អានតួអត្ថបទ

ជប៉ុន៖នាយករដ្ឋមន្រ្តីត្រូវបានកម្លាំងសន្តិសុខជម្លៀសបន្ទាប់ពីមានសំឡេងផ្ទុះ

នៅ​ក្នុង​ប្រទេស​ជប៉ុន នាយករដ្ឋមន្ត្រី​លោកហ្វូមីអូ គីស៊ីដា​ត្រូវ​បាន​កម្លាំង​សន្តិសុខ​ជម្លៀស​ចេញ​ភ្លាមៗ​ដោយ​សុវត្ថិភាព បន្ទាប់​ពី​មាន​ការ​ផ្ទុះ​គ្រាប់បែក​ផ្សែង​ក្នុង​ថ្ងៃ​សៅរ៍ ទី១៥ មេសា។ ការ​ផ្ទុះ​នេះ​បាន​កើត​ឡើង​នៅ​ពេល​ដែល​លោក​គីស៊ីដា​កំពុង​ចូលរួម​នៅ​ក្នុង​វេទិកា​ឃោសនា​បោះឆ្នោត​រៀបចំ​នៅ​កំពង់ផែ​នេសាទ​មួយ​ក្នុង​តំបន់​វ៉ាកាយ៉ាម៉ា​ដែល​មាន​ចម្ងាយ​ប្រមាណ​ជា ៦៥គីឡូម៉ែត្រ​ពី​ទីក្រុង​អូសាកា។ មួយ​វិញ​ទៀត ឧប្បត្តិហេតុ​នេះ​បាន​កើត​មាន​ឡើង​ក្នុង​ពេល​ដែល​ជប៉ុន​កំពុង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ថ្នាក់រដ្ឋមន្រ្តី​នៃ​ក្រុម​ប្រទេស G៧។

នៅជប៉ុន នាយករដ្ឋមន្រ្តីត្រូវបានកម្លាំងសន្តិសុខជម្លៀសបន្ទាប់ពីមានសំឡេងផ្ទុះ ថ្ងៃទី១៥ មេសា ២០២៣។
នៅជប៉ុន នាយករដ្ឋមន្រ្តីត្រូវបានកម្លាំងសន្តិសុខជម្លៀសបន្ទាប់ពីមានសំឡេងផ្ទុះ ថ្ងៃទី១៥ មេសា ២០២៣។ AP
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​កំពង់ផែ​នេសាទ​ក្នុង​តំបន់​វ៉ាកាយ៉ាម៉ា​ដែល​នាយករដ្ឋមន្ត្រី​ជប៉ុនលោក​ហ្វូមីអូ គីស៊ីដា​ត្រូវ​ឡើង​ថ្លែង​សុន្ទរកថា​ដើម្បី​គាំទ្រ​បេក្ខជន​ម្នាក់​របស់​គណបក្ស​លោក​សម្រាប់​ការ​បោះឆ្នោត​សភា​មួយ​ភាគ​នា​ពេល​ខាង​មុខ។ តែ​មុន​នឹង​ឡើង​ថ្លែង​សុន្ទរកថា លោក​គីស៊ីដា​បាន​ចូលរួម​ភ្លក់អាហារ​ប្រចាំ​តំបន់ និង​ដែល​នៅ​ពេល​នោះ មាន​ស្នូរ​ផ្ទុះ​មួយ​បាន​លាន់​ឮ​ឡើង​ដោយ​មាន​ផ្សែង​ពណ៌ ស។ តាម​មធ្យោបាយ​ឃោសនា​មហាជន​ក្នុង​ស្រុក ស្នូរ​ផ្ទុះ​នោះ​ជា​គ្រាប់បែក​ផ្សែង​ដែល​ជនដៃ​ដល់​បាន​គប់​សំដៅ​លើ​លោក​គីស៊ីដា។ ភ្លាមៗ លោក​គីស៊ីដា​ត្រូវ​បាន​ក្រុម​អ្នក​ការពារ​ជម្លៀស​ខ្លួន​ចេញ​ដោយ​សុវត្ថិភាព។

ព្រឹត្តិការណ៍​មួយ​នេះ​មិន​បាន​បណ្តាល​ឲ្យ​មាន​អ្នក​ស្លាប់ និង​របួស​ឡើយ។ ចំណែក​ជន​ដៃដល់​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​ភ្លាមៗ​ដែល​ជា​បុរស​វ័យ ២៤ឆ្នាំ។ តែ​គេ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ដែល​ជនដៃដល់​រូប​នេះ​បាន​ធ្វើ​នៅ​ឡើយ​ទេ។ ក្រោយ​ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល និង​ភ័យ​ស្លន់ស្លោ​នេះ លោក​គីស៊ីដា​មិន​បាន​ផ្អាក​សកម្មភាព​ឃោសនា​បោះឆ្នោត​របស់​លោក​ទេ។ គួរ​បញ្ជាក់​ថា ឧប្បត្តិហេតុ​មួយ​នេះ​នាំ​ឲ្យ​គេ​នឹក​ឃើញ​ដល់​ឃាតកម្ម​បាញ់​សម្លាប់​អតីត​នាយករដ្ឋមន្រ្តី​លោក​ស៊ីនហ្សូ អាបេ​កាល​ពី​ខែ​កក្កដា ឆ្នាំ ២០២២។ កាល​ណោះ គឺ​ក្នុង​ពេល​ដែល​លោក​អាបេ​កំពុង​ឈរ​ថ្លែង​សុន្ទរកថា​ឃោសនា​បោះឆ្នោត។

តាំង​ពី​ពេល​នោះ​មក កម្លាំង​ប៉ូលិស​បាន​បង្កើន​វិធានការ​ការពារ​ចំពោះ​ថ្នាក់ដឹកនាំ។ គួរ​បញ្ជាក់​ថា ជប៉ុន​ជា​ប្រទេស​មួយ​ដែល​អំពើហិង្សា​នយោបាយ​កម្រ​កើត​មាន​ណាស់។ អ្វី​ជា​ការ​កត់សម្គាល់ ព្រឹត្តិការណ៍​ថ្មី​ក្នុង​ថ្ងៃ​សៅរ៍ ទី១៥ មេសា​នេះ​បាន​កើត​ឡើង ចំ​ពេល​ដែល​ជប៉ុន​កំពុង​រៀបចំ​កិច្ចប្រជុំ​ថ្នាក់រដ្ឋមន្រ្តី​បរិស្ថាន និង​ការបរទេស​នៃ​ក្រុម​ប្រទេស​មហាអំណាច​ឧស្សាហកម្ម​ទាំង ៧ ក្នុង​លោក​ហៅកាត់ G៧ នា​ចុង​សប្តាហ៍​នេះ។ បន្ទាប់​មក​នៅ​ពាក់​កណ្តាល​ខែ​ឧសភា​ខាង​មុខ ជប៉ុន​នឹង​បន្ត​រៀបចំ​កិច្ចប្រជុំកំពូល​នៃ​ប្រមុខរដ្ឋ និង​ប្រមុខរដ្ឋាភិបាលG៧ នៅ​ទីក្រុង​ហ៊ីរ៉ូស៊ីម៉ា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ