អានតួអត្ថបទ
បារាំង-សេដ្ឋកិច្ច

សេដ្ឋកិច្ច​​បារាំង​ចាប់​រួញ​ក្រញាញ់​​ជា​លើក​ទីមួយ

​នៅ​ចំពោះ​មុខ​វិបត្តិ​ពិភពលោក​ធំៗ​ ផ្តើម​ដោយ​វិបត្តិ​កូវីដ​ និង​បន្ត​ដោយ​សង្គ្រាម​នៅអ៊ុយក្រែន បារាំង​ស្ថិតក្នុង​ចង្កោម​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធន់​និង​ស៊ូ​ខ្លាំងជាង​គេ​មួយ។ គិត​ចាប់​តាំងពី​ខែ​កុម្ភៈ​២០២១​មក ​សន្ទទស្សន៍​នៃ​សេដ្ឋកិច្ចបារាំង​ទើប​​ចាប់​ធ្លាក់​អន់ ជា​លើក​ទីមួយ ​ នៅ​​​ខែ​វិច្ឆិកា​២០២២​នេះ។ នេះ​បើ​តាម​ទិន្នន័យ​ចេញ​ផ្សាយ​នៅថ្ងៃពុធ​ទី ២៣​វិច្ឆិកា ដោយ​ទីភ្នាក់ងារ​វាយ​តម្លៃ​ហានិភ័យ​បំណុល​ Standard & Poor's Global។

សកម្មភាព​សេដ្ឋកិច្ច​បារាំង​ចាប់​អន់​ជា​លើក​ទីមួយ​ នៅ​ខែ​វិច្ឆិកា​២០២២
សកម្មភាព​សេដ្ឋកិច្ច​បារាំង​ចាប់​អន់​ជា​លើក​ទីមួយ​ នៅ​ខែ​វិច្ឆិកា​២០២២ REUTERS - BENOIT TESSIER
ផ្សាយពាណិជ្ជកម្ម

សកម្មភាព​សេដ្ឋកិច្ច​ឯកជន​បាន​ធ្លាក់​ចុះ​អស់​១,៤​ ពិន្ទុ​ នៅក្នុង​ខែ​វិច្ឆិកា មក​នៅ​ត្រឹម​៤៨,៨ បើ​ប្រៀប​ទៅ​នឹង​ខែ​តុលា។ នេះ​បើ​តាម​ការ​សន្និដ្ឋាន​បឋម របស់​ទីភ្នាក់ងារ​វាយតម្លៃហានិភ័យ​បំណុល​S&P Global ​ ដែល​ពន្យល់​ថា​ការ​​បាន​ទទួល​ពិន្ទុ​​ក្រោម​៥០​ត្រូវ​ចាត់​ទុក​ថា​​​សកម្មភាព​សេដ្ឋកិច្ចចាប់​រួញ​ថយ។

តាមការពិត​វិស័យផលិតកម្ម​​បារាំង​ចាប់​រួញ​ក្រញ៉ាញ់​តាំងពី​ដើម​ឆ​មាស​ទីពីរ​ឆ្នាំ​២០២២​មក​ ប៉ុន្តែ​វិស័យ​សេវាកម្ម​មាន​សន្ទុះ​សកម្មភាព​ខ្លាំង បាន​អូស​​យោង​សេដ្ឋកិច្ច​បារាំង​ឱ្យ​មាន​កំណើន​​ជា​រហូត​មក។ ឥលូវ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​អ្នក​ជំនាញ​S&P¨ Global វិស័យ​ដែល​ទ្រទ្រង់​សេដ្ឋកិច្ច​ខ្លាំង​ហាក់​ចាប់​អស់​កម្លាំង​ដែរ ទើប​បាន​ជា​វិស័យ​សេដ្ឋកិច្ច​ឯកជន​ចាប់​ធ្លាក់​ចុះ​ ដល់​(​៤៩,៤)កំរិត​ទាប​បំផុត​ មិន​ធ្លាប់​មាន​ក្នុងរយៈ​ពេល​ជិត​ពីរ​ឆ្នាំ​កន្លងមក​នេះ។

នៅក្នុង​ការ​វិភាគ​របស់​​ទីភ្នាក់ងារ ក្រុមហ៊ុន​ឧស្សាហកម្ម​និង​សេវាកម្ម​បារាំង​ចំនួន ៧៥០​ក្រុមហ៊ុន មាន​សកម្មភាព​ធ្លាក់​ចុះ​ដោយហេតុ​តែ​សេចក្តី​ត្រូវការរបស់​អតិថិជន​ចាប់​ថយ​ ព្រោះ​តែ​មិន​សូវទុក​ចិត្ត​និង​មិន​សូវ​មាន​ទស្សនៈ​វិស័យ​សេដ្ឋកិច្ច។ ចំណែក​ខាង​ទីផ្សារ​ការងារ​វិញ បន្ទាប់​មាន​ភាព​ស្វាហាប់​ខ្លាំងអស់​រយៈ​ពេល​២៣​ខែជាប់​គ្នា​មក ​កំណើន​​នៅ​តែ​បន្តមាន​ដដែល​​ ប៉ុន្តែ​ក្នុង​ល្បឿន​យឺត​ជាង​មុន​ ដោយក្រុមហ៊ុន​ខ្លះ​ចាប់​ផ្តើម​ប្រុង​ប្រយ័ត្ន​លែង​ជ្រើសរើស​បុគ្គលិក​ថ្មី​ហើយ​នៅ​ខែ​វិច្ឆិកា​នេះ។

គេ​នៅ​មិនទាន់​ដឹង​ថា តើ​សេដ្ឋកិច្ច​បារាំង​នឹង​បន្ត​ចុះ​អន់​នៅ​ខែវិច្ឆិកា​រហូត​ដល់​ដំណាច់​ឆ្នាំ​តែ​ម្តង​ឬ​យ៉ាងណា​ទេ។ តែវិទ្យាស្ថានជាតិ​ផ្នែក​ស្ថិតិបាន​ព្យាករជាស្រេច​​​ អំពីដំណើរ​​អ​សកម្ម​នៃ​​សេដ្ឋកិច្ចបារាំង។ ឯ​ធនាគារ​កណ្តាល​បារាំង​វិញ សំលឹង​ឃើញប្រទេស​មាន​​កំណើន​សេដ្ឋកិច្ច​វិជ្ជមាន​ តែ​​ស្តួច​ស្តើង​មែន​ទែន​។ ​​កំណើន​សេដ្ឋកិច្ច​បារាំងច្បាស់​ជា​​ចាប់​បន្ថយ​ល្បឿន ៖ ​០,៥%​នៃ​ផលិតផល​សរុប​ក្នុង​ស្រុក កាលពី​ត្រីមាស​ទីពីរ និង​អាច​ត្រឹម​០,២%​នៅ​ត្រីមាស​ទី​បី​ (ស្ថាប័ន​ជាតិ​នឹង​ចេញ​ផ្សាយ​តួលេខ​ពិត​នៅ​ថ្ងៃទី ៣០​វិច្ឆិកា​ខាង​មុខ)៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ