អានតួអត្ថបទ
កូរ៉េខាងជើង-នុយក្លេអ៊ែរ

កូរ៉េខាង​ជើងបាញ់​​សាកល្បង​មីស៊ីល​បាលីស្ទិក​ពីរគ្រាប់ ទំនង​ដោយ​ប្រើ​ប្រព័ន្ធ​​ចំហេះ​ថ្មី

នៅថ្ងៃអាទិត្យ​ទី ១៨ ធ្នូ នេះ កូរ៉េខាង​ជើង ទំនង​ជា​បាន​បាញ់​សាកល្បង​មីស៊ីល​បាលីស្ទិករយៈ​ចម្ងាយ​​មធ្យម​ចំនួន​ពីរ​គ្រាប់។ ការ​សាកល្បង​នេះ​ប្រព្រឹត្ត​ទៅ​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​ព្យុងយ៉ាង​​បាន​ប្រកាស​ធ្វើ​តេស្ត​ប្រព័ន្ធមីស៊ីល​​ប្រើ​ចំហេះ​រឹង​សម្រាប់​អភិវឌ្ឍ​ប្រព័ន្ធ​សព្វាវុធ​ថ្មី​ បាន​សម្រេច​។

កូរ៉េខាង​ជើងបាញ់​​សាកល្បង​មីស៊ីល​បាលីស្ទិក​ពីរគ្រាប់ ទំនង​ដោយ​ប្រើ​ប្រព័ន្ធ​​ចំហេះ​ថ្មី​ ​​
កូរ៉េខាង​ជើងបាញ់​​សាកល្បង​មីស៊ីល​បាលីស្ទិក​ពីរគ្រាប់ ទំនង​ដោយ​ប្រើ​ប្រព័ន្ធ​​ចំហេះ​ថ្មី​ ​​ AP - Shin Jun-hee
ផ្សាយពាណិជ្ជកម្ម

មីស៊ីល​បាលីស្ទិករយៈ​មធ្យម​​ ពីរ​គ្រាប់​ មាន​ដំណើរផ្លូវ​ហោះ​ខ្ពស់​បំផុត និង​បាន​​ចម្ងាយ​ប្រមាណយ៉ាង​តិច​​ ៥០០​គីឡូម៉ែត្រ បាន​បាញ់​ចេញ​ពី​តំបន់​តុងចង់រី នៅថ្ងៃ​អាទិត្យ​នេះ​សំដៅ​ទិស​សមុទ្ទ​ខាង​កើត​ឬ សមុទ្ទ​ជប៉ុន នៅ​រវាង​ម៉ោង​១១និង​១៣​នាទី​ និង​ម៉ោង​១២​និង​៥នាទី ម៉ោង​នៅក្នុង​ស្រុក។ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​របស់​ទីបញ្ជាការ​អន្តរយោធា​កូរ៉េខាង​ត្បូង ដោយ​លម្អិត​ថា ភ្នាក់ងារ​ចារកិច្ច​​កូរ៉េខាង​ត្បូង និ​ងអាមេរិក វិភាគ​ការ​បាញ់​មីស៊ីល​នេះ ដើម្បី​អាច​វែក​រក​ពន្លឺ​ជុំ​វិញ​ព័ត៌មាន​ថ្មី​ស្តី​ពី​ការ​អភិវឌ្ឍន៍​មីស៊ីល​របស់​កូរ៉េខាងជើង។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ ព្យុងយ៉ាង​​ប្រកាស​សាកល្បង​បាន​ជោគជ័យ​ ម៉ាស៊ីន​ប្រើ​ចំហេះរឹង​ មាន​មហិទ្ធិរិទ្ធ​ខ្លាំង​ ដែល​ប្រព័ន្ធ​ឃោសនា​រដ្ឋ​ KCNA​ កូរ៉េខាង​ជើង ចាត់​ទុក​ជា​តេស្ត​ដ៏​សំខាន់​មួយ​ សម្រាប់​អភិវឌ្ឍ​ប្រព័ន្ធសព្វាវុធ​ប្រភេទ​ថ្មី។ មាន​ន័យ​ថា​ មីស៊ីលបាលីស្ទិក​ ​រយៈមធ្យម​បាញ់​នៅ​ថ្ងៃ​នេះ ជា​ការ​សាកល្បង​ប្រព័ន្ធមីស៊ីលបាលីស្ទិក​​ថ្មីដោយ​ប្រើ​ម៉ាស៊ីនមាន​ចំហេះ​រឹង​​ថ្មី​សាក​រួច​កាលពី​ថ្ងៃទី​១៥​ធ្នូ។ នេះ​បើ​តាមការ​សន្និដ្ឋាន​របស់​​អ្នក​ជំនាញ​កូរ៉េខាង​ត្បូង។

សូម​រំលឹក​ថា ការ​បាញ់​សាកល្បង​មីស៊ីលបាលីស្ទិក​អន្តរទ្វីប​របស់​​កូរ៉េខាង​ជើង​កន្លង​មក តែង​ប្រើ​ប្រព័ន្ធមីស៊ីល​បាលីស្ទិកចំហេះ​រាវ ដែល​ពិបាក​ធ្វើប្រតិបត្តិការ និង​ត្រូវ​ការ​ពេលវេលា​រៀប​ចំ​យូរ​មុន​នឹង​បាញ់​បង្ហោះ​បាន ជា​ហេតុ​ធ្វើ​ឱ្យសត្រូវ​អាច​ចាប់​សញ្ញា​និង​ងាយ​បំផ្លាញ​បាន។ ឯ​ប្រព័ន្ធមីស៊ីល​បាលីស្ទិក​​ប្រើ​ចំហេះ​រឹង ងាយស្រួល​ប្រើ និង​អាច​​ចល័តបាន​ ត្រូវ​ការ​ពេល​វេលា​រៀប​ចំ​ខ្លីជាង ហើយ​ពិបាក​ចាប់​សញ្ញា​ណាស់ បើ​មិន​ទាន់​ឆេះ។

ការ​អភិវឌ្ឍ​ប្រព័ន្ធមីស៊ីល​ចំហេះ​រឹងនេះ ជា​អាទិភាព​យុទ្ធសាស្ត្រដែល​​ប្រមុខ​ដឹកនាំកូរ៉េខាង​ជើង លោក គីម ជុងអ៊ុន​ បាន​បង្ហើប​ឱ្យ​ដឹង​កាលពី​​២០២១ ​ក្នុង​ការ​ឈាន​ឆ្ពោះ​ទៅ​ផលិត​មីស៊ីល​ទំនើបៗ ​អាច​បាញ់​ចេញ​ពី​ដី​គោកក៏​បាន ពី​ក្រោម​សមុទ្ធ​ក៏​បាន។ ទិសដៅ​នយោបាយ​ ២០២៣ ដែល​ទំនង​ជា​ឆ្នាំ​ប្រវត្តិសាស្ត្រសម្រាប់​លោក គីមជុងអ៊ុន ​នឹង​ត្រូវ​ប្រកាស​ចុង​ខែ​ធ្នូនេះ នា​ឱកាស​ជំនួប​ប្រជុំ​បក្ស មិនមែន​ក្នុង​សុន្ទរកថា​ថ្ងៃទី ១​មករា​ឆ្នាំ​ថ្មី​ ដូច​ទម្លាប់​មុនៗ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ