អានតួអត្ថបទ
ចិន-អាមេរិក

“បាឡុងចារកិច្ច” ប៉េកាំង​បដិសេធ​មិន​និយាយ​ទូរស័ព្ទ​ជាមួយ​អាមេរិក

រដ្ឋាភិបាល​ចិន បាន​បដិសេធ​មិន​ទទួល​សំណើ​អាមេរិក​កាលពីថ្ងៃសៅរ៍ សុំ​​ជជែកគ្នា​​តាម​ទូរស័ព្ទរវាង​​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អាមេរិក លោក ឡូយដ៍​ អូស្ទីន និង​សមភាគី​ចិន លោក វៃ ហ្វេងហេទេ។ ការ​បដិសេធ​បាន​ធ្វើឡើង​ក្រោយ​ពី​កងកម្លាំង​ Air Force អាមេរិក​បានបាញ់​ទម្លាក់​បាឡុង “ចារកិច្ច” បាន​បន្តិច។ នេះ​បើ​តាម​សេចក្តីជូន​ដំណឹង​របស់​ក្រសួងការពារ​ជាតិ​អាមេរិក​នៅថ្ងៃអង្គារ​ទី ៧​កុម្ភៈ២០២៣។

“បាឡុងចារកិច្ច” ប៉េកាំង​បដិសេធ​មិន​និយាយ​ទូរស័ព្ទ​ជាមួយ​អាមេរិក
“បាឡុងចារកិច្ច” ប៉េកាំង​បដិសេធ​មិន​និយាយ​ទូរស័ព្ទ​ជាមួយ​អាមេរិក REUTERS - RANDALL HILL
ផ្សាយពាណិជ្ជកម្ម

ដោយយល់អំពី​ភាព​សំខាន់ចាំបាច់​ដែលយោធា​ទាំងពីរ​ប្រទេសត្រូវ​និយាយ​គ្នា ក្នុង​ពេល​កំពុង​មាន​សភាព​តាន​តឹងខ្លាំង​ ​នៅថ្ងៃសៅរ៍ទី ៤ កុម្ភៈ​ ក្រោយ​ពី​បាន​បាញ់ បាឡុង​ “ចារកិច្ច” ​ទម្លាក់ភ្លាម ក្រសួងការពារ​ជាតិ​អាមេរិក បាន​រៀប​ចំ​សំណើ​​ទាក់ទង​តាម​ខ្សែ​ទូរស័ព្ទ​សុវត្ថិភាព រវាង​លោក​រដ្ឋមន្ត្រី ឡូយដ៍​ អូស្ទីន និង​សមភាគី​លោក​វៃ ហ្វេងហេ។ ប៉ុន្តែ​គួរ​ឱ្យ​សោកស្តាយ បក្ស​កុម្មុយនីស្ត​ចិន បដិសេធ។ នេះ​បើ​តាម​ការលម្អិត​​របស់​អ្នក​នាំពាក្យ​មន្ទីរ​បញ្ចកោណ Pat Ryder។

អ្នក​នាំពាក្យ​រូប​នេះ បានទទួល​ស្គាល់​ថា​ ការ​បដិសេធ​មិន​ឱ្យ​មាន​ការ​​ជជែក​​ថ្នាក់​រដ្ឋមន្ត្រី​ការពារ​ជាតិ​ បញ្ជាក់​ថា​ទំនាក់ទំនង​អាមេរិក​ចិន​ ពិត​ជា​ធ្លាក់​ស្រុត​ខ្លាំង​ណាស់​ ប៉ុន្តែ​អាមេរិក​សន្យា​នៅ​តែបន្ត​​បើក​ចំហ​បណ្តាញ​សម្រាប់​ទាក់ទង​គ្នា​ជា​និច្ច។

​ចំណែក​រដ្ឋាភិបាល​ចិនវិញ បាន​អះអាង​នៅ​​ថ្ងៃ​ចន្ទទី ៦​កុម្ភៈថា ការ​បាញ់​ទម្លាក់​បាឡុង​ ដែល​មាន​ភារកិច្ច​ស៊ីវិល ស្រាវជ្រាវ​ផ្នែក​អាកាសធាតុ ​ប៉ះពាល់​ធ្ងន់ធ្ងរ​​និងធ្វើ​ឱ្យ​ខូចខាតទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​​​ខ្លាំង​ណាស់។ ហើយនៅ​​ក្នុង​ថ្ងៃ​ដដែល​នោះ​ ​អាមេរិក​បាន​ប្រកាស​រើស​បាន​បំណែក​ខ្លះ​នៃ​បាឡុង​ចិន។ បើ​តាម​មន្ទីរ​បញ្ចកោណ បាឡុង​​ប្រវែង​៦០ម៉ែត្រ មាន​យោង​ ​ឧបករណ៍​ជា​បន្ទុកទម្ងន់​មួយ​តោន ដែលគេ​​មិន​ទាន់​ស្រង់​បាន​នៅ​ឡើយទេ។ អាមេរិក​គ្មាន​ចេតនា​ ​ប្រគល់បំណែក​បាឡុង​ទៅ​ឱ្យ​ចិន​វិញ​ឡើយ​ ព្រោះ​នេះ​ជា​ឱកាស​ល្អ​សម្រាប់​អាមេរិក ​សិក្សា ហើយ​នឹង​បាន​យល់​កាន់​តែច្បាស់​ពី​ឧបករណ៍​របស់​ចិន។ នេះ​បើ​តាមសំដី​របស់​​អ្នក​ទទួល​ខុស​ត្រូវ​អាមេរិក​ម្នាក់។

សូម​បញ្ជាក់​ថា​ឧប្បត្តិហេតុ​ “បាឡុងចារកិច្ច​”​ បាន​ជំរុញ​ឱ្យ​រដ្ឋមន្ត្រីការបរទេស​អាមេរិក លុប​ចោល​នៅ​នាទី​ចុងក្រោយ ដំណើរទស្សនកិច្ច​នៅក្រុង​ប៉េកាំង ដែល​មាន​កម្មវត្ថុ​ស្តារ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ។ ​​រដ្ឋបាល​លោក​បៃដិន ធានា​​ថា​នឹង​ត្រូវ​រៀប​ចំ​ទស្សនកិច្ចនេះ​ជា​ថ្មី​នៅ​ពេល​មាន​លក្ខខណ្ឌគ្រប់គ្រាន់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ