អានតួអត្ថបទ
ចិន-តៃវ៉ាន់

អ្នកជំនាញ៖ ចិន​នឹងបរាជ័យមិនអាចវាយគ្រប់គ្រងតៃវ៉ាន់ បើសិនមានការលូកដៃ​របស់​អាមេរិក និងជប៉ុន

ចិន​នឹង​មិនអាចជោគជ័យ​ក្នុងការ​ឈ្លានពាន​កាន់កាប់តៃវ៉ាន់ បើសិន​អាមេរិក​ចេញមុខ​ជួយ​ការពារកោះតៃវ៉ាន់។ តាម​ការវាយតម្លៃរបស់​វិទ្យាស្ថានដើម្បីយុទ្ធសាស្រ្តនិងការសិក្សា​អន្តរជាតិដែលមាន​ទីស្នាក់ការ​នៅទីក្រុង​វ៉ាស៊ីនតោន ​​ការឈ្លានពាន​ណាមួយរបស់​ចិន​ទៅលើ​កោះតៃវ៉ាន់​នឹង​ជួបបរាជ័យ ប៉ុន្តែ ជាមួយគ្នានោះ សង្រ្គាមឈ្លានពាន​តៃវ៉ាន់​នឹងធ្វើ​ឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវ​​ខាតបង់​យ៉ាងធ្ងន់ធ្ងរ។

ប្រព័ន្ធខែលមីស៊ីល​របស់អាមេរិក Patriot ត្រូវបាន​គេ​បាញ់​សាកល្បង​នៅក្នុង​សមយុទ្ធប្រចាំឆ្នាំ​របស់​តៃវ៉ាន់ នៅភាគខាងលិច​តៃវ៉ាន់
ប្រព័ន្ធខែលមីស៊ីល​របស់អាមេរិក Patriot ត្រូវបាន​គេ​បាញ់​សាកល្បង​នៅក្នុង​សមយុទ្ធប្រចាំឆ្នាំ​របស់​តៃវ៉ាន់ នៅភាគខាងលិច​តៃវ៉ាន់ AP - Anonymous
ផ្សាយពាណិជ្ជកម្ម

ប្រមូលផ្តុំទៅដោយក្រុមអ្នកជំនាញយោធា​អាមេរិក​​ វិទ្យាស្ថានដើម្បីយុទ្ធសាស្រ្ត និងការសិក្សា​អន្តរជាតិ (CSIS)កាលពីថ្ងៃ​ចន្ទ បានសិក្សា​ទៅលើ​សេណារីយ៉ូ​ចំនួន​២៤ ​ស្តីពី​លទ្ធភាពធ្វើ​សង្រ្គាមរបស់​ចិន​ដើម្បីឈ្លានពាន​កាន់កាប់តៃវ៉ាន់ ពីពេលនេះ រហូត​ដល់​ឆ្នាំ ២០២៦។

តាម​ការវាយតម្លៃ​របស់អ្នកជំនាញអាមេរិក តៃវ៉ាន់​នឹងអាច​ធ្លាក់ចូលក្នុងកណ្តាប់ដៃគ្រប់គ្រង​របស់​ចិនក្នុងរយៈតែ ៣ខែ បើសិន​គ្មានអាមេរិក​លូកដៃជួយតៃវ៉ាន់។ ផ្ទុយទៅវិញ ចិន​នឹង​មិនអាច​សម្រេច​ជោគជ័យ​ដើម្បីឈ្លានពាន​កាន់កាប់តៃវ៉ាន់ បើសិន​អាមេរិក​ចេញមុខ​ជួយការពារ។

កម្រិតជោគជ័យ​នៃ​ជំនួយអន្តរាគមន៍របស់​អាមេរិក​ទៀត​សោត ក៏អាស្រ័យ​ទៅលើ​ឆន្ទៈ​ប្រយុទ្ធ​របស់តៃវ៉ាន់ដើម្បីវាយបណ្តេញកងទ័ពចិន ហើយ​និង​ការបើកភ្លើងខៀវ​របស់​ជប៉ុន ដើម្បី​អនុញ្ញាត​ឲ្យ​អាមេរិកអាច​បើកការវាយប្រហារ​ចេញពីមូលដ្ឋានទ័ព​របស់អាមេរិក​នៅជប៉ុន។​​

តាមអ្នកជំនាញ នៅក្នុងសេណារីយ៉ូ​មួយដែលទំនងអាចកើតចេញរូបរាងច្រើនជាងគេ ​​ចិនអាចចាប់ផ្តើម​ដំបូង​គេ​ដោយ​ការបាញ់កម្ទេចទីតាំងសំខាន់ៗ​របស់​កងទ័ពជើងទឹក និង​កងទ័ពអាកាសរបស់តៃវ៉ាន់ ក្នុងរយៈពេល​តែប៉ុន្មានម៉ោង។ បន្ទាប់មក ចិន​អាច​បាញ់មីស៊ីល​បំផ្លាញ​នាវាដឹកយន្តហោះ​របស់អាមេរិក​ចំនួន២ នៅក្បែរតៃវ៉ាន់។ ចិន​នឹង​អាច​បាញ់​ពន្លិចផងដែរ នាវាចម្បាំងរបស់អាមេរិក ពី ១០ ទៅ​២០គ្រឿង ព្រមទាំងបើកការវាយប្រហារ​ទៅលើ​មូលដ្ឋាន​ទ័ព​របស់អាមេរិក​នៅជប៉ុន និង​នៅ​​កោះហ្គាំ Guam។

តាមការគន់គូរ​របស់​អ្នកជំនាញ ការវាយប្រហារ​របស់​ចិន​ទៅលើ​កប៉ាល់ចម្បាំងអាមេរិក និង​មូលដ្ឋានទ័ពអាមេរិក​នៅជប៉ុន​នឹង​មិនធ្វើ​ឲ្យចិនជោគជ័យក្នុងការឈ្លានពានកាន់កាប់​តៃវ៉ាន់ ព្រោះថា ក្រៅតែពីមានជំនួយវាយបក​របស់​នាវាមុជទឹក និង​យន្តហោះចម្បាំងអាមេរិកដែលប្រចាំការនៅមូលដ្ឋានទ័ពនៅជប៉ុន កងទ័ពថ្មើជើង​របស់តៃវ៉ាន់​នឹង​ដើរតួនាទីសំខាន់ ដើម្បីរង់​ចាំប្រយុទ្ធទប់ទល់​មិនឲ្យ​កងទ័ព​​ចិន​អាចឡើង​ដីគោក។​​​​

ជារួម ​អ្នកជំនាញរបស់​វិទ្យាស្ថាន​ដើម្បីយុទ្ធសាស្រ្ត និងការសិក្សា​អន្តរជាតិ បាន​​ទាញ​ការសន្និដ្ឋាន​២។ ទី១ នៅគ្រប់កាលៈទេសៈទាំងអស់ ចិន​មិនទទួល​ជោគជ័យ​នៅក្នុងប្រតិបត្តិការ​វាយចូលកាន់កាប់​តៃវ៉ាន់ បើសិន​អាមេរិក​លូកដៃអន្តរាគម។ ទី២ គ្រប់ភាគីដែលចូលរួម​ក្នុង​សង្រ្គាម​ដូចជា ចិន តៃវ៉ាន់ អាមេរិក និង​ជប៉ុន នឹង​ត្រូវ​ខាតបង់ធ្ងន់ធ្ងរ ដោយសារ​សង្រ្គាម ជាពិសេស ​អាមេរិក។ តាមអ្នកជំនាញ សង្រ្គាមឈ្លានពាន​តៃវ៉ាន់នឹងធ្វើ​ឲ្យ​អំណាច​របស់​​បក្ស​កុម្មុយនិស្ត​ចិនត្រូវ​រង្គោះរង្គើ ប៉ុន្តែ សម្រាប់​អាមេរិកឯណោះវិញ ការ​ខាតបង់​ដ៏ធ្ងន់ធ្ងរដោយសារ​ការលូកដៃ​ធ្វើសង្រ្គាមជួយការពារ​តៃវ៉ាន់ នឹង​ធ្វើ​ឲ្យ​​អាមេរិក​ជួបការលំបាក​ជាច្រើនឆ្នាំ។ តើ​ប្រជាជនអាមេរិក​នឹងយល់ព្រម​ឲ្យ​រដ្ឋាភិបាល​លូកដៃ​ជួយតៃវ៉ាន់ដែរឬទេ។ តើ​អាមេរិក​នឹង​អាច​ប្រើ​អាវុធនុយក្លេអ៊ែរ នៅក្នុងករណី​ប៉ះទង្គិចធ្វើសង្រ្គាមផ្ទាល់​ជាមួយចិន? នេះជា​សំណួរគ្មានចម្លើយ ​ដែលនៅតែអាថ៌កំបាំងសម្រាប់អ្នកជំនាញអាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ