អានតួអត្ថបទ
បារាំង-អឺរ៉ុប-ចិន-សិទ្ធិមនុស្ស

សហភាពអឺរ៉ុប និងបារាំងបានសម្តែងក្តីបារម្ភពីបញ្ហាសិទ្ធិមនុស្សធ្លាក់ចុះខ្លាំងនៅចិន

ថ្ងៃ​សុក្រ ទី៧ មេសា​ជា​ថ្ងៃទី៣ និង​ថ្ងៃ​ចុង​ក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច​ប្រធានាធិបតី​បារាំង​លោក​អេម៉ានុយអែល ម៉ាក្រុង និង​ប្រធានគណៈកម្មការ​អឺរ៉ុប​លោកស្រី​អួរស៊ូឡា វ៉ុនឌែរ ឡេយែន​នៅ​ក្នុង​ប្រទេស​ចិន។ នៅ​ក្នុង​ជំនួប​ជាមួយ​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង លោក​ម៉ាក្រុង និង​លោកស្រី​វ៉ុនឌែរ ឡេយែន​បាន​លើក​យក​ប្រធានបទ​សំខាន់​ចំនួន​ពីរ​ទៅ​និយាយ ទី១ សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន និង​ទី២ បញ្ហា​សិទ្ធិមនុស្ស​នៅ​ចិន។

ប្រធានាធិបតី​បារាំង​លោក​អេម៉ានុយអែល ម៉ាក្រុង (រូបឆ្វេង) ​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង និងប្រធានគណៈកម្មការ​អឺរ៉ុប​លោកស្រី​អួរស៊ូឡា វ៉ុនឌែរ ឡេយែន​។
ប្រធានាធិបតី​បារាំង​លោក​អេម៉ានុយអែល ម៉ាក្រុង (រូបឆ្វេង) ​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង និងប្រធានគណៈកម្មការ​អឺរ៉ុប​លោកស្រី​អួរស៊ូឡា វ៉ុនឌែរ ឡេយែន​។ AP - Ludovic Marin
ផ្សាយពាណិជ្ជកម្ម

ជំនួប​ត្រីភាគី​ចិន បារាំង និង​សហភាពអឺរ៉ុប​បាន​ធ្វើ​ឡើង​នៅ​ក្រោយ​ជំនួប​ទ្វេភាគី​ចិន បារាំង។ តែ​ទោះ​ជា​នៅ​ក្នុង​ជំនួប​មួយ​ណា​ក៏​ដោយ សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​ជា​ប្រធានរឿង​មួយ​មិន​អាច​ខ្វះ​បាន។ ខណៈ​ដែល​ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​បាន​រំពឹង​លើ​ចិន​ឲ្យ​ជួយ​ស្វែង​រក​ដំណោះស្រាយ​ដើម្បី​បិទបញ្ចប់​សង្រ្គាម និង​កសាង​សន្តិភាព​មួយ​យូរ​អង្វែង ប្រធានគណៈកម្មការ​អឺរ៉ុប​លោកស្រី​អួរស៊ូឡា វ៉ុនឌែរ ឡេយែន​បាន​ព្រមាន​ចិន​ពី​ការ​ផ្តល់​អាវុធ​ឲ្យ​រុស្ស៊ី​ជា​យថាហេតុ។ ថ្លែង​នៅ​ក្នុង​សន្និសីទកាសែត​រួម​ជាមួយ​លោក​ម៉ាក្រុង និង​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង លោកស្រី​វ៉ុនឌែរ ឡេយែន​បាន​ថ្លែង​ថា សហភាពអឺរ៉ុប​រំពឹង​លើ​ចិន​មិន​ផ្តល់​អាវុធ​ឲ្យ​រុស្ស៊ី​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល។

ប្រធានគណៈកម្មការ​អឺរ៉ុប​រូប​នេះ​ដដែល​បាន​បន្ថែម​ដោយ​រម្លឹក​ជា​ទូទៅ​ថា ការ​ផ្តល់​អាវុធ​ឲ្យ​អ្នក​ឈ្លានពាន​គេ​ជា​រឿង​ផ្ទុយ​នឹង​ច្បាប់​អន្តរជាតិ ហើយ​បើ​ចិន​ហ៊ាន​ធ្វើ​ដូច​នេះ​មែន​នឹង​នាំ​ឲ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ដល់​ទំនាក់ទំនង​រវាង​ចិន និង​សហភាពអឺរ៉ុប។ ក្រៅ​ពី​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន បញ្ហា​សិទ្ធិមនុស្ស​នៅ​ចិន​ជា​រឿង​មួយ​មិន​អាច​ខ្វះ​បាន​សម្រាប់​ថ្នាក់ដឹកនាំ​បស្ចិមលោក និយាយ​ជា​រួម និង​សម្រាប់​សហភាពអឺរ៉ុប និយាយ​ដោយឡែក។ នៅ​ក្នុង​រឿង​សិទ្ធិមនុស្ស​នៅ​ចិន​នេះ លោកស្រី​វ៉ុនឌែរ ឡេយែន​បាន​សម្តែង​ក្តីបារម្ភ​ខ្លាំង​ពី​ស្ថានភាព​ជនជាតិ​ភាគតិច​អ៊ុយហ្គួរ​អ្នកកាន់​សាសនា​អ៊ីស្លាម​នៅ​ក្នុង​ខេត្ត​ស៊ីងជាំង។

លោកស្រី​វ៉ុនឌែរ ឡេយែន​យល់​ថា វា​ជា​រឿង​សំខាន់​ដែល​គេ​ត្រូវ​បន្ត​ជជែក​លើ​បញ្ហា​នេះ។ ពី​ចំណែក​ប្រធានាធិបតី​បារាំង លោក​ម៉ាក្រុង​មិន​បាន​ភ្លេច​និយាយ​ពី​រឿង​សិទ្ធិ​មនុស្ស​នៅ​ចិន​ដោយ​ត្រង់ៗ​ជា​មួយ​លោក​ស៊ី​ទេ។ តែ​លោក​ចង់​ឲ្យ​មាន​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​ធ្វើ​យ៉ាង​ណា កុំ​ឲ្យ​ភាគី​ម្ខាង​ចាត់​ទុក​ការ​លើក​របស់​ភាគី​ម្ខាង​ទៀត​ថា​ជា​ការ​ផ្តល់​មេរៀន។ គួរ​រម្លឹក​ថា ការ​លើក​ពី​បញ្ហា​ជនជាតិ​ភាគតិច​អ៊ុយហ្គួរ​ក៏​ព្រោះ​តែ​ក្រុម​អ្នកការពារសិទ្ធិមនុស្ស និង​ក្រុមអ្នកជំនាញ​អង្គការសហប្រជាជាតិ​បាន​អះអាង​ថា មាន​ពួក​អ៊ុយហួរ​យ៉ាង​តិច ១លាននាក់​ត្រូវ​បាន​រដ្ឋអំណាច​ចិន​ឃុំ​នៅ​ក្នុង​ជំរំ​លុតដំ ធ្វើ​ទារុណកម្ម​មួយ​ក្នុង​ខេត្ត​ស៊ីងជាំង។ តែ​ចិន​បាន​បញ្ជាក់​ច្រើន​ដង​ថា ជំរំ​នោះ​មិនមែន​ជា​ជំរំ​លត់ដំ​ទេ តែ​ជា​មជ្ឈមណ្ឌល​អប់រំ​វិជ្ជាជីវៈ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ