្ទីក អ៊ីពែរសូនិក នៅ​សប្តាហ៍​នេះ ដែល​បាន​បង្ក​ឲ្យមាន​ការព្រួយបារម្ភខ្លាំង​របស់​អាមេរិក និង​ជប៉ុន។

គួររំលឹកថា នៅក្រោយ សង្រ្គាម​លោកទី២ ជប៉ុន ដែលមាន​កងទ័ព​មាន​តួនាទី​ត្រឹមតែ​ការពារខ្លួន និង​អាច​ធ្វើបេសកម្ម​ក្នុង​ដែនកំណត់មួយ បាន​ពង្រឹង​សម្ព័ន្ធភាព​ជាមួយ​អាមេរិក។

ទៅតាម​សន្ធិសញ្ញា​ស្តីពី​សន្តិសុខ ជប៉ុន អាមេរិក ធ្វើឡើង នៅ​ទសវត្សរ៍​ឆ្នាំ ១៩៦០ កងទ័ព​អាមេរិក​ធានា​ការពារ​ជប៉ុន ប៉ុន្តែ រដ្ឋាភិបាល​ជប៉ុន​ត្រូវ​បង់ថ្លៃ​រ៉ាប់រង​លើការចំណាយ​របស់​កងទ័ពអាមេរិក ជាង ៥ម៉ឺននាក់ ដែល​ឈរជើង​ប្រចាំការ​ប្រទេស​ជប៉ុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ