អានតួអត្ថបទ

ឥណ្ឌូណេស៊ី គ្រោងបញ្ជូន​​ទាហាន រៀននៅ​សាលា​យោធា​បារាំង នា​ឆ្នាំក្រោយ

ប្រទេស​បារាំង​ ពង្រឹងចំណង​​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ​ ជាមួយ​ប្រទេស​ឥណ្ឌូណេស៊ី និង​តំបន់​អាស៊ាន ដើម្បីប្រយុទ្ធទប់ទល់​នឹង​ហានិយភ័យ​គ្រោះថ្នាក់​នៅក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក។ ​អាស៊ីប៉ាស៊ីហ្វិក ជាទី​ដែល​ភាព​តានតឹង​កាន់តែ​ខ្លាំងឡើងៗ​ រវាង​ មហា​យក្ស​ ចិន និង​សហរដ្ឋអាមេរិក។ ការ​បង្ហាញ​យុទ្ធសាស្ត្រ​បារាំង​នៅ​ក្នុង​តំបន់​អាស៊ីនេះ ឃើញកាន់តែ​បង្ហាញ​ច្បាស់ឡើងៗ តាមរយៈ​ដំណើរ​ទស្សនកិច្ច​​របស់​ប្រធានាធិបតីបារាំងកាលពីពេល​ថ្មីៗ នៅ​កោះបាលី និងនៅ​បាងកក​។  មិនតែប៉ុណ្ណោះ រដ្ឋមន្ត្រី​ការពារជាតិ​បារាំង ក៏បានអញ្ជើញ​​ទៅ​​ ទីក្រុង​ហ្សាការតា បន្ថែមទៀត នៅ​ថ្ងៃ​សុក្រ​ និង ថ្ងៃសៅរ៍ ។

រដ្ឋមន្ត្រីការពារជាតិ​ឥណ្ឌូណេស៊ី Prabowo Subianto។
រដ្ឋមន្ត្រីការពារជាតិ​ឥណ្ឌូណេស៊ី Prabowo Subianto។ AP - Danial Hakim
ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រីការពារជាតិ​បារាំង បាន​​គូសបង្ហាញ​ពី​ការ​​ទាក់ទងគ្នា​​កាន់តែ​ស្អិត​រមួត​ និង ​កាន់តែ​មាំទាំឡើង​ៗ​ ​ រវាង ​រដ្ឋបាល​ក្រុង​ប៉ារីស​ និង ​​រដ្ឋធានីហ្សាការតា។ នេះ​គឺជាការ​បញ្ជាក់​របស់​​រដ្ឋមន្ត្រី Sébastien Lecornu ទៅ​កាន់​ទីភ្នាក់​ព័ត៌មាន​បារាំង​AFP ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូរការ​ពីរថ្ងៃនៅឥណ្ឌូណេស៊ី​។​ រដ្ឋមន្ត្រី​រូបនេះ​ បន្ថែម​ថា ​បារាំង​ចង់​ស្តែង​បង្ហាញពី​​តួនាទី​​ក្នុង​ផ្លូវ​នយោបាយ​ដ៏​សំខាន់ មិនត្រឹម​​ចំពោះ​តែ​ទំនាក់ទំនង​ទ្វេភាគី​ទេ តែ​សម្រាប់​ចំណង​ទូត​ពហុភាគីតែម្តង​ ដើម្បី​បញ្ជៀស​គ្រោះថ្នាក់ ដែលដរចេញពី​ភាព​តានតឹង​ក្នុង​តំបន់ អាស៊ីប៉ាស៊ីហ្វិក។ ទន្ទឹម​នេះ បារាំង​ក៏​បង្កើន​កម្លាំង​ទ័ព​ និង​បង្កើន​កម្លាំង​ទូត ដែរ​។

ក្នុង​ន័យ​នេះ បារាំង ក៏​បាន​ចូល​​រួម​​ក្នុង​វេទិកាប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​ ​​បូក​នឹង​ប្រទេស​៧ ទៀត ក្នុង​ឋានៈ​ជាអ្នក​សង្កេត​ការណ៍​ ក្នុងនោះមាន​ ជាអាទិ៍ សហរដ្ឋអាមេរិក​​និង​ចិន។ តួនាទី​នេះ កំពុង​តែ​បន្ត​ដ៏​​សកម្មភាព​ ពីឆ្នាំ​​២០២៤ ដល់​២០២៧ ដើម្បី​ចូលរួម​ចំណែក​ធ្វើការរួម​​គ្នា ទៅលើ​សំណុំ​រឿង​រស៊ើប​ធំៗ​ និង​បញ្ហា​សន្តិសុខ​ផ្លូវ​សមុទ្រ​។ នេះ​បើតាម​ការ​ប្រកាស​តាម​ធ្វីតធ័រ​ ពីថ្ងៃសៅរ៍ ដែល​​លោករដ្ឋមន្ត្រី Sébastien Lecornu សង្កត់​ធ្ងន់ពីតួនាទី​របស់​អាស៊ាន​ ​ជា​ស្នូល​នៃ​ដំណោះស្រាយ​​ដើម្បីសន្តិភាព​និង​សុវត្ថិភាព​ក្នុង​តំបន់​។​

បារាំង​ ក៏ចាំបាច់​ត្រូវ​រឹត​បន្តឹង​ខ្សែ​ចំណង​ទូត ជាមួយ​ ឥណ្ឌូណេស៊ី ដ្បិត​ប្រទេស​នេះ នឹងត្រូវ​​ធ្វើ​ជា​ប្រធានផ្លាស់វេន​ នៃ​កិច្ចប្រជុំអាស៊ាន​ នៅ​ឆ្នាំថ្មី បន្ត​ពី​កម្ពុជា​។ ពី​ថ្ងៃសុក្រ រដ្ឋមន្ត្រីការពារ​ជាតិ​បារាំង ​បាន​ជួប​ចរចា​ជាមួយ​រដ្ឋមន្ត្រីការពារជាតិ​ឥណ្ឌូណេស៊ី Prabowo Subianto លើ​សំណុំ​រឿង​ជាច្រើន។ ក្នុង​នោះ  ភាគី​ទាំងពីរ​ បាន​ជជែកគ្នា​ពី​គម្រោង​បណ្តុះ​បណ្តាល​ទាហាន​ឥណ្ឌូណេស៊ី នៅ​សាលា​យោធា​បារាំង នា​ឆ្នាំក្រោយ។​

ក្នុងឆ្នាំនេះ ឥណ្ឌូណេស៊ី បាន​បញ្ជាទិញ​យន្តហោះ​ចម្បាំង​ Rafale បារាំង ចំនួន ​៤២ គ្រឿង ក្នុង​តម្លៃ​ទឹកប្រាក់ ជាង​ ៨ ពាន់​លានដុល្លារ​។​​  រដ្ឋបាល​ក្រុង​ហ្សាការតា ​ចង់​ទិញ​ នាវាមុជទឹកបារាំង​ចំនួន ​២ គ្រឿង​បន្ថែម​ ដែល​រដ្ឋមន្ត្រីការពារជាតិ​បារាំង បញ្ជាក់ថា កំពុងតែ​​ចរចាគ្នា​ពី​​តម្លៃ។ បើតាមរដ្ឋមន្ត្រីបារាំង គឺ ​ឥណ្ឌូណេស៊ី ថែម​ទាំង​ចង់​បង្កើន​ឫទ្ធានុភាព​សមត្ថភាព​យោធា​ផ្លូវ​អាកាស​ទៀត​ផង​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ