អានតួអត្ថបទ
ចិន-អ៊ុយហ្គួរ-សិទ្ធិមនុស្ស

ប្រទេស​ចំនួន​៤៣ ទាម​ទារ​ឲ្យ​ចិន​គោរព​សិទ្ធិ​ជន​ជាតិ​អ៊ុយហ្គួរ

នៅឯ​កិច្ច​ប្រជុំ​​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ទី២១​ តុលា​ម្សិលមិញ​ ប្រទេស​ចំនួន ៤៣ ដែល​ភាគច្រើន​ជា​ប្រទេស​លោក​ខាងលិច​បាន​រិះគន់​ចិន​ចំពោះ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​ជនជាតិ​អ៊ុយហ្គួរ​នៅ​តំបន់​ស៊ីនជាំង​។ តាម​រយៈ​សេក្តី​ថ្លែងការណ៍​រួម​មួយ​ ប្រទេស​ទាំង​នោះ​បាន​ទាមទារ​ឲ្យ​ចិន​គោរពសិទ្ធិ​ជនជាតិ​អ៊ុយហ្គួរ ​និង​ជនជាតិ​ភាគ​តិច​​ដទៃ​ទៀត​ដែល​រស់នៅ​រង​ការ​ធ្វើទារុណកម្ម​ និង​ការ​បង្ក្រាបពី​អាជ្ញាធរ​ចិន​។

Members of the Uyghur community rally against the Chinese government at the State Department on September 15, 2021 in Washington, DC
Members of the Uyghur community rally against the Chinese government at the State Department on September 15, 2021 in Washington, DC Kevin Dietsch GETTY IMAGES NORTH AMERICA/AFP
ផ្សាយពាណិជ្ជកម្ម

សេចក្តី​ប្រកាសទាមទារ​ដែល​ចុះហត្ថលេខាដោយ​សហរដ្ឋអាមេរិក ប្រទេស​​សហភាពអឺរ៉ុប​ និង​ប្រទេសអាស៊ីមួយចំនួន​ ព្រមទាំង​ប្រទេស​ផ្សេងទៀត​បាន​បណ្តាល​ឲ្យ​ទីក្រុង​បេកាំងផ្ទុះ​កំហឹងសាជាថ្មីទៀត​ទាក់ទង​សំណុំ​រឿងជនជាតិអ៊ុយហ្គួរ​។

នៅឯ​កិច្ចប្រជុំរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ប្រទេសទាំង ៤៣ បានចោទប្រកាន់ចិន​ពីបទ​រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ​ទៅលើ​ជនជាតិ​អ៊ុយហ្គួរ រួមមាន​ការ​ធ្វើទារុណកម្ម​ សកម្មភាពបង្ក្រាប​ និងការចាប់បង្ខំឲ្យក្រៀវជាដើម​។

តាមរយៈ​សេចក្តី​ថ្លែង​ការណ៍​រួមមួយ​ ក្រុមប្រទេសទាំងនោះ​បាន​អំពាវនាវ​ឲ្យ​ចិន​ឆាប់​អនុញ្ញាត​ឲ្យ​ក្រុម​អ្នកសង្កេតការណ៍​ឯករាជ្យ​ និង​ឧត្តមស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​អាចចូលទៅកាន់​តំបន់ស៊ីន​ជាំង​បាន​ដោយ​គ្មាន​ការរឹតត្បិតខ្លាំង​។

ក្រោយ​បាន​ស្តាប់​ឮ​ការ​ប្រកាស​ខាងលើ​ ទីក្រុងប៉េកាំង​បាន​បញ្ចេញ​ប្រតិកម្ម​តប​ដោយ​កំហឹង​ភ្លាម​មួយរំពេច​។ ឯក​អគ្គរដ្ឋទូតចិន​ប្រចាំ​អង្គការសហប្រជាជាតិ​លោក ចាង ជុន​ (Zhang Jun) បានបដិសេធ​យ៉ាងម៉ឺងម៉ាត់​នៅថ្ងៃព្រហស្បតិ៍​ដដែលនោះ​ ថា​ការ​លើកឡើង​របស់​ក្រុម​ទាំងជាង៤០ នោះ​ គឺជា​ពាក្យ​កុហកភូតភរ​ និង​ជាផែនការធ្វើឲ្យចិនរងគ្រោះ​។

ហើយ​ក៏ដូចសព្វមួយដងដែរ​ មន្ត្រីចិន​បាន​អះអាងថា​គ្មាន​ទង្វើ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ឡើយ​នៅស៊ីនជាំង​ ប៉ុន្តែ​ប្រជាជន​នៅទីនោះ​កំពុង​រស់នៅដោយ​រីករាយ​ចំពោះ​ការ​អភិវឌ្ឍន៍​ ពួកគេ​មាន​សេរីភាព​ ហើយមាន​មោទនភាព​ចំពោះ​ភាព​រីក​ចម្រើន​ក្នុង​តំបន់​។

ក្នុង​ពេលថ្លែង​ទៅកាន់​អ្នក​យកព័ត៌មាន​ ឯកអគ្គរដ្ឋទូតចិន​ប្រចាំអង្គការ​សហប្រជាជាតិ​ និយាយ​ថា​ប្រទេសចិន​មាន​ឆន្ទៈ​ក្នុងការ​បើកផ្លូវ​ទទួលស្វាគមន៍​ដំណើរទស្សនកិច្ច​ប្រកប​ដោយ​​មិត្តភាព​ នៅក្នុង​តំបន់​ស៊ីនជាំង។​ ប៉ុន្តែ​ចិន​មិនយល់ព្រមនោះទេ​ចំពោះ​ការ​ស៊ើប​អង្កេត​របស់​ឧត្តម​ស្នងការ​សិទ្ធិម​នុស្សនៃ​អង្គការសហប្រជាជាតិ​។

បន្ថែមលើនេះ​ មន្ត្រីរដ្ឋាភិបាលចិន​ក៏បាន​ឆ្លៀត​វាយ​បក​ប្រទេសលោកខាងលិចវិញដែរ​ពី​រឿង​រំលោភ​សិទ្ធិមនុស្ស​។ នៅក្នុង​សេចក្តីថ្លែងការណ៍មួយ​ ទីក្រុងប៉េកាំង​បាន​ចោទអាមេរិក​ពី​ “បទ​បោសសម្អាត​ជនជាតិ​ភាគតិច​” ប្រឆាំង​ជនជាតិ​ដើម​អាមេរិក​ និង​បាន​ចោទបារាំងផងដែរ​ថា​បាន​ប្រព្រឹត្ត​ “ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ​” នៅក្នុង​អតីត​អាណានិគម​របស់ខ្លួន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ